លោក ហង្ស ស៊ឺន ថា ការបញ្ឈរជើង ព្រំ សំណាង មិនពាក់ព័ន្ធនឹងការចេញទៅប្រកួតនៅថៃ

4 weeks ago​ | ដោយ V-Dr

ជើងខ្លាំងទម្ងន់ធ្ងន់ ទើបមានទីផ្សារប្រកួតជាថ្មី ព្រំ សំណាង ដែលជាសិស្សច្បងរបស់ ឡៅ ចិត្ត្រា និង ឡៅ ចន្ទ្រា នោះ ត្រូវបានអ្នកគ្រប់គ្រងក្លិបកងពលតូចទ័ពពិសេសឆត្រយោង៩១១ បញ្ឈរជើងមិនឲ្យឡើងប្រកួតគ្រប់សង្វៀនចំនួន៣ខែ។

ជាមួយបញ្ហាដ៏រសើបនេះ បានធ្វើឲ្យអ្នកគាំទ្រ ដែលស្រឡាញ់ និងចូលចិត្ត ព្រំ សំណាង បានធ្វើការរិះគន់យ៉ាងចាស់ដៃទៅលើលោក ហង្ស ស៊ឺន ដែលជាគ្រូបង្វឹក ថា បានបញ្ឈរជើងកីឡាកររបស់ខ្លួន ទៅតាមអំពើចិត្ត ដោយអាងតែខ្លួនជាគ្រូបង្វឹក ខណៈ ព្រំ សំណាង គ្រាន់តែសុំទៅប្រកួតនៅប្រទេសថៃនោះ។

យ៉ាងណាក៏ដោយ ជុំវិញការចោទប្រកាន់នេះ លោក ហង្ស ស៊ឺន បានប្រាប់ថា ការបញ្ឃរជើង ព្រំ សំណាង មិនឲ្យឡើងប្រកួតចំនួន៣ខែនេះ គឺមិនពាក់ព័ន្ធទៅនឹងការចេញទៅប្រកួតរបស់គេ នៅប្រទេសថៃនោះទេ ហើយរូបលោកផ្ទាល់ ដែលជាគ្រូបង្វឹក ក៏មិនបានដឹងថា ព្រំ សំណាង មានគម្រោងទៅចេញទៅប្រកួតនៅថៃនោះដែរ។

លោក ហង្ស ស៊ឺន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះ ថា៖«ខ្ញុំមិនបានហាមកីឡាករ ព្រំ សំណាង មិនឲ្យចាកចេញទៅប្រកួត នៅក្រៅប្រទេសនោះទេ ហើយរឿងទៅប្រកួតនៅថៃនេះ ក៏ខ្ញុំមិនបានដឹងនោះដែរ ព្រោះគាត់ទាក់ទងខ្លួនឯង មិនបានទាក់ទងមកខ្ញុំនោះទេ»។

គ្រូបង្វឹករូបនេះ បានបន្ថែមថា៖«អ្នកទាក់ទងគាត់ទៅវ៉ៃនៅថៃ ម៉េចបានមិនពិភាក្សាជាមួយខ្ញុំ ដែលជាគ្រូ ម៉េចបានទៅទាក់ទងជាមួយកីឡាករទៅវិញ ប៉ុន្តែរឿងទៅថៃ មិនមែនជាបញ្ហាទេ តែអ្វីដែលជាបញ្ហា (នាំឲ្យមានការបញ្ឈរជើង) គឺដោយសារគាត់ដើរច្រើន មិនសូវហាត់ គាត់មិនសូវចូលកន្លែង ហើយខ្ញុំបានអប់រំគាត់ច្រើនដងហើយ ប៉ុន្តែគាត់នៅតែមិនស្តាប់»។

បើតាមគម្រោង ព្រំ សំណាង នឹងត្រូវចេញទៅប្រកួតនៅប្រទេសថៃ នៅថ្ងៃទី៩ ខែកុម្ភៈ ដោយរូបគេត្រូវជួបកីឡាករថៃ សន ខាវ នៅលើសង្វៀន Super Champ ប៉ុន្តែពេលនេះ ព្រំ សំណាង ត្រូវបានគ្រូបង្វឹកបញ្ឈរជើងទៅហើយ ហើយបញ្ហានេះបានធ្វើឲ្យ ព្រំ សំណាង មិនសប្បាយចិត្ត និងបានប្រលយពាក្យមកថា រូបគេ អាចនឹងឈប់ពីប្រដាល់ បើសិនជាមានការបញ្ឈរជើង៣ខែមែននោះ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.