• Banner Banner Banner Banner Banner Banner
  • ៧ម​ករា ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​ជួប​កង្វល់​ ខណៈ​ Sabay​ ហក់​ឡើង​ខ្លាំង
    កីឡាផ្សេងៗ 7 years ago 142 Views

    ក្រុម​ខ្លាំង ៧​មករា ​បាន​ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ Khmer United A កំពុង​តែ​ប្រឈម​ទៅ​នឹង​ការ​​បាត់​បង់​ឱកាស ក្នុង​ការឡើង​ទៅ​ប្រកួត​ជា​បន្ត​ទៀត ក្នុង​ព្រឹត្តិការណ៍​ប្រកួត​​ដណ្តើម​​ពាន​រង្វាន់​​ខ្មែរ​រៀលអ៊ីស្ទេត លើក​​ទី​៣ ឆ្នាំ​២០១៤ (Khmer Real Estate Cup 2014) ប៉ុន្តែ​Sabay FC បានហក់​ឡើង​​ខ្លាំង ខណៈ​សមា​ជិក​៤​ក្រុម​ផ្សេង​ទៀត​ដែល​​ឈរ​នៅ​ពូល​B​ជាមួយ​គ្នា មិន​បាន​ប្រកួត​ដោយសារ​​បញ្ហ​ទីលាន​លិច​ទឹក​នោះ។​

    ការប្រកួតរបស់ក្រុម Khmer United A (ពណ៌ស) និងក្រុម៧មករា

    ការប្រកួតរបស់ក្រុម Khmer United A (ពណ៌ស) និងក្រុម៧មករា

    ​សម្រាប់​ការ​ប្រកួត ដែល​ធ្វើ​នៅ​ទី​លាន​ដំរីស ​អូរ​បែក​ក្អម ក្រុមមិន​ដែល​ស្គាល់​រស​ជាតិ​ចាញ់​​៧មករា បាន​​បំបាក់​ក្រុម​ម្ចាស់​ផ្ទះ Khmer United A ក្នុង​លទ្ធ​ផល ៤-១ សម្រាប់​ការ​ប្រកួត​លើក​ទី​៤​របស់​ក្រុម​ទាំង​២ កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​លទ្ធ​ផល​នេះ​បាន​ជួយ​ឲ្យ​៧​មករា នៅ​តែ​បន្ត​ឈរ​នៅ​លើ​កំពូល​តារាង​ប្រចាំ​ពូល​A​ជា​បន្ត​ទៀត ដោយ​មាន​១២ពិន្ទុ​នៅ​ក្នុង​ដៃ ខ្ពស់​ជាង​​គេ​ទាំង​អស់។

    ប៉ុន្តែ​ការ​ឈ្នះ​របស់​៧​មករា បាន​រុញ​ទម្លាក់​ក្រុម​ដែល​ធ្លាប់​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​ប្រចាំ​ពូល​​នេះ Khmer United A ឲុ្យមក​ឈរ​នៅ​លេខ​រៀង​ទី​៥​វិញ​ម្តង ហើយ​ការ​មាន​៦​ពិន្ទុ​ តាម​រយៈ​ការ​ឈ្នះ​២ និង​ចាញ់​២​ប្រកួត កំពុង​ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​អាច​នឹង​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​នេះ បើ​សិន​ជា​​ការ​ប្រកួត​៣​លើក​ចុង​ក្រោយ Khmer United A នៅ​តែ​មិន​អាច​រក​ពិន្ទុ​បន្ថែម​បាន​នោះទេ។

    ផ្ទុយ​ទៅ​វិញ​ក្រុម​​ខ្លាំង​អាកាសចរណ៍​ស៊ីវិល ដែល​ធ្លាប់​ចាញ់​៧មករា ៣-២ សម្រាប់​ការ​ប្រកួត​លើក​ទី​៣​នោះ បាន​ពង្រឹង​ភាព​រឹង​មាំ​របស់​ខ្លួន​វិញ​ហើយ ព្រោះ​ការ​ប្រកួត​លើក​ទី​៤​នេះ អាកាសចរណ៍​ស៊ីវិល បាន​យក​ឈ្នះ​លើ​ក្រុម​បាតតារាង ​ម្ទេស​ខ្មាំង ក្នុង​លទ្ធ​ផល ៤-១ ហើយ​ការ​រក​បាន​៣​ពិន្ទុ​បន្ថែម​នេះ​បាន​ធ្វើ​ឲ្យអាកាសចរណ៍​ស៊ីវិល ឡើង​មក​ឈរ​នៅ​លេខ​រៀង​ទី​២​វិញ ដោយ​មាន​៩​ពិន្ទុ​។

