មន្ត្រី IOC ថា ការពន្យារពេលអូឡាំពិក គឺជារឿងដែលជៀសមិនរួច

2 weeks ago​ | ដោយ V-Dr

លោក Dick Pound មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បាននិយាយកាលពីថ្ងៃចន្ទថា ការពន្យារពេលព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូនៅឆ្នាំនេះ បច្ចុប្បន្នគឺជារឿងដែលជៀសមិនរួច ខណៈដែលពិភពលោកកំពុងតែរងនូវការវាយប្រហារពីការរាតត្បាតរបស់ជំងឺកូរ៉ូណា។

IOC បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា អង្គភាពនេះ នឹងរង់ចាំរយៈពេល៤សប្តាហ៍ទៀត នៅមុនពេលប្រកាសពីការសម្រេចចិត្តរបស់ខ្លួនទៅលើជោគវាសនារបស់ព្រឹត្តិការណ៍អូឡាំពិក ដែលនឹងចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៩ ខែសីហា ស្របពេលដែលមានការអំពាវនាវជាច្រើនឲ្យពួកគេកំណត់យកកាលបរិច្ឆេទថ្មី។ ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Pound ជឿជាក់ថា IOC ដែលបានច្រានចោលចំពោះការលុបចោលព្រឹត្តិការណ៍នេះ បច្ចុប្បន្ន កំពុងតែពិចារណាទៅលើការពន្យារពេល។

លោក Pound បានបញ្ជាក់ប្រាប់ AFP ថា៖ «ការយល់ឃើញរបស់ខ្ញុំទៅលើទំនាក់ទំនងរបស់ IOC គឺថា ពួកគេមិនចង់លុបចោលឡើយ ហើយពួកគេគិតថា ពួកគេមិនអាចបន្តជាមួយឹនងកាលបរិច្ឆេទថ្ងៃទី២៤ ខែកក្កដា បានឡើយ។ ហេតុនេះ អ្នកនឹងសម្លឹងមើលពាក្យថា ពន្យារពេល»។ លោកបានបន្ថែមទៀតថា៖ «ពួកគេនឹងព្យាយាមស្វែងរកជម្រើសផ្សេងៗជាមួយនឹងភាគីជប៉ុន ហើយបន្ទាប់មក ជាមួយនឹងរាល់ពាក់គីពាក់ព័ន្ធទាំងអស់ សហព័ន្ធអន្តរជាតិ គណៈកម្មាធិការអូឡាំពិកជាតិ និងអត្តពលិក»៕

កែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.