អង្គរថាយហ្គឺរ ដាក់គោលដៅប្រជែងយកពានលីកកំពូល និងចង់ឈ្នះបឹងកេត នៅថ្ងៃបើកឆាក

1 week ago​ | ដោយ V-Dr

ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប អង្គរថាយហ្គឺរ បានបង្ហាញពីមហិច្ឆតា ក្នុងការប្រជែងពានលីគកំពូលកម្ពុជា រដូវកាល ឆ្នាំ២០២០នេះ ហើយស្របជាមួយគ្នានេះ អង្គរថាយហ្គឺរ ពិតជាមានការស្រេកឃ្លាន ក្នុងការយកឈ្នះក្រុមបឹងកេត សម្រាប់ការប្រកួតបើករដូវកាលថ្មីរបស់ខ្លួន នៅកីឡដ្ឋាន SRU នារសៀលម៉ោង ៣:៣០ ថ្ងៃសៅរ៍នេះ។

បើទោះបីជា អង្គរថាយហ្គឺរ បានចាត់ទុកបឹងកេត ជាក្រុមខ្លាំង ដែលពិបាកនឹងយកឈ្នះ ប៉ុន្តែពួកគេ ពិតជាចង់ឈ្នះខ្លាំង ដើម្បីសាងប្រវត្តិសាស្រ្តថ្មី នៅលើទឹកដីរបស់ខ្លួន ព្រោះការជួបគ្នាចំនួន៥លើក សម្រាប់ការប្រកួតលីគកំពូលកម្ពុជានេះ អង្គរថាយហ្គឺរ មិនដែលធ្លាប់ឈ្នះក្រុមបឹងកេត នោះទេ គឺពួកគេបានត្រឹមស្មើ៣ និងចាញ់២លើក។

លោក អ៊ុំ ករុណា លេខាធិការក្លិបអង្គរថាយហ្គឺរ បានប្រាប់ថា៖«បឹងកេយ ជាក្រុមខ្លាំង ដែលយើងមិនធ្លាប់ដែលឈ្នះនោះទេ អ៊ីចឹងហើយការប្រកួតនេះ យើងពិតជាចង់ឈ្នះក្រុមនេះខ្លាំងបំផុត ហើយនៅក្នុងការប្រកួតដ៏សំខាន់នេះ អ្នកគាំទ្ររបស់យើងបានត្រៀមខ្លួនចូលរួមរួចហើយ ហើយប្រធានក្លិបរបស់យើង ដែលជាជនជាតិជប៉ុន ក៏នឹងទៅទស្សនាផ្ទាល់ ដើម្បីលើកទឹកចិត្តដល់កីឡាករយើងផងដែរ»។

សម្រាប់រដូវកាលនេះ ក្លិបអង្គរថាយហ្គឺរ បានចុះកុងត្រាជាមួយកីឡាករជប៉ុន Yudai Ogawa, Joichiro Sugiyama និង Takaki Ose ព្រមទាំងកីឡាករនីហ្សេរីយ៉ា Dzarma Bata ពិសេសខ្សែប្រយុទ្ធប្រេស៊ីល Cristiano Marcolino Santos ដែលលោក ករុណា រំពឹងថា កីឡាករប្រេស៊ីលរូបនេះ នឹងរកបានគ្រាប់បាល់ច្រើន ក្នុងរដូវកាលនេះ បន្ថែមទៅលើភាពមុតស្រួចរបស់ Bata។

ជាមួយគ្នានេះ ក្លិបអង្គរថាយហ្គឺរ ដែលបានលេខ៥ កាលពីឆ្នាំ២០១៩នោះ មានមហិច្ឆតា ចង់ប្រជែងយកពាន ហើយក៏ចង់បន្តឈ្នះពាន ជាក្លិបមានអ្នកគាំទ្រច្រើនជាងគេ ផងដែរ។ លោក អ៊ុំ ករុណា លេខាធិការក្លិបអង្គរថាយហ្គឺរ បានប្រាប់ថា៖«ម្ចាស់ក្លិប របស់យើង តែងតែផ្តល់ក្តីសង្ឃឹមដល់កីឡាករ ដើម្បីឲ្យពួកគាត់ខំប្រឹងប្រជែងយកពាន នៅរដូវកាលនេះ ហើយយើងក៏ចង់បន្តឈ្នះពានជាក្លិប ដែលមានអ្នកគាំទ្រ ច្រើនជាងគេផងដែរ ខណៈពាននេះ យើងបានឈ្នះ២ឆ្នាំជាប់ៗគ្នាកន្លងមកនេះ»។

យ៉ាងណាមិញ ក្រុមបឹងកេត ក៏មានមហិច្ចតាប្រជែងយកពាន ដើម្បីបង្ហាញភាពខ្លាំង ដូចកាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ ជាពេលដែលពួកគេ ឈ្នះបានពាន២ឆ្នាំជាប់ៗគ្នាផងដែរ ហើយនេះជាអ្វីដែលបឹងកេត បាននាំយកកីឡាករបរទេសល្អៗមកជួយក្រុម ក្នុងនោះមានកីឡាករសញ្ជាតិអាហ្វ្រិកខាងត្បូង Mothusi Gopane កីឡាករប្រេស៊ីល Franc Santana Paiva កីឡាករជប៉ុន Kenta Yamazaki, Hikaru Mizuno និងខ្សែការពារ Anderson Zogbe ដែលធ្លាប់លេងឲ្យក្រុមណាហ្គាវើល។ ហេតុនេះការជួបក្រុមអង្គរថាយហ្គឺរ លើកនេះ ពិតជាមានភាពតានតឹងខ្លាំង។

លោក បែ មករា អ្នកចាត់ការទូទៅក្លិបបឹងកេត បាននិយាយថា៖«ដោយសារលទ្ធផល២ឆ្នាំកន្លងមកនេះ យើងមិនបានដណ្តើមបានជើងឯក ដូចពេលកន្លងមក អ៊ីចឹងយើងមានការរឹតត្បិតទៅលើការនាំយកកីឡាករបរទេសថ្មីៗមកជួយក្រុម គឺធ្វើយ៉ាងណាឲ្យការលេងរបស់យើងមានគុណភាពល្អ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.