លោក ហង្ស ស៊ឺន រំពឹងថា អ៊ុង វិរៈ និង វង្ស វិឆ័យ អាចផ្តួលកីឡាករបារាំង និងអាមេរិក ឲ្យសន្លប់

4 weeks ago​ | ដោយ V-Dr

គ្រូបង្វឹក មានឈ្មោះល្បីខាងបណ្តុះបណ្តាលកីឡាករល្អៗ បានច្រើនជាងគេ ប្រចាំនៅកម្ពុជា លោក ហង្ស ស៊ឺន បានដាក់ការសង្ឃឹមថា សិស្សរបស់គាត់គឺកីឡាករទម្ងន់ធ្ងន់ អ៊ុង ភារាក់ (អ៊ុង វិរៈ) និង វង្ស វិឆ័យ អាចនឹងប្រើបច្ចេកទេស ផ្តួលកីឡាករអាមេរិក និងបារាំង ឲ្យសន្លប់ នៅមុនពេល៩នាទី ខណៈអ្នកទាំង២ បានបង្ហាញសមត្ថភាពរួមគ្នា នៅលើសង្វៀនថោន ក្នុងកម្មវិធី Mas Fight Cambodia នាថ្ងៃអាទិត្យនេះ។

លោក ហង្ស ស៊ឺន ក៏មានភាពស្រពេចស្រពិលផងដែរ ខណៈកីឡាករបរទេសទាំង២នាក់ ដែល អ៊ុង វិរៈ និង វង្ស វិឆ័យ ជួបលើកនេះ សុទ្ធតែជាអ្នកប្រដាល់ចំណូលថ្មី មិនដឹងពីសមត្ថភាពនិងបច្ចេកទេសប្រកួតបែបណានោះ។ លោកបាននិយាយថា៖«យើងពិបាកព្យាករណ៍លទ្ធផលទុកមុនដែរ ព្រោះខ្ញុំមិនដែលឃើញការប្រកួតរបស់កីឡាករបរទេសទាំង២នាក់នោះទេ ប៉ុន្តែរបស់សិស្សខ្ញុំ ហ្វឹកហាត់ពេញបានល្អដូចគ្នា»។

លោកបន្ថែមថា៖«ប្រសិនបើពួកគេវាយសម្រុកគ្នាខ្លាំង មិនដកថយ គឺអាចនឹងសន្លប់ក្រោម៩នាទី ព្រោះទម្ងន់ធ្ងន់បែបនេះ ពេលវាយចូលគោលដៅពេញល្អ ងាយនឹងសន្លប់ណាស់ហើយ វង្ស វិឆ័យ និង អ៊ុង វិរៈ គឺអាចផ្តួលដៃគូឲ្យសន្លប់ គឺខ្ញុំសង្ឃឹមរហូតដល់៩០ភាគរយ ព្រោះពួកគេហាត់បានល្អ»។

សម្រាប់ការប្រកួតនេះ វង្ស វិឆ័យ មកពីក្លិបកងទ័ពឆ័ត្រយោង៩១១ ត្រូវជួបកីឡាករបារាំង Bahi Mhamed ក្នុងទម្ងន់៦៩គីឡូក្រាន ហើយបារាំងម្នាក់នេះ ធ្លាប់ប្រកួតបានត្រឹម៤០ដង ឈ្នះ៣០ និងចាញ់១០ដង គឺតិចជាង វង្ស វិឆ័យ ដែលធ្លាប់ប្រកួតបាន៦២ដង ឈ្នះ៥៤ ចាញ់៧ដង និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់បាន១៥ដង។

ចំណែក អ៊ុង វិរៈ ដែលជារៀមច្បង់របស់ វង្ស វិឆ័យ ត្រូវប្រកួតក្នុងទម្ងន់៨៤គីឡូក្រាម ជាមួយអ្នកប្រដាល់មកពីសហរដ្ឋអាមេរិក Banasiak Pawel ដែលធ្លាប់ប្រកួតត្រឹម១៧ដង ឈ្នះ១៥ និងចាញ់២ដង តែធ្លាប់ផ្តួលដៃគូឲ្យសន្លប់១០ដង រីឯ អ៊ុង វិរៈ ធ្លាប់ប្រកួត១០០ដង ឈ្នះ៨៩ ចាញ់៧ និងស្មើ៤ដង ហើយធ្លាប់ផ្តួលដៃគូឲ្យសន្លប់បាន២១ដង។

ជាមួយគ្នានេះ កីឡាករកម្ពុជា ពុទ្ធ ឆាយរិទ្ធី របស់ក្លិបពុទ្ធសេរីវង្ស ក៏ត្រូវដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ Kongwuth Kosetjan ក្នុងទម្ងន់៦៨គីឡូក្រាម នៅក្នុងថ្ងៃជាមួយគ្នានោះដែរ ហើយចំពោះការប្រកួត ដែលមានតែ១ទឹកស្មើ៩នាទីនេះ គឺអ្នកដែលបានផ្តួលគូប្រកួតឲ្យសន្លប់ នឹងអាចទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ចាប់បី២០០ដុល្លារ រហូតដល់៨០០ដុល្លារ បន្ថែមទៅលើប្រាក់រង្វាន់ ហើយកន្លងមក អ៊ុង វិរៈ ធ្លាប់ធ្វើបានសម្រេចហើយ ប៉ុន្តែ វង្ស វិឆ័យ ធ្លាប់បានត្រឹមស្មើពិន្ទុ ព្រោះអ្នកដែលមិនអាចវាយគូប្រកួតឲ្យសន្លប់ គឺត្រូវសម្រេចឲ្យស្មើតែម្តង ទោះអ្នកណាមានប្រៀបជាងដាច់ក៏ដោយ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.