    ចំណែក​ក្រុម​ RFL និង​ក្រុម Y FC បាន​ចែក​គ្នា​ម្នាក់​១​ពិន្ទុ សម្រាប់​ការ​ប្រកួត​លើក​ទី​៤​របស់​ក្រុម​ទាំង​២ ព្រោះ​ក្រុម​ទាំង​២​នេះ​ បាន​ត្រឹម​​ស្មើគ្នា ២-២ ហេតុ​នេះ RFL នៅ​តែ​ឈរ​នៅ​លេខ​រៀង​ទី​៣ លើ Y FC  ដដែល បើ​ទោះ​បី​ជា​ពួក​គេ​មាន​៧​ពិន្ទុ​ស្មើ​គ្នា​ក៏​ដោយ ដោយ​សារ​តែ RFL មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង។ រីឯ​​ក្រុម​មិន​ដែល​ស្គាល់​រស​ជាតិ​ឈ្នះ​ Heng Asia បាន​ទទួល​១​ពិន្ទុ​ជា​លើក​ដំបូង ដោយ​សារ​ពួក​គេ​បាន​ស្មើ ២-២ ជា​មួយ​ក្រុម Goodhill។

    ដោយ​ឡែក​សម្រាប់​ការ​ប្រកួត​ប្រចាំ​ពូល​B ដែល​ធ្លាប់​ធ្វើ​នៅ​ទី​លាន​ដុនបូស្កូ ក្បែរ​វត្ត​សំរោង​អណ្តែត​នោះ គឺ​មិន​អាច​​ធ្វើ​ការ​ប្រកួត​បាន​ទេ ដោយ​ទី​លាន​នេះ​លិច​ទឹក​ភ្លៀវ ហើយ​ការ​ប្តូរមក​លេង​នៅ​ទីលាន​កង​ទ័ព​​អាកាស នៅ​ពោធិ៍ចិនតុង ក៏​មិន​អាចឲ្យ​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​នេះ រៀបចំ​ការ​ប្រកួត​​បាន​គ្រប់​ទាំង​៤​គូ​នោះ​ដែរ គឺ​គណៈកម្មការ បាន​លើក​ពេល​ការ​ជួប​គ្នា​របស់​កូន​ខ្មែរ និង​ខ្លាស ការ​ជួប​គ្នា​របស់ Khmer United B និង​​ក្រុម​ទួល​សង្កែ ទៅ​លេង​នៅ​ថ្ងៃ​ទី​២០ ខែមេសា ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ។

    ចំណែក​២​ក្រុម​ទៀត ដែល​មិន​បាន​លើក​ពេល​នៃ​ការ​ប្រកួត​នោះគឺ​ក្រុម Sabay FC  ​បាន​យក​ឈ្នះ​លើ​ក្រុម​  Makara ក្នុង​លទ្ធ​ផល ៤-៣ កាល​ពី​ថ្ងៃ​អាទិត្យ​នោះ ហើយ​លទ្ធ​ផល​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​មួយ​នេះ ​ហក់​ឡើង​មក​ឈរ​នៅ​លេខ​រៀង​ទី​២​ប្រចាំ​ពូល​Bដ៏​គួរ​ឲ្យ​កត់​សម្គាល់​ដោយ​មាន​៨​ពិន្ទុ​ក្នុង​ដៃ។ រីឯ​​ក្រុម​កំពុង​ឈរ​នៅ​លើ​កំពូល​តារាង EZECOM បាន​ត្រឹម​ស្មើ​ ១-១ ជាមួយ​​ក្រុម​ឈរ​នៅ​លេខ​រៀង​ទី​៣ AMRU៕

  • Loading...
  • Recent Posts