• Banner Banner Banner Banner Banner Banner
  • សុខ ​សុវណ្ណ​ មិន​បារម្ភ​ពេលជួប​ ផាន់ ​គ្រាន់
    កីឡាផ្សេងៗ 7 years ago 119 Views

    អ្នក​ប្រដាល់ ផាន់ គ្រាន់ ត្រូវ​ឡើង​ជម្រះ​បញ្ជី​ចាស់​ជាមួយ សុខ សុវណ្ណ ក្នុង​ព្រឹត្តិការណ៍​កំពូលអ្នក​ប្រដាល់​ស្រាបៀរលីអូ ទម្ងន់​៦០​គីឡូ​ក្រាម នៅ​លើ​សង្វៀន​ស៊ីធីអិន នា​រសៀល​ថ្ងៃសៅរ៍ ខាង​មុខ​នេះ រីឯ ឆាយ មាស ក៏ត្រូវ​​ជួប នឿន សាវឌី ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ។

    សម្រាប់​ការ​ប្រកួតវិល​ជុំ​៤​លើក​កន្លង​មក​នេះ ផាន់ គ្រាន់ បាន​ឈ្នះ​ផ្តួល នឿន សាវឌី ទឹក​៣ ចាញ់ពិន្ទុ ឡៅ ចន្ទ្រា មុន​ឈ្នះ​ពិន្ទុ ខុន ស៊ីចាន់ និង ឆាយ មាស។ រីឯ សុខ សុវណ្ណ បាន​ឈ្នះ​គ្រប់​ការ​ប្រកួត​ទាំង​អស់ គឺ​​​ឈ្នះ​ ឆាយ មាស យស់ សំអាល់ ផ្តួល ជ័យ ប៊ុនសង់ ទឹក​៣ និង​ នឿន សាវឌី ក្នុង​ទឹក​ទី​២។

    កីឡាករ៖ សុខ សុវណ្ណ (ឆ្វេង)  និង ផាន់ គ្រាន់​(ស្តាំ)

    កីឡាករ៖ សុខ សុវណ្ណ (ឆ្វេង) និង ផាន់ គ្រាន់​(ស្តាំ)

    បន្ថែម​លើ​នេះសម្រាប់​ការ​ប្រកួត​ក្រៅ​ផ្លូវ​ការ​ចំនួន​៣​ដង​កន្លង​មក សុខ សុវណ្ណ ធ្លាប់​បាន​យក​ឈ្នះដោយ​ពិន្ទុ​លើ ផាន់ គ្រាន់ ចំនួន​២​ដង​ បន្ទាប់​ពី​រូប​គេ​ចាញ់ពិន្ទុ គ្រាន់ ជា​លើក​ដំបូង នៅ​សង្វៀន​បាយ័ន នោះ ហើយលទ្ធ​ផល​នេះ​សិស្ស​គណ​ក្លិប​កង​ពល​តូច​លេខ​៣១ សុខ សុវណ្ណ   នៅ​តែ​មាន​ការ​ជឿ​ជាក់​​ក្នុង​ការ​យក​ឈ្នះ ផាន់ គ្រាន់ របស់​ក្លិប​ព្រះខ័នរាជម្តង​ទៀត ក្នុង​ការ​ប្រកួត​លើក​នេះ។

    សុខ សុវណ្ណ បាន​ប្រាប់ថា៖​«ខ្ញុំ​នៅ​តែ​មាន​ការ​ជឿ​ជាក់ និង​សង្ឃឹម​ឈ្នះ​លើ​គេ​៧០​ភាគ​រយ​ដដែល ព្រោះ​សម្រាប់​ការ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់​នេះ ​ខ្ញុំ​ខំ​ហ្វឹក​ហាត់​ណាស់ ហើយ​ម្យ៉ាង​ទៀត ខ្ញុំ​ក៏​ធ្លាប់​យក​ឈ្នះ​គេ​២​ដង​​មក​ហើយ​ដែរ ហេតុ​នេះខ្ញុំ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ពេញ​ទំហឹង​តែ​ម្តង សម្រាប់​ការ​ជួប​គេ​លើក​នេះ»។

    ផ្ទុយ​ទៅ​វិញ​លោក ផាន់ ផាណាត គ្រូ​បង្វឹក​របស់ ផាន់ គ្រាន់ ​បាន​​ប្រាប់​ថា៖​«វា​ពិបាក​ក្នុង​ការនិយាយពី​លទ្ធ​ផល​​ទុក​មុន​បាន​ណាស់ ព្រោះ​ពួក​គេ​ធ្លាប់​ឈ្នះ​​​ចាញ់​គ្នា​ទៅ​វិញ​ទៅ​មក ហេតុ​នេះ​​មាន​តែ​ចាំ​មើល​ការ​ប្រកួត​ផ្ទាល់​របស់​ពួក​គេ​ទាំង​អស់​គ្នា។ ទោះ​បី​ជា​យ៉ាង​ណា ផាន់ គ្រាន់ បាន​ហាត់​ពេញ​ល្អ​ណាស់ ហេតុ​នេះ​គេ​មិន​អាច​ភ្លាត់ ដោយ​ការ​ចាញ់ សុខ សុវណ្ណ នៅ​ក្នុង​ទឹក​ណា​មួយ​បាន​នោះ​ឡើយ គឺ​ការ​​ឈ្នះ​ចាញ់​របស់​អ្នក​ទាំង​២​នេះ មាន​លក្ខណៈស្វិត​ស្វាញ និង​​លំបាក​ដូច​គ្នា»។​

    ដោយ​ឡែក​ ឆាយ មាស មក​ពីក្លិប​សំរោង​កោង​ខេត្ត​បាត់ដំបង ដែល​៤​ប្រកួត​ឈ្នះ​១ និង​ចាញ់​៣​ដង​នោះ ត្រូវ​ធ្វើ​ការ​ប្រកួត​ជាមួយ​កីឡាករ​មិន​ដែល​ស្គាល់​រស​ជាតិ​ឈ្នះ នឿន សាវឌី ​ក្លិប​អេភូថង​កីឡា ហើយ​ការ​ជួប​គ្នា​របស់​អ្នក​ទាំង​២​ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឿន សាវឌី អាច​នឹង​ឈរ​វាយ​បាន​៥​ទឹក​ពេញ​ជាមួយ ឆាយ មាស បើ​សិន​ជា​​គេ មានភាព​អំណត់​ក្នុង​ការ​ប្រកួត​នោះ ព្រោះកម្រិត​សមត្ថ​ភាព​របស់ ឆាយ មាស មិន​លើស​ខ្វះ​គ្នា​ជាមួយ​គេ​នោះ​​ឡើយ ដ្បិត​អី​​អ្នក​ទាំង​២​នេះ ធ្លាប​បាន​​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ K cement នៅត្រឹម​វគ្គ​ជម្រុះ​តាម​ពូល​ដូច​គ្នា៕

  • Loading...
  • Recent Posts