អ្នកគ្រប់គ្រងក្លិបឃ្លាំងមឿង ជំរុញឲ្យកីឡាករ ចេញរកការងារធ្វើ ដើម្បីជួយគ្នា ក្នុងគ្រា មានអាសន្ន

1 week ago​ | ដោយ V-Dr

អ្នកគ្រប់គ្រងក្លិបឃ្លាំងមឿនកីឡា លោកស្រី សុខា បានជំរុញឲ្យកីឡាករនៅក្នុងក្លិបរបស់ខ្លួន ចេញទៅរកការងារធ្វើ ដើម្បីទទួលបានប្រាក់កម្រៃខ្លះ យកមកជួយផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃជុំគ្នា នៅក្នុងអំឡុងពេលការប្រកួតប្រដាល់គ្រប់សង្វៀន ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារការរីករាលដាល់ឥតឈប់ឈរនៃជំងឺឆ្លងកូវីដ១៩។

លោកស្រី សុខា ដែលភរិយាគ្រូប្រដាល់ជើងចាស់ លោក សុខ វិជ័យ បាននិយាយថា៖«ខ្ញុំជួលទីតាំងហ្វឹកហាត់ក្នុងមួយខែជាង២០០ដុល្លារ ហើយការប្រកួតកន្លងមក បានជួយឲ្យកីឡាករហូបចុកស្នាក់នៅ ទឹកភ្លើងសមល្មម ប៉ុន្តែនៅពេលគេបិទការប្រកួតអ៊ីចឹង ខ្ញុំជំរុញឲ្យពួក ទៅរកការងារធ្វើ ព្រោះពួកគេភាគច្រើន គ្មានផ្ទះ និងជាកូនកំព្រា ហេតុនេះនៅតែបន្តរស់នៅក្នុងក្លិបជាធម្មតាសិន»។

ស្រ្តី ដែលតែងតែភ្ជាប់ខ្លួនជាមួយប្រដាល់ ទាំងការគ្រប់គ្រងការហ្វឹកហាត់របស់កីឡការ និងការទស្សនាការប្រកួតផ្ទាល់ នៅសង្វៀន CNC លោកស្រី សុខា បានបញ្ជាក់ថា៖«ខ្ញុំមានកីឡាករប្រហែល១០នាក់ ប៉ុន្តែឥឡូវពួកគេ រកបានការងារសំណង់ខ្លះ និងការងារជាពលកម្មជាជាងតម្លើងសុលឡាបានខ្លះហើយ ដូច្នោះទំនងអាចបន្តការស្នាក់នៅ ជាបណ្តោះអាសន្នបាន»។

ក្លិបឃ្លាំងមឿងកីឡា គឺជាក្លិបដែលត្រូវបានបង្កើតឡើងដោយគ្រូប្រដាល់ជើងចាស់ លោក សុខ វិជ័យ តាំងពីខែសីហា ឆ្នាំ២០០៤ ហើយក្លិបដែលមានមូលដ្ឋានខណ្ឌឬស្សីកែវ គឺភាគច្រើនបានប្របែប្រមូលក្មេងៗ ដែលញៀនថ្នាំ ឲ្យចូលមកហ្វឹកហាត់ប្រដាល់ ដើម្បីកែប្រែខ្សែជីវិតរបស់ពួកគេ។

ទោះបីជាយ៉ាងណា លោក សុខ វិជ័យ បានសម្រេចចិត្តឈប់ពីអាជីពមួយនេះ បន្ទាប់ពីគាត់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ កាលពីឆ្នាំ២០១៩។ ការសម្រេចចិត្តឈប់របស់គាត់ បានធ្វើឲ្យការងារគ្រប់បែបយ៉ាងនៅក្នុងក្លិបឃ្លាំងមឿនកីឡា ត្រូវធ្លាក់មកលើអ្នកស្រី សុខា ដែលជាប្រពន្ធ ជាអ្នកគ្រប់គ្រង ខណៈបច្ចុប្បន្ន កីឡាករ វ៉ាន់ វឿន និង ពុយ វណ្ណៈ មានភាពលេចធ្លោរខ្លាំងជាងគេ នៅក្នុងក្លិបមួយនេះ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.