• Banner Banner Banner Banner Banner Banner
  • យ៉េន ឌីណា វាយ​ឲ្យ​ថៃ​លើក​ទង់​ស​ ខណៈ ​កេន​យ៉ា​ ចាញ់​ពិ​ន្ទុ ​ង៉ែត្រ រដ្ឋា
    កីឡាផ្សេងៗ 7 years ago 136 Views

    អ្នក​ប្រដាល់​ យ៉េន ឌី​ណា របស់​ក្លិប​អប្សរា​គុន​ខ្មែរ នៅ​តែ​​ជា​ជើង​ខ្លាំង ដែល​មិន​ស្គាល់​រស​ជាតិ​ចាញ់​កីឡាករ​បរទេស​ សម្រាប់​ការ​ប្រកួត​ក្នុង​ស្រុកដដែល បន្ទាប់​ពី​រូប​គេបាន​​ទាត់​បង្ខំ​ឲ្យ​កីឡាករ​ថៃ Pongthong Sarayuth សុំ​ចុះ​ចាញ់ ក្នុង​ការ​ជួប​គ្នា​ជា​លើក​ដំបូង នៅ​លើ​សង្វៀនប៉ុស្តិ៍​លេខ​៣ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ រីឯ ង៉ែត្រ រដ្ឋា បាន​ធ្វើ​ឲ្យ​អ្នក​ប្រយុទ្ធ​មក​ពី​កេនយ៉ា Leonard Ngan Gar ចាញ់​​យ៉ាង​អស់​ចិត្ត។

    រូបភាពៈ ការប្រកួតរបស់ ង៉ែត្រ រដ្ឋា (ក្រហម) និងកីឡាករកេនយ៉ា Leonard Gnan Gar

    រូបភាពៈ ការប្រកួតរបស់ ង៉ែត្រ រដ្ឋា (ក្រហម) និងកីឡាករកេនយ៉ា Leonard Gnan Gar

    ​នៅ​ក្នុង​ការ​ប្រកួត​នេះ Pong Thong Sarayuth​ ដែល​ធ្លាប់​​ទាត់ និង​បុក​ជង្គង់​ឲ្យ​កីឡាករ​កម្ពុជា ​អាំង សំអាត សុំ​ចុះ​ចាញ់​នៅ​ទឹក​ទី​២ មុន​ពេល​រូប​គេ​មក​ចាញ់​ក្រោម​ទម្ងន់​ជើង សំរឹទ្ធ សុភាព វិញ​នោះ បាន​​ធ្វើ​ឲ្យ យ៉េន ឌីណា ជួប​ការ​លំបាក​ភ្លាមៗ ជាមួយ​ការ​ម៉ាត់​ចេញ​ផ្ទួនៗ​របស់​គេ ប៉ុន្តែ​ការ​វាយ​មិន​ចំ​គោល​ដៅ​​ពេញ មិន​បាន​ធ្វើ​ឲ្យ យ៉េន ឌីណា ដួល ឬ​មាន​ការ​ខ្លាច​រអា​នោះ​ឡើយ។

    ផ្ទុយ​ទៅ​វិញ ​ឈាន​ចូល​ទឹក​ទី​២ យ៉េន ឌីណា បាន​ទាត់​ប្តូរ​ជាមួយ​ការ​ចូល​ម៉ាត់​របស់ Sarayuth បាន​យ៉ាង​ល្អ ហើយ​នៅ​ពេល​កីឡាករ​ថៃ​ម្នាក់​នេះជម្នះ​ក្នុង​ការ​ចូល​ម៉ាត់​មក​​លើ​ពោះ​របស់​គេ​នោះ ឌីណា បាន​ទាត់​ស្កាត់​ចូល​ថ្គាម​ខាង​ស្តាំពេញ​ទំហឹង បណ្តាល​ឲ្យ Sarayuth ដួល​ផ្កាប់​មុខ​ទៅ​លើ​រេញ និង​ត្រូវ​បាន​លោក​អាជ្ញា​កណ្តាល​រាប់​ភ្លាមៗ

