SCG និង ភ្នំពេញក្រោន ចាប់ផ្ដើមយុទ្ធនាការហ្វឹកហ្វឺនបាល់ទាត់ដល់ក្មេងៗ នៅខេត្តកំពត

1 month ago​ | ដោយ V-Dr

ក្រុមហ៊ុន អេសស៊ីជី ដែលជាក្រុមហ៊ុនឈានមុខគេមួយ នៅអាស៊ាន បានសហការជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោន ក្នុងការចាប់ផ្ដើមយុទ្ធនាការហ្វឹកហ្វឺនកីឡាបាល់ទាត់ ឈ្មោះថា SCG Kick & Share ដែលនៅឆ្នាំ២០២០នេះ នឹងប្រព្រឹត្តទៅនៅក្នុងខេត្តចំនួន៣ រួមមាន កំពត ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ ហើយព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងបណ្ដុះស្មារតីស្រឡាញ់កីឡា ជាពិសេស កីឡាបាល់ទាត់នៅក្នុងចំណោមកុមារអាយុក្រោម១២ឆ្នាំ។

លោក សន សីហា នាយកផ្នែករ៉ែរបស់ក្រុមហ៊ុន SCG បានមានប្រសាសន៍ថា ជាផ្នែកមួយនៃទំនួលខុសត្រូវសង្គម ចំពោះសហគមន៍ ក្រុមហ៊ុនបានចាប់ដៃគូជាមួយក្លិបបាល់ទាត់ភ្នំពេញក្រោន ដើម្បីលើកកម្ពស់កីឡា នៅក្នុងសហគមន៍ តាមរយៈកម្មវិធីមួយ ឈ្មោះថា SCG Kick & Share។

លោក សន សីហា ថ្លែងយ៉ាងដូច្នេះថា៖«យើងចង់ឲ្យកុមារ នៅក្នុងសហគមន៍របស់យើង មានស្មារតីចេះស្រឡាញ់កីឡា។ យើងចង់ឲ្យក្មេងៗជំនាន់ក្រោយ ធ្វើរឿងល្អៗសម្រាប់សង្គម និងជៀសវាងគ្រឿងញៀនដាច់ខាត»។

នៅឯព្រឹត្តិការណ៍ហ្វឹកហ្វឺនបាល់ទាត់ដល់កុមារនៅខេត្តកំពត លោក លី ហៀង អគ្គលេខាធិការក្លិបភ្នំពេញក្រោន បានលើកឡើងថា ភ្នំពេញក្រោន និងក្រុមហ៊ុន អេសស៊ីជី មានគោលដៅរួមមួយ ក្នុងការប្រើប្រាស់រូបភាពកីឡា ដើម្បីបញ្ជូនសារទៅកាន់កុមារ និងយុវជន។

លោក លី ហៀង មានប្រសាសន៍ដូច្នេះថា៖«យើងជឿជាក់ថា កីឡានាំមកនូវសុខភាពល្អ ហើយក្មេងដែលឆ្លាត គឺក្មេងដែលមានសកម្មភាពច្រើន និងសកម្ម។ សារនៅថ្ងៃនេះ គឺថា តាមរយៈកីឡា តាមរយៈភ្នំពេញក្រោន យើងចង់ធ្វើជាគំរូល្អមួយដល់ក្មេងៗ»។

កុមារាកុមារីប្រមាណជាង១០០នាក់ មកពីសាលារៀន នៅក្នុងស្រុកបន្ទាយមាស ខេត្តកំពត បានចូលរួមសកម្មភាពហ្វឹកហ្វឺនបាល់ទាត់ជាមួយកីឡាករដែលពួកគេចូលចិត្ត មកពីក្លិបភ្នំពេញក្រោន ដែលក្នុងនោះរួមមាន កីឡាករលេចធ្លោ អន ចាន់ប៉ូលីន និងកីឡាករ សឿត បារាំង ផងដែរ ហើយអ្នកទាំង២ បានផ្ញើសារដូចគ្នា ទៅដល់កុមារដែលបានចូលរួមថា «ចូរយើងលេងកីឡាទាំងអស់គ្នា ដើម្បីសុខភាព និងជៀសវាងគ្រឿងញៀនឲ្យបានដាច់ខាត»។

កុមារា បន បញ្ញា ជាសិស្សាបឋមសិក្សាមកពីសាលារៀន នៅក្នុងស្រុកបន្ទាយមាស ដែលបានចូលរួមនៅក្នុងសកម្មភាពហ្វឹកហ្វឺនបាល់ទាត់ SCG Kick & Share បាននិយាយថា រូបគេមានសេចក្ដីរំភើបរីករាយណាស់ ដែលបានរៀនតិចនិកខ្លះៗពីកីឡាករអាជីព ព្រោះរូបគេចូលចិត្តលេងបាល់ទាត់នៅសាលា។ បញ្ញា និយាយថា៖«ទៅថ្ងៃអនាគត ខ្ញុំក៏ចង់ក្លាយជាកីឡាករបាល់ទាត់មួយរូបដែរ»។

កម្មវិធីហ្វឹកហ្វឺនបាល់ទាត់ដល់កុមារ SCG Kick & Share ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ ដោយក្រុមហ៊ុន អេសស៊ីជី សហការជាមួយក្លិបភ្នំពេញក្រោន។ គិតមកដល់ពេលនេះ មានសិស្សានុសិស្សរាប់ពាន់នាក់ នៅតាមបណ្ដាខេត្តមួយចំនួន បានទទួលបទពិសោធ ពីសកម្មភាពហ្វឹកហ្វឺនបាល់ទាត់ទាំងនេះ ហើយកម្មវិធីនេះ អាចនឹងជួយដល់កុមារ ដែលស្រឡាញ់បាល់ទាត់ សម្រេចក្ដីសុបិនរបស់ពួកគេ ដើម្បីក្លាយខ្លួនជាតារាបាល់ទាត់ នៅពេលអនាគត៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.