• ម្ចាស់​ជំ​នួយ និង​ថ្នាក់​ដឹក​នាំ​​ចំ​បាប់​ថា ក្រុម​​យុវ​​ជន​​កាន់​​តែ​​រីក​​ចម្រើន​​ខាង​​បច្ចេក​ទេស
    កីឡាផ្សេងៗ 6 years ago 85 Views

    ព្រឹត្តិការណ៍​​ប្រកួត​កីឡាចំបាប់​ជ្រើស​រើស​ជើង​ឯក​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ និង​ក្រោម​២៣​ឆ្នាំ ប្រចាំ​ឆ្នាំ​២០១៥ ដែល​បាន​បញ្ចប់​នៅ​សាល​ដំបូល​ទូក កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ កន្លង​មក​នេះ វា​មិន​ត្រឹម​តែ​ផ្តល់​ស្នាម​ញញឹម​ដល់​អ្នក​លេង​ចំបាប់នៅ​​ទូ​ទាំង​ប្រទេសប៉ុណ្ណោះ ប៉ុន្តែ​ សកម្ម​ភាព​ប្រកួត និង​លទ្ធផល​ដែល​ទទួល​បាន​ពី​​ការ​ប្រកួត​នេះ​បាន​ធ្វើ​ឲ្យម្ចាស់​ជំនួយ និង​ថ្នាក់​ដឹក​នាំ​កីឡា​ចំបាប់ បាន​មើល​ឃើញ និង​មាន​ការ​ជឿ​ជាក់ពី​ការ​​រីក​ចម្រើន​ប្រកប​ដោយ​បច្ចេក​ទេស​របស់​ក្រុម​ចំបាប់​វ័យ​ក្មេង​ ដែល​អាច​ជួយ​ឲ្យ​កម្ពុជា ទទួល​បាន​លទ្ធ​ផល​ធំ ក្នុង​ការ​ប្រកួតស៊ីហ្គេម ឆ្នាំ​២០២៣។
    3
    2
    4
    1
    លោក Casey Barnett  ជា​អ្នក​ប្រធាន​​ទី​១​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​ជា​នាយក​វិទ្យាស្ថាន​ខេមអេដ ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន ដើម្បី​បន្ត​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​នេះ បាន​ឡើង​ថ្លែង​ក្នុងពិធី​បិទ​ការ​ប្រកួត កាល​ពី​ថ្ងៃ​ចន្ទ ទាំង​ទឹក​មុខ​ញញឹម​ថា៖​«ចំបាប់ ជា​ប្រភេទ​កីឡា​​ប្រពៃណី​របស់​ខ្មែរ ហេតុ​នេះ​ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​ខ្លាំង​ណាស់ ដែល​បាន​ចូល​រួម​ជួយ ចំបាប់​ខ្មែរ»។

    ក្នុង​នាម​ជា​មនុស្ស​ម្នាក់ ដែល​ធ្លាប់​ហាត់​ចំបាប់​នៅ​សហរដ្ឋអាមេរិក​តាំង​នៅ​ក្មេង​មក​នោះជន​ជាតិ​អាមេរិក ​លោក Casey បាន​គូ​ស​បញ្ជាក់​ថា៖​«ការ​ហាត់​ចំបាប់​ធ្វើ​ឲ្យ​មនុស្ស​​ចេះ​តស៊ូ​ក្នុង​ឆាក​ជីវិត ហើយតាម​​រយៈ​នៃ​ការ​ប្រកួត​លើក​នេះ ខ្ញុំ​សូម​កើន​សរសើរ​ដល់​កីឡាករ កីឡាការិនី​ទាំង​អស់ ដែល​បាន​ខិតខំ​ហ្វឹក​ហាត់ ព្រោះ​ខ្ញុំ​សង្កេត​ឃើញ​ថា អ្នក​ទាំង​អស់​គ្នា​មាន​បច្ចេក​ទេស​កើន​ឡើង គឺមាន​​ការ​កើន​ឡើង​ពី​១​ឆ្នាំ​ទៅ​១​ឆ្នាំ ហេតុ​នេះ​ខ្ញុំ​សូម​អញ្ជើញ​អ្នក​ទាំង​អស់​គ្នាមក​ប្រកួត​នៅ​ឆ្នាំ​ក្រោយ​ទៀត»។

