ពេជ្រ ម្ទេសខ្មាំង ធ្លាក់ពីការប្រកួតខ្សែក្រវាត់ ក្រោយស៊ីឡាក់ អេ ណារ័ត្ន មិនបានសម្រេច

2 weeks ago​ | ដោយ V-Dr

កីឡាករជើងខ្លាំងជំនាញទាំងប្រដាល់សកល និងសេរី ពេជ្រ ម្ទេសខ្មាំង បានធ្លាក់ចេញពីការប្រកួតដណ្តើមខ្សែក្រវាត់មាស នៅលើសង្វៀន PNN ដ៏គួរឲ្យភ្ញាក់ផ្អើល ខណៈរូបគេបានមកចាញ់ក្មេងជំនាន់ក្រោយ អេ ណារ័ត្ន នៅក្នុងការប្រកួតវគ្គ៨នាក់ ដណ្តើមយកខ្សែក្រវាត់ប្រាក់ កាលពីថ្ងៃអាទិត្យ។

សម្រាប់ការប្រកួតបិទទ្វារគ្មានអ្នកទស្សនា កាលពីម្សិលមិញនោះ ពិធីករ យ៉ុង ម៉ុងហាក់ របស់សង្វៀន PNN បានព្រលយការព្យាករណ៍ថា ការប្រកួតគូនេះ មិនអាចដល់ចប់៥ទឹកនោះទេ ហើយលោក មើលឃើញថា ពេជ្រ ម្ទេសខ្មាំង មានបទពិសោធល្អជាង អេ ណារ័ត្ន ដាច់ពេក ហើយអ្នកទស្សនាផ្សេងទៀត ក៏បានយល់ឃើញបែបនេះដូចគ្នា។

ប៉ុន្តែតាមរយៈការប្រកួតជាក់ស្តែងនោះ ពេជ្រ ម្ទេសខ្មាំង មិនបានបង្ហាញភាពខ្លាំងរបស់ខ្លួន ដូចការប្រកួតមុនៗនោះទេ គឺរូបគេ ស្ទើរតែគាំងក្រោមទម្ងន់ដៃ និងការវាយសន្ធាប់របស់ អេ ណារ័ត្ន តាំងពីទឹកទី២។ បន្ថែមលើនេះ កណ្តាប់ដៃពិឃាតរបស់គេ ដែលធ្លាប់តែធ្វើឲ្យគូប្រកួតសន្លប់ ដោយមិនដឹងខ្លួននោះ ក៏ហាក់មានភាពស្រាលផងដែរ នៅពេលគេម៉ាត់ទៅលើ អេ ណារ័ត្ន នោះ។

ចំណែកចលនាចេញចូលរបស់ ពេជ្រ ម្ទេសខ្មាំង ក៏មិនរហ័សរហួនដូចមុន ហើយអ្វីដែលគួរឲ្យគត់សម្គាល់នោះ ម្ទេសខ្មាំង បានដួលជាបន្តបន្ទាប់ គឺសូម្បីរូបគេទាត់ត្រូវ អេ ណារ័ត្ន ក៏ដួលខ្លួនឯងដែរ។ ជាមួយនឹងស្ថានភាពប្រកួតនេះ ម្ទេសខ្មាំង ដែលអស់ជំហរការពារខ្លួន ហើយទ្របទៅលើខ្សែរេញនោះ ត្រូវបាន អេ ណរ័ត្ន វាយកែងស្តាំ ចំកញ្ចឹងកពីក្រោយ បណ្តាលឲ្យរូបគេដួលសន្លប់ក្រោកលែងរួច នៅត្រឹមពាក់កណ្តាលទឹកទី៣។

ការសន្លប់នោះ បានធ្វើឲ្យមានការគិតផ្សេងៗគ្នាថា អេ ណារ័ត្ន អាចនឹងត្រូវគណៈកម្មការ និងចៅក្រមសម្រេចឲ្យចាញ់ ព្រោះរូបគេបានវាយចំកន្លែងហាមឃាត់របស់គូប្រកួត ប៉ុន្តែក្រោយការបង្ហាញរូបភាពជាវីដេអូយឺតៗ២ទៅ៣ដង ឃើញថា ណារ័ត្ន វាយចូលកញ្ចឹងករបស់ ម្ទេសខ្មាំង មិនធ្ងន់ប៉ុន្មានទេ។

ក្រោយការពិនិត្យ និងពិភាក្សាគ្នាប្រមាណ៥នាទី លោកអាជ្ញាកណ្តាលបានលើកដៃ អេ ណារ័ត្ន ឲ្យទទួលបានជ័យជម្នះ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ប្រាក់ អមដោយទឹកប្រាក់៤លានរៀល នឹងមានឱកាសឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់មាស។ ការសម្រេចនេះ គឺបានច្រានចោលការចង់ស៊ីឡាក់របស់ ពេជ្រ ម្ទេសខ្មាំង ពីការធ្វើជាសន្លប់នេះ ហើយអ្នកគាំទ្រក៏បានរិះគន់ពីការធ្លាក់ចុះនៃសមត្ថភាពរបស់ ពេជ្រ ម្ទេសខ្មាំង ផងដែរ។

ប្រភពពីមន្រ្តីបច្ចេកទេសបានប្រាប់ឲ្យថា ការសម្រេចឲ្យ អេ ណារ័ត្ន ទទួលបានជ័យជម្នះនេះ ដោយសារតែគេបូកបញ្ចូលពីសមត្ថភាពប្រកួត មុនពេលកើតហេតុការវាយថែមកន្លែងហាមឃាត់នេះ គឺមានន័យថា ពេជ្រ ម្ទេសខ្មាំង បានបង្ហាញភាពទន់ជ្រាយ ក្រោយការវាយប្រហាររបស់ អេ ណារ័ត្ន ហើយគាប់ជួន ណារ័ត្ន វាយចំកន្លែងហាមឃាត់ ក៏ធ្វើជាសន្លប់ទៅ ដើម្បីចង់ស៊ីឡាក់។

យ៉ាងណាក៏ដោយ សម្រាប់ហេតុការណ៍នេះ វាមិនបណ្តាលឲ្យមានភាពឆោឡោ នៅសង្វៀនផ្ទាល់នោះទេ ព្រោះវាជាការប្រកួតបិទទ្វារ ដែលមានអ្នកចូលរួមក្រោម៥០នាក់ ហើយនេះក៏ជាថ្ងៃប្រកួតចុងក្រោយផងដែរ មុនពេលសង្វៀនទាំងអស់ នៅកម្ពុជា ត្រូវបានផ្អាកការប្រកួតជាបណ្តោះអាសន្ន ទៅតាមការសម្រេចរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជា ដើម្បីចូលរួមទប់ស្កាត់ និងបង្ការជំងឺឆ្លងកូវីដ១៩ គឺរហូតស្ថានការណ៍វិលមករកភាពប្រសើរវិញ ទើបអាចរៀបចំការប្រកួតជាថ្មី៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.