ក្លិបធំៗ៤នៅ Bundesliga សន្យាជួយផ្នែកហិរញ្ញវត្ថុដល់គូប្រកួតរបស់ខ្លួន

1 week ago​ | ដោយ V-Dr

ក្លិបចំនួន៤ក្នុងចំណោមក្លិបកីឡាបាល់ទាត់ធំៗបំផុតរបស់អាល្លឺម៉ង់ បានសន្យាផ្តល់ប្រាក់២០លានអឺរ៉ូ (ស្មើនឹង២២លានដុល្លារអាមេរិក) ដើម្បីជួយដល់គូប្រកួតក្នុងក្របខ័ណ្ឌ Bundesliga ដែលជួបប្រទះបញ្ហាហិរញ្ញវត្ថុ អំឡុងពេលនៃវិបត្តិជំងឺកូរ៉ូណា។ នេះបើយោងទៅតាមលីកកីឡាបាល់ទាត់អាល្លឺម៉ង់ (DFL) កាលពីថ្ងៃព្រហស្បតិ៍។

ក្លិប Bayern Munich, Borussia Dortmund, Bayer Leverkusen និង RB Leipzig ដែលសុទ្ធសឹងបានឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលនេះ បានបញ្ជាក់ថា ពួកគេនឹងបង្កើតមូលនិធិ សម្រាប់ក្លិបជួបវិបត្តិក្នុងក្របខ័ណ្ឌកំពូលទាំង២របស់អាល្លឺម៉ង់ ដែលត្រូវបានរៀបចំឡើងដោយ DFL។ លោក Christian Seifert ប្រធានលីកកីឡាបាល់ទាត់អាល្លឺម៉ង់ បានឲ្យដឹងថា៖ «ការសម្រេចចិត្តនេះ បង្ហាញថា សាមគ្គីភាពមិនមែនមិនមានក្នុងក្របខ័ណ្ឌ Bundesliga ឡើយ។ DFL ពិតជាថ្លែងអំណរគុណដល់ក្រុមដែលលេងក្នុងក្របខ័ណ្ឌ Champions League ទាំង៤នេះ»។

ក្លិបទាំង៤ នឹងផ្តល់ប្រាក់ចំនួន១២,៥លានអឺរ៉ូដូចគ្នា ពីចំណូលដែលពួកគេរកបានពីការលក់សិទ្ធិផ្សាយបន្តផ្ទាល់តាមទូរទស្សន៍នៅរដូវកាលក្រោយ និងបន្ថែមទឹកប្រាក់៧,៥លានអឺរ៉ូទៀត ពីប្រាក់ផ្ទាល់ខ្លួនរបស់ពួកគេ។ លីកកីឡាបាល់ទាត់ផ្ទាល់របស់អាល្លឺម៉ង់ នឹងទទួលខុសត្រូវសម្រាប់ការកាត់សេចក្តីទៅលើចំនួនទឹកប្រាក់ដែលនឹងត្រូវបែងចែក ក្នុងចំណោមក្លិបស្ថិតក្នុងក្របខ័ណ្ឌកំពូលទាំង២៕

កែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.