ក្រុមព្រះខ័នរាជស្វាយរៀង ចង់ផ្តួលសូលទីឡូអង្គរ និងជឿជាក់ អាចរក្សាតំណែងជើងឯកលីកកំពូលកម្ពុជា

1 week ago​ | ដោយ V-Dr

ក្រុមម្ចាស់ជើងឯកលីកកំពូលកម្ពុជា ឆ្នាំ២០១៩ ព្រះខ័នរាជស្វាយរៀង នៅតែមានការជឿជាក់ខ្លាំង ចំពោះការរក្សាតំណែងជើងឯករបស់ខ្លួន សម្រាប់ការប្រកួតរដូវកាលថ្មី ឆ្នាំ២០២០ ដែលនឹងចាប់ផ្តើម នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ។

បើទោះបីជា ស្វាយរៀង ទើបជួបការខកចិត្ត ជាមួយការចាញ់ក្រុមខ្លាំងរបស់ហ្វីលីពីន ជាមួយការចាញ់ក្រុមខ្លាំងរបស់ហ្វីលីពីន Ceres-Negros FC ៤-០ ក្នុងការប្រកួតជម្រុះតាមពូលG នៃពានរង្វាន់ AFC Cup 2020 ប៉ុន្តែលោក លោក ជូ សារឿន ដែលជាគ្រូជំនួយ នៅតែមើលឃើញថា ក្រុមរបស់លោក មានគុណភាពលេងតែមជាងក្រុមនៅក្នុងស្រុក។

លោក ជូ សារឿន បានប្រាប់ថា៖«យើងបានប្រកួតមិត្តភាពជាមួយក្រុមបរទេសច្រើន និងឈ្នះទាំងអស់ គឺទើបតែចាញ់ក្រុមហ្វីលីពីន នេះទេ ហើយការប្រកួតទាំងនោះ បានធ្វើឲ្យបទពិសោធកីឡាករយើង កាន់តែខ្លាំង អ៊ីចឹងយើងនៅតែមានតែមជាងក្លិបនៅក្នុងស្រុក ហេតុនេះយើងនៅតែមានការជឿជាក់ ក្នុងការរក្សាតំណែងជើងឯករបស់យើង ជាបន្តទៀត»។

សម្រាប់ការប្រកួត កាលពីឆ្នាំ២០១៩ ក្រុមព្រះខ័នរាជស្វាយរៀង ទទួលបានលទ្ធផលយ៉ាងល្អ ដោយពួកគេឈ្នះ២០ ស្មើ៥ និងចាញ់តែ១លើកគត់ ហើយនៅរដូវកាលនេះ ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង មួយនេះ ធ្វើបានកាន់តែល្អ ព្រោះកីឡាករបរទេស មានខ្សែបម្រើប្រយុទ្ធជនជាតិប្រេស៊ីល Thiago Santos និង Pedro Augusto ខ្សែបម្រើកណ្តាលជប៉ុន Diasuke Kobayashi ខ្សែការពារ Jonathan Cambpbell ពិសេសខ្សែប្រយុទ្ធកាម៉េរូន Privat Befolo Mbarga សុទ្ធតែបានបង្ហាញទម្រង់លេងយ៉ាងល្អ។

ជាមួយការពង្រឹងគុណភាពលេង ដើម្បីឈានទៅការរក្សាតំណែងជើងឯកនេះ ក្រុមស្វាយរៀង ពិតជាត្រូវការឈ្នះក្រុមសូលទីឡូអង្គរ សម្រាប់ការប្រកួតបើកឆាក រដូវកាលថ្មីរបស់ខ្លួន នៅកីឡដ្ឋានខេត្តស្វាយរៀង នាថ្ងៃអាទិត្យនេះ។ លោក ជូ សារឿន បានអះអាងថា៖«យើងធ្លាប់ឈ្នះក្រុមសូលទីឡូអង្គរ អ៊ីចឹងយើងត្រូវតែខំប្រឹង ដើម្បីយកឈ្នះក្រុមនេះ ជាថ្មី ព្រោះនេះជាការប្រកួតនៅលើទឹកដីរបស់យើង និងការប្រកួតបើករដូវកាលទៅទៀត ហេតុនេះយើងត្រូវតែយកឈ្នះ»។

ទោះបីជាយ៉ាងណា លទ្ធផលពិតប្រាកដទៅជាយយ៉ាងណានោះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ព្រោះសូលទីឡូអង្គរ ក៏បានត្រឹមលក្ខណៈសម្បត្តិល្អផងដែរ ដោយក្នុងនោះ កីឡាករបរទេស Kento Fujihara, Fumiya Kogure, Kota Motoyama និងកីឡាករ Unno Tomoyuki សុទ្ធតែត្រូវបានបន្តកិច្ចសន្យាថ្មី ស្របពេលដែលកីឡាករប្រេស៊ីល Matheus Souza ជាកីឡាករដែលក្លិបមួយនេះ ទើបនាំចូលពីក្រុមស្នងការនគរបាលជាតិ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.