    ចំណែក​លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ NOCC និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី​បិទ​ការ​ប្រកួត​នោះ​ថា៖«តាម​រយៈ​នៃ​ការ​ប្រកួត​នេះយើង​មើល​ឃើញ​ពី​ភាព​រីក​ចម្រើន​លើ​បច្ចេក​ទេស​របស់​កីឡាករ កីឡាការិនី ដែល​បាន​ចូល​រួម​ប្រកួត​លើក​នេះ ហេតុ​នេះ​សូម​គ្រូៗទាំង​អស់​បន្ត​ការ​បង្ហាត់ឲ្យ​កាន់​តែ​បានល្អ​ថែម​ទៀត ព្រោះ​ចំបាប់ ជា​ប្រភេទ​កីឡា​ដ៏​មាន​សក្តានុពល ដែល​ត្រូវ​ដាក់​ចូល​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ»។
    5
    6
    7
    8
    9
    សម្រាប់​ការ​ប្រកួតកីឡាចំបាប់​ជ្រើស​រើស​ជើង​ឯក​យុវជន លើក​ទី​៤ ឆ្នាំ​២០១៥​នេះ មានអត្ត​ពលិក​ចូល​រួម​ចំនួន​១៥៥​នាក់(ស្រី​២០នាក់) ដោយ​ពួក​គេ​លេង​តំណាង​ក្លិប-សមាគម​​ចំនួន​១១ ហើយ​តាម​រយៈ​ការ​ប្រកួត​​​ប្រជែង​ចំនួន​១៩​វិញ្ញាសា​នោះ ​ ក្រុម​កីឡា​ចំបាប់​​របស់​ក្លិប​ម៉ឺន​ឯក រក​បាន​មេដាយ​មាស​ច្រើន​ជាង​គេ​គឺ​​​មេដាយ​មាស៤ ប្រាក់​៥ និង​សំរិទ្ធ​៦​ដោយ​ទទួល​បាន​ប្រាក់​រង្វាន់ជា​ក្រុម​​១​លាន​រៀល។ ចំណែក​ចំណាត់​ជា​ក្រុម​លេខ​២​បាន​ទៅ​ក្លិប​ចំបាប់​ភ្នំពេញ ​ដោយ​ឈ្នះ​មេដាយ​មាស​៣ ប្រាក់​៥ និង​សំរឹទ្ធ​៥ និង​​បាន​ប្រាក់​រង្វាន់​៨០​ ម៉ឺន​រៀល ខណៈ​ក្លិប​រិទ្ធីសែន ​ជាប់​លេខ​៣​ដោយឈ្នះ​មេដាយ​មាស​២ និង​សំរឹទ្ធ​៤ និង​​​បាន​ប្រាក់​​៤០​ម៉ឺន​រៀល។

    ចំពោះ​​ជ​យលាភីឯកត្ត​ជន មេដាយ​មាស​ បាន​ប្រាក់​​២០​ម៉ឺន​រៀល ​ប្រាក់​​បាន​១២​ម៉ឺន​រៀល និង​មេដាយ​សំរឹទ្ធ​ ​បាន​​​១០​ម៉ឺន​រៀល។​ លើស​ពី​នេះ​លោក Casey បាន​​ជួយ​ឧបត្ថម្ភ​ដល់​ក្លិប​​មួយ​ៗ​​​ចំនួន​៨០​ម៉ឺន​រៀល​ថែម​ទៀត​ លើ​ការ​ចំណាយ​សម្រាប់​ការ​ធ្វើ​ដំណើរ ស្នាក់​នៅ និងការ​ហូប​ចុក ហើយ​លោក Casey បាន​​ប្រាប់​បន្ថែម​ក្រោយ​ពិធី​បិទ​ការ​ប្រកួត​​ថា៖​«​​សម្រាប់​ការ​ប្រកួត​​ជើង​ឯក​យុវជន លើក​ទី​៥ ឆ្នាំ​២០១៦ យើង​អាច​នឹង​ដាក់​ឲ្យ​មាន​ការ​ប្រកួត​លើ​ប្រភេទ​ចំបាប់​ទំនើប ក្រិច​កូរ៉ូម៉ាំង បន្ថែម​ទៅ​លើ​ការ​ប្រកួត​ចំបាប់​បុរាណ​នេះ ដើម្បី​ធ្វើ​ការ​បណ្តុះ​ថ្នាល​​ឲ្យ​បាន​ច្រើន សម្រាប់​ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៣»៕

  • Loading...
  • Recent Posts