    ថ្វី​បើ Sarayuth ខំ​ប្រឹង​ជម្នះ​ការ​ឈឺ​ចាប់ ដើម្បី​ម៉ាត់​សង​ចំពោះ​ការ​វាយ​សង្រ្គប់​យ៉ាង​ខ្លាំង​របស់ យ៉េន ឌីណា ប៉ុន្តែ​ការ​ទាត់​មួយ​ជើង​ចំ​ថ្គាម​ស្តាំ​ដដែល​ នៅ​មុន​សំឡេង​ស្នូរ​ជួង​ទឹក​​ទឹក​ទី​២​នេះបានបន្លឺ​ឡើង បាន​ធ្វើ​ឲ្យថ្គាម​ស្តាំ​របស់ Sarayuth មាន​របួស​ជា​ទម្ងន់ រហូត​កីឡាករ​ថៃ​ម្នាក់​នេះ​សម្រេច​ចិត្ត បោះ​បង់​ការ​ប្រកួត ដោយ​គេ​មិន​បាន​ចូលប្រកួត​នៅ​ទឹក​ទី​៣​ទៀត​នោះ​ឡើយ។​

    cambosport-boxing1

    ដោយឡែក ង៉ែត្រ រដ្ឋា ដែល​មិន​ធ្លាប់​បាន​ឡើង​ប្រកួត​ជាមួយ​កីឡា​ករបរទេស​ទាល់​តែ​សោះ​នោះ  បែរ​ជា​បាន​ទាត់​កីឡាករ​កេនយ៉ា   Leonard Ngan Gar ឡើង​ចង់​ទ្រម​ខ្លួន សម្រាប់​ការ​ទទួល​បាន​ឱកាស​ប្រកួត​អន្តរ​ជាតិ ជា​លើក​ដំបូងរបស់​គេ នៅ​ថ្ងៃ​​ថ្ងៃ​អាទិត្យ​នោះ​ដែរ។

    ថ្វី​បើ Leonard មាន​ចលនា​វាយ​ចេញ​បាន​លឿន ទាំង​ការ​ទាត់ ម៉ាត់ និង​វាយ​កែង ប៉ុន្តែ រដ្ឋា ហាក់​មើល​ដឹង​មុន​ពី​ការ​វាយ​ចេញ​របស់ Leonard ព្រោះ​រាល់​ការ​ព្យាយាម​ចូល​វាយ​សម្រុក​របស់ Leonard ត្រូវ​បាន រដ្ឋា ទប់ និង​ទាត់​ស្កាត់​ចូល​ពេញៗ ហើយ​​ការ​ទាត់​ខ្ពស់ៗ​នេះ បាន​ធ្វើ​ឲ្យ​កីឡាករ​កេនយ៉ាម្នាក់​នេះ​ចង់​គាំងម្តងៗ​ទៅ​ហើយ សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ទឹក​ទី​៣។

    ប៉ុន្តែ Leonard ដែល​ធ្លាប់​ចាញ់ ឃីម ឌីម៉ា ឈ្នះ វង្ស ណយ ​ចាញ់ សារឿន ចាន់ និង ពុទ្ធ ហ៊ុច នោះ នៅ​តែ​​ព្យាយាម​វាយ​បក​សង​ទៅ​លើ ង៉ែត្រ រដ្ឋា រហូត​ចប់​៥​ទឹក​ពេញ បើ​ទោះ​បី​ជា​រូប​គេ​បាន​ចាញ់​ប្រៀប ង៉ែត្រ រដ្ឋា ៥​ទឹក​ពេញ​ក៏​ដោយ។

    ដោយឡែក សម្រាប់​ការប្រកួត​រវាង​ខ្មែរ ​និង​ខ្មែរ​វិញកីឡាករ ឡេះ តើក បាន​យក​ឈ្នះ​ ចៅ វិ​រៈ ដោយ​ពិន្ទុ​។ ​ចំណែក ​ម៉ន ភី​រម្យ នៅ​តែមិន​អាច​យក​ឈ្នះ​លើ ឈិ​ត ង៉ុ​យ បាន​ដដែល គឺ​រូប​គេ​ត្រូវ​បាន ​ឈិ​ត ង៉ុ​យ ​វាយ​ឲ្យ​​សន្លប់​នៅ​ក្នុង​ទឹក​ទី​៤ ខណៈ យ៉​ន វិចិត្រ បាន​ផ្តួល ចាន់ គង់រិ​ទ្ធ ឲ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​៤៕

  • Loading...
  • Recent Posts