Ibrahimovic ចាប់ផ្តើមបង្កើតមូលនិធីរ៉ៃអង្គាសប្រាក់ជួយដល់អ៊ីតាលី

2 weeks ago​ | ដោយ V-Dr

កីឡាករបាល់ទាត់ជើងចាស់ Zlatan Ibrahimovic របស់ក្លិប AC Milan បានបញ្ជាក់កាលពីថ្ងៃពុធថា រូបគេបានចាប់ផ្តើមបង្កើតមូលនិធិរ៉ៃអង្គាសប្រាក់ដើម្បីជួយដល់មន្ទីរពេទ្យរបស់ប្រទេសអ៊ីតាលី ដែលកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណា។

អតីតតារាឆ្នើមអន្តរជាតិស៊ុយអែតរូបនេះ បានសរសេរនៅលើបណ្តាញសង្គម Instagram ថា៖ «អ៊ីតាលី តែងតែបានជួយដល់ខ្ញុំជាច្រើន ហើយក្នុងដំណាក់កាលដ៏លំបាកនេះ ខ្ញុំចង់ជួយដល់ប្រទេសនេះ ដែលខ្ញុំស្រឡាញ់វិញ»។ Ibrahimovic បានសរសេរបន្តថា៖ «ខ្ញុំនឹងពឹកពាក់លើភាពសប្បុរសធម៌របស់សហការីខ្ញុំ អត្តពលិកអាជីពទាំងអស់ និងអ្នកចង់ចូលរួមជាវិភាគទានតូច ឬធំក្តី ដោយផ្អែកទៅតាមលទ្ធភាពរបស់ពួកគេ ដើម្បីកម្ទាត់មេរោគនេះឲ្យចេញផ្សាយ»។ មនុស្សច្រើនជាង២០០៦៨០នាក់ទូតាំងពិភពលោក បានឆ្លងមេរោគកូរ៉ូណា និង៨០៩២នាក់បានស្លាប់។ នេះបើយោងទៅតាមតួលេខថ្មីចុងក្រោយ។

បន្ទាប់ពីប្រទេសចិន អ៊ីតាលី គឺជាប្រទេសដែលរងគ្រោះជាងគេបំផុត ដោយមានអ្នកស្លាប់ចំនួន២៥០៣នាក់ ពីករណីឆ្លងចំនួន៣១៥០៦ករណី។ Ibrahimovic បានបន្ថែមទៀតថា៖ «ការរួមសាមគ្គីគ្នា យើងអាចជួយដល់មន្ទីរពេទ្យ ក្រុមវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកាជាច្រើន ដែលធ្វើការដោយមិនគិតពីការហេវអត់ ជារៀងរាល់ថ្ងៃ ដើម្បីសង្គ្រោះជីវិតរបស់យើង»៕

កែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.