កីឡាករអាល្លឺម៉ង់ ចូលរួមវិភាគទាន ២,៧លានដុល្លារដើម្បីប្រឆាំងនឹងវីរុសកូរ៉ូណា

3 weeks ago​ | ដោយ V-Dr

កីឡាករបាល់ទាត់នៃក្រុមជម្រើសជាតិអាល្លឺម៉ង់ បានបញ្ជាក់កាលពីថ្ងៃពុធថា ពួកគេនឹងចូលរួមវិភាគទានក្នុងទឹកប្រាក់២,៥លានអឺរ៉ូ (ស្មើនឹង២,៧លានដុល្លារអាមេរិក) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងវិបត្តិដែលត្រូវបានបង្ករឡើងដោយការរាតត្បាតរបស់វីរុសកូរ៉ូណា។

អ្នកចាំទី Manuel Neuer ដែលជាប្រធានក្រុមនៃក្រុមជម្រើសជាតិអាល្លឺម៉ង់ បានបង្ហោះវីដេអូនៅលើបណ្តាញ Instagram ដោយនិយាយថា៖ «យើងត្រូវតែមើលថែគ្នាទៅវិញទៅមក ក្នុងគ្រាអាសន្នបែបនេះ។ យើងស្ថិតក្នុងក្រុមជម្រើសជាតិ បានគិត ហើយយើងនឹងចូលរួមវិភាគទានជាជំនួយសប្បុរសធម៌»។ កីឡាករផ្សេងទៀតដូចជា Joshua Kimmich និង Leon Goretzka របស់ក្លិប Bayern Munich ក៏ដូចជាខ្សែការពារ Matthias Ginter របស់ក្លិប Borussia Moenchengladbach ក៏បានបង្ហោះវីដេអូស្រដៀងគ្នានេះផងដែរ។

កីឡាករទាំងនោះមិនបានបញ្ជាក់ទៅចំណុចដែលនឹងត្រូវចំណាយពីជំនួយវិភាគទាននោះឡើយ ប៉ុន្តែពួកគេបានអ្នកនាំឲ្យអ្នកគាំទ្ររបស់ខ្លួន ប្រើប្រាស់ផ្លាតហ្វមអនឡាញ «Wir Helfen» ដើម្បីសហការជាមួយនឹងក្រុមអ្នកស្ម័គ្រចិត្តទូទាំងអាល្លឺម៉ង់ អំឡុងពេលមានវិបត្តិនេះ។ លោក Oliver Bierhoff ប្រធានក្រុមជម្រើសជាតិនៅសហព័ន្ធកីឡាបាល់ទាត់អាល្លឺម៉ង់ បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា៖ «មានការព្រមព្រៀងគ្នាភ្លាមៗមួយថា យើងចង់បង្កើតឲ្យមានកាយវិការជាក្រុម»៕

កែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.