• Banner Banner Banner Banner Banner Banner
  • ជ្រើស​រើស​ក្មេង​កំព្រា ​ត្រៀម​ទៅ​ប្រ​កួតរ​ត់​ល្បឿន​នៅ​តៃវ៉ាន់
    កីឡាផ្សេងៗ 7 years ago 114 Views

    ក្មេងៗ​ប្រុស​ស្រី មក​ពី​អង្គការ​ចំនួន​៥ ដែល​មាន​មូល​ដ្ឋាន​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​ប្រមូល​ឲ្យ​មក​ធ្វើ​តេស្ត​​លើ​ការ​រត់​ល្បឿន ដើម្បី​ជ្រើស​រើស​អ្នក​មាន​សមត្ថ​ភាព​ចំនួន​៦​នាក់ យក​ទៅ​ហ្វឹក​ហាត់​បន្ថែម សម្រាប់​ត្រៀម​ចេញ​ទៅ​ប្រកួត Mini Olympic for Orphans ដែល​នឹង​រៀប​ចំ​ឡើង​នៅកោះ​​តៃវ៉ាន់ នា​អំឡុង​ខែ​តុលា។

    លោក ស៊ុំ ស្រ៊ន ជា​អ្នក​សម្រប​សម្រួល​ក្នុង​កម្ម​វិធីនេះ​បាន​ប្រាប់ថា៖​«​នេះ​ការ​ធ្វើ​តេស្ត​លើក​ទី​១ សម្រាប់​ជ្រើស​​រើស​យក​ក្មេង​ៗ​មាន​សមត្ថ​ភាព​ចំនួន​៦នាក់ ដើម្បី​ចូល​រួម​ហ្វឹក​ហាត់ នៅ​ក្រោយ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ខ្មែរ រហូត​ដល់ខែ​តុលា ឆ្នាំ​២០១៤ ហើយ​បន្ទាប់​មក​យើង​នឹង​ធ្វើ​តេស្ត​ជា​លើក​ទី​២ នៅ​ក្នុង​ចំណោម​អ្នក​ទាំង​៦ ដោយ​ចម្រាញ់​យក​​តែ​៤​នាក់​ប៉ុណ្ណោះ(​ស្រី​២ និង​ប្រុស​២​នាក់) សម្រាប់​ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Mini Olympic for Orphans នៅតៃវ៉ាន់ នា​​អំឡុង​ខែ​តុលានោះ»។

    cambosport-race

    សម្រាប់​ការ​ធ្វើ​តេស្តលើក​ទី​១ នៅពហុកីឡដ្ឋានជាតិ កាល​ពីព្រឹក​​ថ្ងៃអង្គារ ដើម​សប្តាហ៍​នេះ មាន​អង្គការ​ចំនួន​៥​ បាន​នាំ​ក្មេង​មក​ប្រកួត​ប្រជែង​ ដោយ​ក្នុង​នោះ​មាន​អង្គការ Happy Land អង្គការ CPCDO អង្គការ Happy Tree អង្គការ UNACAS និង អង្គការ Jasmine ដែល​សរុប​មាន​អ្នក​ប្រកួត​ចំនួន​២៥​នាក់ ក្នុង​នោះ​មាន​ស្រី​១០នាក់។

    នៅ​ក្នុង​ការ​ប្រកួត​រត់​ល្បឿន​ចម្ងាយ​៨០​ម៉ែត្រ​នោះ បានកំណត់​យក​ក្មេង​ប្រុស​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ពី​លេខ​១ដល់​លេខ​៣ និង​ក្រុម​ក្មេង​ស្រី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ដល់​លេខ​៣​ដូច​គ្នា សម្រាប់យក​ទៅ​ហ្វឹត​ហាត់​បន្ត ហើយ​ជា​លទ្ធ​ផល​នៃ​ការ​ប្រកួត​នោះ​កុមារា សរ ស័ក្តសិទ្ធិ ទទួល​បាន​លេខ​១​ជាមួយ​ថិវវេលា ១០.៨៣ វិនាទី រីឯ ខុន ប៉េងលី ទទួល​បាន​លេខ​២ដោយ​ប្រើ​ពេល ១១.១៣​វិនាទី ខណៈ ខុន ប៉េងឡុង ទទួល​បាន​លេខ​៣​​ជាមួយ​ការ​ប្រើ​ពេល ១១.៥៤​ វិនាទី។

    ចំណែកផ្នែក​នារី​វិញ​កុមារី យ៉ន សួស្តី ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ដោយ​ចំណាយ​ពេល ១២.៧៣ ​វិនាទី លេខ​២ ​បាន​ទៅ​លើ​កុមារី ទ្រុយ សុគមន៍ស្រីដាណែត ជាមួយ​ការ​ប្រើ​ពេល ១៣.០៥​ វិនាទី ហើយ​កុមារីទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ លន់ ស្រីម៉ៅ បាន​ប្រើថិវេលា ១១.៥៤​ វិនាទី។

    ទាក់​ទង​ទៅនឹង​ការ​ចំណាយ​ទៅ​ការ​ហ្វឹក​ហាត់ និង​ការ​ចេញ​ទៅ​ប្រកួត​នេះលោក ស៊ុំ ស្រ៊ន បាន​​បញ្ជាក់​ថា៖​«សម្រាប់​ការចំណាយ​ទៅ​លើ​ការ​ចេញ​ទៅ​ប្រកួត​ ទាំង​ការ​ស្នាក់​នៅ ការ​ហូក​ចុក ការ​ធ្វើដំណើរ និង​ការ​ទំនាក់​ទង​ទៅ​ខាង​អ្នក​រៀប​ចំ​នៃ​ព្រឹត្តិការណ៍ Mini Olympic for Orphans គឺ​បាន​ខាង​អង្គការ​មួយ​សម្រាប់​មួយ​កម្ពុជា(One-2-One CAMBODIA) ជា​អ្នក​រ៉ាប់​រង​ទាំង​អស់ ប៉ុន្តែ​សម្រាប់​ការ​ចំណាយ​ទៅ​លើ​ការ​ហ្វឹក​ហាត់ និង​ការ​ជួល​គ្រូ​មក​ជួយ​បង្ហាត់ក្មេងៗ​ទាំង​នេះ យើង​មិន​ទាន់​រក​បាន​អ្នក​ជួយ​ឧបត្ថម្ភ​នោះ​ទេ ហើយ​នេះ​ជា​បញ្ហា​ដែល​យើង​កំពុង​ជួប​ប្រទះ»៕

  • Loading...
  • Recent Posts