ផល សោភ័ណ្ឌ ទាត់​​ឲ្យថៃ​​ខូចជើង រីឯ វ៉ាន់ វឿន បុកជង្គង់ផ្តួលគូ​ប្រកួត​ ដើម្បី​ឡើង​ទៅ​ដណ្តើម​ខ្សែ​ក្រវាត់ប្រាក់

4 weeks ago​ | ដោយ V-Dr

កីឡាករ​មាន​ប្រភព​ចេញ​ពី​ប្រដាល់​សកល ផល សោភ័ណ្ឌ បានប្រើទម្ងន់​ជើង​ដ៏​ធ្ងន់​របស់ខ្លួន ដើម្បី​ទាត់​ឲ្យ​​អ្នក​ប្រដាល់​ថៃ Phit Udorn (ភិតអ៊ូដន) ខូច​ជន្ទល់​ក្រោម​នៅ​ក្នុង​ដើម​ទឹក​ទី​២ ចំណែក វ៉ាន់ វឿន បាន​បុកជង្គង់​ បណ្តាល​ឲ្យ​កីឡាករ​ថៃ Payak Insee សន្លប់​នៅទឹកទី​២​ដូច​គ្នា ដើម្បី​ទទួល​បាន​ឱកាស​ឡើងទៅ​ប្រកួត​ដណ្តើមខ្សែ​​ក្រវាត់​ប្រាក់ នៅ​លើ​ង្វៀន PNN ដូច​ការ​រំពឹងទុក។

​តាម​រយៈការ​ប្រកួត កាល​ពី​ថ្ងៃ​អាទិត្យ ម្សិល​មិញ ផល សោភ័ណ្ឌ ​បាន​ប្តូរ​ពី​​ការ​ប្រើកណ្តាប់ មក​ជា​ការ​តាមទាត់​ជើង​ក្រោម​ទៅ​លើ Phit Udorn នៅ​ពេល​កីឡាករ​ថៃ​ម្នាក់នេះ បាន​បង្ហាញ​សញ្ញា​នៃ​ការ​ឈឺ​ចាប់ នៅ​ពេល សោភ័ណ្ឌ បាន​ទាត់​ម្តង​ហើយ​ម្តងទៀត ទៅ​លើ​ជើង​ឆ្វេង​របស់​គេ​នោះ។

​បន្ថែម​លើ​ការ​ឈឺចាប់​នេះ Phit Udorn បាន​ដួល​នៅ​ចុង​ទឹក​ទី​១ និង​ត្រូវបាន​អាជ្ញា​កណ្តាល​រាប់ លើកទី​១ បន្ទាប់​ពី ផល សោភ័ណ្ឌ បាន​ទាត់​ចំនួន​២​ជើង ធ្វើ​ឲ្យមាន​របួស​នៅ​លើ​​ភ្លៅ​ខាង​ឆ្វេង​របស់គេ​នោះ។ ឈាន​ចូលទឹក​ទី​២ ផល សោភ័ណ្ឌ បាន​បង្កើន​ការ​ទាត់​ទៅ​លើ​របួស​ចាស់​របស់ Phit Udorn កាន់តែ​ខ្លាំង ដែល​ធ្វើ​ឲ្យ​ថៃ​ម្នាក់​នេះ ដួល និងត្រូវបាន​អាជ្ញា​កណ្តាល​រាប់​ជា​លើកទី​២ ហើយបញ្ឈប់ការ​ប្រកួតតែ​ម្តង បន្ទាប់ពី សោភ័ណ្ឌ បាន​ទាត់​ឲ្យ Phit Udorn ដួល​ម្តងទៀត ដោយ​ក្រោក​លែង​រួច​នោះ។

ជ័យ​ជម្នះ​នេះ វា​បាន​ក្លាយជា​កំណត់ត្រា​ដ៏​ល្អ​ផុត ចំពោះ​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់ ផល សោភ័ណ្ឌ នៅ​សង្វៀន PNN ហើយ​ សោភ័ណ្ឌ ក៏​​ទទួលបាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​១០០ដុល្លារ ពី​ម្ចាស់​ឧបត្ថម្ភ បន្ថែម​ទៅ​លើ​ប្រាក់រង្វាន់​ ចំពោះ​ការផ្តួល​គូ​​ប្រកួត​ឲ្យសន្លប់​នេះ​ផង​ដែរ។

​​ដោយ​ឡែក​កីឡាករ​ជើង​ខ្លាំង​វ័យ​ក្មេង​របស់​កម្ពុជា វ៉ាន់ វឿន ពិតជា​ធ្វើ​បាន​យ៉ាង​ជោគ​ជ័យ ដើម្បី​បាន​ឡើង​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ប្រាក់​ដូច​ការ​រំពឹង​ទុក ខណៈរូប​គេ​បាន​បុក​ជង្គង់​ឲ្យ​អ្នក​ប្រដាល់​ថៃ Payak Insee ឲ្យ​សន្លប់ នៅ​ពាក់កណ្តាល​ទឹក​២​នោះ។

​បើ​ទោះ​បីជា វ៉ាន់ វឿន បាន​បង្ហាញភាព​ស្រពេច​ស្រពិល ក្នុង​ការ​​ជួប Payak Insee ប៉ុន្តែ​តាម​រយៈ​ការ​ប្រកួត​ផ្ទាល់ វ៉ាន់ វឿន បាន​គ្រប់​គ្រង​ការ​ប្រកួត​បាន​យ៉ាង​ល្អ តាម​រយៈការ​ម៉ាត់ និង​វាយ​កែង​ទៅ​លើ​ថៃ ហើយ​នៅពេល Payak Insee ​បង្ហាញ​ភាព​រន្ធើន ក្នុងការ​វាយ​សង​នោះ វ៉ាន់ វឿន បានបុក​ជង្គង់តប​ទៅ​វិញ ចូល​ពោះ​២​ជង្គង់ បណ្តាល​ឲ្យ​ Payak Insee ដួល​ដេក​ក្រោក​លែង​រួច​តែ​ម្តង។

ជាមួយ​ជ័យជម្នះ​នេះ បានជួយ​ឲ្យ វ៉ាន់ វឿន បាន​ឡើង​ទៅ​កាន់​វគ្គ​៨​នាក់​ចុង​ក្រោយ ដើម្បី​ត្រៀម​ប្រកួត​ដណ្តើម​យក​ខ្សែ​ក្រវាត់​ប្រាក់ ដូច​ការ​រំពឹង​ទុក ខណៈបេក្ខភាព​៣នាក់ទៀត ដែល​បាន​ឈរ​ចាំ​នៅ​វគ្គ​នេះ​ដែរ រួម​មាន​កីឡាករ​ថៃ ​ Khom Pichit កីឡាករ​កម្ពុជា លាភ រដ្ឋា និង ឃួន ឡាំងកូស៊ីន៕

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.