ស្វាយរៀង វិសាខា និងអាស៊ីអឺរ៉ុប សុទ្ធតែឈ្នះក្នុងទឹកដី ប៉ុន្តែ ទ័ព បានបរាជ័យ ក្នុងការបំពេញមហិច្ឆតា

2 months ago​ | ដោយ V-Dr

ក្រុមព្រះខ័នរាជស្វាយរៀង បានលត់ក្រុមសូលទីឡូអង្គរ យ៉ាងចាស់ដៃ ដើម្បីបង្ហាញពីភាពខ្លាំង សម្រាប់ការប្រកួតបើកឆាក លីកកំពូលកម្ពុជា ឆ្នាំ២០២០ ចំណែកវិសាខា និងអាស៊ីអឺរ៉ុប ក៏បានឈ្នះ៣ពិន្ទុ សម្រាប់ថ្ងៃបើកឆាកនេះ ក្នុងទឹកដីរបស់ខ្លួនផងដែរ ប៉ុន្តែក្រសួងការពារជាតិ (ទ័ព) បានបរាជ័យទាំងស្រុង នៅក្នុងគម្រោងប្រជែងយក៣ពិន្ទុពីក្រុមបាទីអាយុក្រោម១៨ឆ្នាំ។

សម្រាប់ការប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀង ដែលជាទឹកដីរបស់ខ្លួន កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញនេះ ក្រុមម្ចាស់ជើងឯក ស្វាយរៀង បានបង្ហាញទម្រង់លេងយ៉ាងល្អ ក្នុងការដាក់សម្ពាធទៅលើភ្ញៀវ សូលទីឡូអង្គរ ដើម្បីយកឈ្នះក្នុងលទ្ធផល ៥-១ ដោយក្នុងនោះកីឡាករជប៉ុន Kobayashi Daisuke រកបាន២គ្រាប់តែម្នាក់ឯង ខណៈខ្សែប្រយុទ្ធ Privat សារ៉េត គ្រីយ៉ា និង នេន សុធារដ្ឋ រកបានម្នាក់១គ្រាប់ រីឯ១គ្រាប់របស់សូលទីឡូអង្គរ រកបានដោយ Matheus Souzae Silva នៅនាទីទី១៩ គឺបន្ទាប់ពីការរកបានគ្រាប់បាល់បើកឆាករបស់ Privat។

តាមរយៈការយកឈ្នះលើក្រុមសូលទីឡូអង្គរ ៥-១ ក្នុងការប្រកួតបើកឆាកនេះ បានជួយឲ្យក្រុមស្វាយរៀង ឡើងទៅឈរនៅកំពូលតារាង ជាបណ្តោះអាសន្ន ហើយតាមពីក្រោយដោយក្រុមភ្នំពេញក្រោន ដែលបានយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៣-០ នៅលើទឹកដីរបស់ខ្លួន។

ចំណែកក្រុមវិសាខា ស្ទើរតែជួបការខកចិត្ត នៅលើទឹកដីរបស់ខ្លួនទៅហើយ ខណៈខ្សែប្រយុទ្ធ Kader បានស៊ុតបាល់ហ្វ្រីឃីក បញ្ចូលទីយ៉ាងស្អាត ជួយឲ្យក្រុមនគរបាលជាតិ នាំមុខ ១-០ បានមុន នៅនាទីទី៣០ នោះ ប៉ុន្តែការស៊ុតបាល់ពីចម្ងាយបញ្ចូលទីយ៉ាងស្អាតរបស់សមាជិកថ្មី ច្រឹង ពលរដ្ឋ និងគ្រាប់បាល់ចុងក្រោយរបស់ Mihauevic Filp បានជួយឲ្យវិសាខា ឈ្នះ ក្រុមនគរបាលជាតិ របស់លោក ប្រាក់ សុវណ្ណារ៉ា ២-១ ទាំងលំបាក។

ចំណែកក្រុមគិរីវង់សុខសែនជ័យ មិនអាចប្រើឆន្ទៈ កើតចេញពីការប្រឹងប្រែងរួមគ្នា ក្នុងការដណ្តើមបាន៣ពិន្ទុ ពីក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុប បាននោះទេ គឺពួកគេបានចាញ់ អាស៊ីអឺរ៉ុប ១-០ ទាំងសោកស្តាយបំផុត ហើយខ្សែប្រយុទ្ធ ឈឹម សំបូរ ជាអ្នករកបានគ្រាប់បាល់ជ័យជម្នះឲ្យអាស៊ីអឺរ៉ុប ដែលបានកើតមានឡើង នៅនាទីទី៨៣។

ចំណែកក្រុមទ័ព របស់លោក ទេព ឡុងរចនា បានជួបការខកចិត្តខ្លាំងបំផុត ខណៈក្រុមមានមូលដ្ឋាននៅស្តាតចាស់មួយនេះ មិនអាចយកឈ្នះក្រុមសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ បាននោះ គឺពួកគេ បានត្រឹមស្មើ ០-០ ហើយលទ្ធផលនេះ វាផ្ទុយទាំងស្រុងពីការដាក់គោលដៅរបស់អ្នកចាត់ទូទៅ លោក ទេព ឡុងរចនា ដែលមានមហិច្ឆតា ប្រកបដោយភាពជឿជាក់ ក្នុងការយកឈ្នះក្រុមបាល់ទាត់ជាតិបាទី៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.