ម្ចាស់សង្វៀនប្រដាល់ចំនួន៤ សុំបន្តការប្រកួតបិទទ្វារ តែ២សង្វៀនទៀត សម្រេចពន្យារ តាមសំណើរបស់សហព័ន្ធ

2 weeks ago​ | ដោយ V-Dr

ម្ចាស់សង្វៀនប្រដាល់តំណាងឲ្យស្ថានីយទូរទស្សន៍ចំនួន៤ មានបាយ័ន CNC អាស៊ីអាគ្នេយ៍ និង PNN បានសុំឲ្យមានការប្រកួតប្រដាល់ជាធម្មតា សម្រាប់សប្តាហ៍នេះ ប៉ុន្តែជាលក្ខណៈការប្រកួតបិទទ្វារ គ្មានអ្នកទស្សនាផ្ទាល់ ចំណែកសង្វៀនថោន និងប៉ុស្តិ៍លេខ៥ បានសម្រេចពន្យារពេលការប្រកួត ចាប់ពីសប្តាហ៍នេះទៅ ទៅតាមសំណើរបសសហព័ន្ធកីឡាប្រដាល់កម្ពុជា។

នៅក្នុងកិច្ចប្រជុំ នៅពហុកីឡដ្ឋានជាតិ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសថា នឹងពន្យារការប្រកួតប្រដាល់នៅគ្រប់សង្វៀនទាំងអស់ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ទៅតាមការណែនាំរបស់រដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល។

លោក តែម ម៉ឺន បានថ្លែងនៅក្នុងកិច្ចប្រជុំនោះថា៖«សហព័ន្ធកីឡាប្រដាល់គុនខ្មែររបស់យើង សូមយកការប្រជុំថ្ងៃនេះ និយាយពីកិច្ចការពិសេសមួយរបស់សហព័ន្ធ ជាមួយដៃគូអភិវឌ្ឍ និងស្ថានីយទូរទស្សន៍ ដែលកំពុងតែធ្វើសកម្មភាពអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែររបស់យើង គឺខ្ញុំបានពិចារណា និងគិតហើយថា សូមពន្យារពេលនៃការប្រកួតកីឡាប្រដាល់គុនខ្មែរប្រចាំសប្តាហ៍ នៅទូទាំងប្រទេសកម្ពុជា»។

លោក តែម ម៉ឺន បានបញ្ជាក់ថា៖«មិនបញ្ឈប់ការប្រកួតទេ គឺយើងពន្យារជាបណ្តោះអាសន្ន ដើម្បីយើងពិនិត្យមើលថា តើពេលណាយើងអាចបន្តការប្រកួតទៀតបាន ដោយឈរលើមូលដ្ឋានច្បាស់លាស់ពីការណែនាំរបស់រាជរដ្ឋាភិបាល ឬក៏ការធូរស្រាល ឬក៏វាបាត់នៃជំងឺឆ្លងដ៏កាចសាហាវកូវីដ១៩»។

យ៉ាងណាក៏ដោយ នៅក្រោយការប្រកាសពន្យារការប្រកួតប្រដាល់ នៅគ្រប់សង្វៀននេះ លោក នាង ស៊ីវុត្ថា អ្នកគ្រប់គ្រងការប្រកួតប្រដាល់ប្រចាំសង្វៀនបាយ័ន លោក ម៉ា ស៊ីថេត អ្នកគ្រប់គ្រងកីឡាប្រចាំនៅ CNC បានចេញមុខមុនគេ ក្នុងការស្នើឲ្យលោក តែម ម៉ឺន បន្តរៀបចំឲ្យមានការប្រកួត ជាលក្ខណៈបិទទ្វារ ហើយលោក ស្រ៊ឺ ស្រេង អ្នកគ្រប់គ្រងកីឡា នៅ PNN ក៏បានយល់ស្របទៅតាមនេះដែរ ចំណែកលោក ស្រ៊ុន កុសល តំណាងឲ្យសង្វៀនថោន លោក អូ ឡាឡា ខាងសង្វៀនប៉ុស្តិ៍លេខ៥ និង ញាណ សុធី ខាងង្វៀនអាស៊ីអាគ្នេយ៍ គឺរងចាំការសម្រេចរបស់សហព័ន្ធ។

តាមរយៈការជជែក និងពិភាក្សាគ្នាត្រង់ៗស្ទើរពេញមួយព្រឹក កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ម៉ា ស៊ីថេត និងលោក នាង ស៊ីវុត្ថា បានលើកឡើងពីផលលំបាកជុំវិញការពន្យារពេលប្រកួតភ្លាមៗបែបនេះ ព្រោះសង្វៀន ដែលមានកម្មវិធីប្រកួតច្រើនជាងគេទាំង២នេះ បាននាំយកកីឡាករបរទេស ត្រៀមប្រកួតនៅសប្តាហ៍នេះ មកដល់កម្ពុជាអស់ទៅហើយ ហើយក៏បានឯកភាពជាមួយអ្នកស្ពន់ស័រថា នឹងត្រូវប្រកួតផងដែរ។

ជាមួយហេតុផលនេះ លោក តែម ម៉ឺន ក៏បានសម្រេចជាចុងក្រោយ ដោយឲ្យសង្វៀនបាយ័ន និងសង្វៀនCNC សង្វៀនPNN និងសង្វៀនអាស៊ីអាគ្នេយ៍ មានការប្រកួតជាលក្ខណៈបិទទ្វារ គ្មានអ្នកទស្សនា គឺមានតែគណៈកម្មការបច្ចេកទេស ក្រុមគ្រូពេទ្យ អ្នករៀបចំ និងកីឡាករ ដែលមិនអនុញ្ញាតឲ្យមានគ្នាលើស៥០នាក់នោះទេ ហើយត្រូវពង្រឹងទៅលើការអនាម័យឲ្យបានហ្មត់ចត់បំផុត។ ប៉ុន្តែសង្វៀនប៉ុស្តិ៍លេខ៥ និងសង្វៀនថោន បានសម្រេចពន្យារការប្រកួត ពីសប្តាហ៍នេះទៅតែម្តង៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.