គ្រូវិសាខា បានចាត់ទុកការចាញ់ក្រុមបឹងកេត មកពីគ្មានសំណាង

1 month ago​ | ដោយ V-Dr

ក្រុមអ្នកមានទ្រព្យ វិសាខា បានសម្តែងការខកចិត្តខ្លាំង ចំពោះការរបូត៣ពិន្ទុ នៅលើទឹកដីក្រុមបឹងកេត សម្រាប់ការប្រកួតយ៉ាងស្វិតស្វាញ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ កាលពីថ្ងៃសៅរ៍ ហើយលោក Colum Curtus គ្រូបង្វឹកក្រុមវិសាខា បានចាត់ទុកការចាញ់ ១-០ ទាំងមិនអស់ចិត្តនេះ ថាមកពីក្រុមរបស់លោកគ្មានសំណាងតែប៉ុណ្ណោះ។

គ្រូបង្គោលថ្មីរបស់ក្រុមវិសាខា លោក លោក Colum Curtus ពិតជាមានការសោកស្តាយខ្លាំង ចំពោះការបាត់៣ពិន្ទុនេះ។ លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្រោយការប្រកួតថា៖ «ខ្ញុំពិតជាមានការសោកស្តាយណាស់ សម្រាប់ការប្រកួតនេះ។ កីឡាកររបស់យើង បានប្រឹងប្រែងអស់ពីសមត្ថភាពហើយ ប៉ុន្តែយើងគ្មានសំណាងតែប៉ុណ្ណោះ»។

សម្រាប់ការប្រកួត ដែលត្រូវបានធ្វើឡើង ក្រោមក្រសែភ្នែកអ្នកគាំទ្រចំនួន២៥០០នាក់ គឺច្រើនជាង ចំនួនសំបុត្រ ដាក់លក់ ដែលត្រឹមតែ២១០០ នោះ គឺពិតជាការប្រកួត ដែលមានភាពតានតឹង និងទទួលបានការគាំទ្រខ្លាំង ព្រោះក្រុមទាំង២នេះ បានធ្វើការវាយបកគ្នាទៅវិញទៅមកដ៏គួរឲ្យចាប់អារម្មណ៍បំផុត។

ប៉ុន្តែគ្រាប់បាល់របស់ខ្សែប្រយុទ្ធពាក់លេង៥០ Gopne Mothusi នៅនាទីទី៥៨ វាបានក្លាយជាគ្រាប់បាល់ពិឃាតរបស់បឹងកេត ទៅលើក្រុមវិសាខា ហើយការព្យាយាមរក្សាការនាំមុខ ១-០ តាំងពីនាទីទី៥៨ រហូតចប់៩០នាទីពេញនេះ បានធ្វើឲ្យគ្រូបង្គោលក្រុមបឹងកេត លោក Apisit Im. Amphar មានការសរសើទៅដល់ស្មារតីលេងយ៉ាងល្អរបស់កូនក្រុមលោក។

គ្រូបង្វឹកជនជាតិថៃ លោក Apisit Im. Amphar បាននិយាយក្រោយការប្រកួតថា៖ «កីឡាករខ្មែរមានសមត្ថភាព និងធ្វើបានល្អ ហើយយើងមានចំណុចខ្វះខាត តែតិចតួចទេ ហើយការប្រកួតនេះ យើងធ្វើបានល្អជាងការប្រកួតមុន ដោយសារកីឡាកររបស់យើង សហការគ្នាបានយ៉ាងល្អ»។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតបើកឆាក កាលពីសប្តាហ៍មុន ក្រុមបឹងកេត បានស្មើជាមួយក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ១-១ ក្រោយការប្រកួតយ៉ាងស្វិតស្វាញបំផុត ខណៈក្រុមវិសាខា បានយកឈ្នះក្រុមនគរបាលជាតិ ២-១ នៅលើទឹកដីខ្លួនឯង ហេតុនេះការចាញ់របស់វិសាខា លើកនេះ វានឹងធ្វើឲ្យការប្រកួតប្រជែងជាបន្តបន្ទាប់ទៀត កាន់តែមានភាពតានតឹងខ្លាំង។

ចំណែកក្រុមព្រះខ័នរាជក្រុមស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ៤-២ កាលពីថ្ងៃសៅរ៍នោះដែរ គឺបន្ថែមទៅលើការឈ្នះក្រុមសូលទីឡូអង្គរ ៥-១ កាលប្រកួតបើកឆាក ដើម្បីបន្តឈរនៅលើកំពូលតារាង។ ចំណែកក្រុមណាហ្គាវើល របស់លោក មាស ចាន់ណា បានយកឈ្នះក្រុមនគរបាលជាតិ របស់រៀមច្បង ប្រាក់ សុវណ្ណារ៉ា ២-១ នៅក្នុងការប្រកួតលើកដំបូងរបស់ខ្លួន កាលពីថ្ងៃសៅរ៍នោះដែរ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.