ភ្នំពេញក្រោន ប្រាប់ពីយុទ្ធសាស្រ្ត បំបែកក្បួនការពារក្រុមអគ្គិសនីកម្ពុជា តែ បឹងកេត ប៊ិះជួបការខកចិត្ត

2 months ago​ | ដោយ V-Dr

ក្រុមភ្នំពេញក្រោន ពិតជាអាចបំពេញនូវមហិច្ឆតាឈ្នះ៣ពិន្ទុ សម្រាប់ការប្រកួតបើកឆាក នៅលើទឹកដីរបស់ខ្លួន ខណៈពួកគេ បានយកឈ្នះអគ្គិសនីកម្ពុជា ៣-០ ប៉ុន្តែក្រុមបឹងកេត ប៊ិះតែជួបការខកចិត្ត ក្រោមស្នាដៃ ក្រុមមានមូលដ្ឋាន នៅខេត្តសៀមរាប អង្គរថាយហ្គឺរ ទៅហើយ។

តាមរយៈការប្រកួត នៅកីឡដ្ឋាន RSN កាលពីយប់ថ្ងៃសៅរ៍ កន្លងមកនេះ ក្រុមភ្ញៀវអគ្គិសនីកម្ពុជា បានប្រកាន់យកការលេងទប់ ដោយប្រើទម្រង់លេងបែបការពារ ប៉ុន្តែភ្នំពេញក្រោន នៅតែបង្កើតឱកាស ក្នុងការទម្លុះរនាំងការពារយ៉ាងក្រាសនេះ ដោយក្នុងនោះ ខ្សែប្រយុទ្ធទើបចាកចេញពីក្រុមអង្គរថាយហ្គឺរ Timothy រកបាន២គ្រាប់តែម្នាក់ឯង ខណៈ១គ្រាប់ទៀតរកបានដោយកីឡាករវ័យក្មេង ជួន ចាន់ចាវ។

ជាមួយគ្នានេះ លោក ស៊ុំ វណ្ណា គ្រូបង្គោលក្រុមភ្នំពេញក្រោន បានទម្លាយនៅយុទ្ធសាស្រ្ត ចំពោះការយកឈ្នះនេះថា៖«យើងដឹងថា ក្រុមអគ្គិសនីកម្ពុជា ប្រើប្រាស់យុវជនច្រើន តែពួកគេក៏មានគុណភាពក្នុងការលេង ដោយមានបច្ចេកទេសផ្ទាល់ខ្លួន និងធ្វើតាមប្រព័ន្ធលេងបានល្អច្រើន។ ចំណែកយើងបានធ្វើយុទ្ធសាស្ត្រ៣ដំណាក់ក្នុងការលេង ដោយលើកទី១បរាជ័យ ប៉ុន្តែលើកទី២ និងទី៣ យើងធ្វើបានជោគជ័យ»។

លោកបានបន្ថែមថា៖«ក្រុមអគ្គិសនីកម្ពុជា លេងការពារជាក្រុម ដោយការពារដល់ទៅ១០នាក់ ដូច្នេះយើងបានសម្រេចចិត្ត មិនលេងនៅតំបន់កណ្តាល គឺយើងនៅខាងច្រើន ហើយលើកបាល់ចូល ដើម្បីបញ្ចប់ទី អ៊ីចឹងយើងឃើញថា គ្រាប់បាល់របស់យើងទាំង៣ សុទ្ធតែធ្វើបានពីតំបន់ខាងលើ មកតំបន់កណ្តាល ប៉ុន្តែយើងអាចរកបានគ្រាប់បាល់ច្រើន ដោយសារតែទំនុកចិត្តក្នុងការលេងពីតំបន់កណ្តាល ទៅតំបន់ខាងដែរ ព្រោះបើសិនយើងខ្វះគុណភាពនៅតំបន់កណ្តាល ក៏ពិបាកលេងដែរ»។

ដោយឡែក ក្រុមបឹងកេត ប៊ិះតែជួបការខកចិត្ត នៅកីឡដ្ឋាន SRU នៅលើទឹកដីខេត្តសៀមរាបទៅហើយ ព្រោះ បឹងកេត បានតាមស្មើក្រុមម្ចាស់ផ្ទះ អង្គរថាយហ្គឺរ ដោយការទទួលបានបាល់ពិន័យ១១ម៉ែត្រ ហើយ ម៉ាត់ នូរុណ ជាអ្នកស៊ុតបាល់សម្រេច នៅនាទីតី៦៧ ដើម្បីលុបចោលគ្រាប់បាល់នាំមុខ ១-០ របស់អង្គរថាយហ្គឺរ ដែលរកបានដោយខ្សែប្រយុទ្ធជប៉ុន Yudai Ogawa នៅនាទីទី២០។

ជាមួយការចែកគ្នាម្នាក់១ពិន្ទុនេះ បឹងកេត ពិតជារីករាយ ក្នុងការទទួលយក ប៉ុន្តែអង្គរថាយហ្គឺរ មិនសូវសប្បាយចិត្តនោះទេ ព្រោះ អង្គរថាយហ្គឺរ បានដាក់គោលដៅយកឈ្នះក្រុមបឹងកេត ដើម្បីកែប្រវត្តិចាញ់២ និងស្មើ៣លើក សម្រាប់ការជួបគ្នា៥លើក ក្នុងលីកកំពូលកម្ពុជានេះ តែផែនការមួយនេះ បែរជាត្រូវបរាជ័យ ដោយសារតែការផ្តល់បាល់ពិន័យ១១ម៉ែត្ររបស់អាជ្ញាកណ្តាល៕

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.