​ការ​ប្រឈម​មុខដាក់​គ្នា នៅ​CNC សប្តាហ៍នេះ គឺ​កីឡាករ​កម្ពុជា ឈ្នះ​បរទេស ស្ទើរទាំង​អស់

4 weeks ago​ | ដោយ V-Dr

កីឡាករ​លំដាប់ជួរ​មុខ និង​ជើងខ្លាំង​ជំនាន់​ក្រោយ​របស់​កម្ពុជា​ចំនួន​៩​នាក់រួម​មាន ឡុង សុភី, យ៉េន ឌីណា, ឡុង ជិន, សុខ សាវិន, មឿន សុខហ៊ុច, បាង កាយ៉ាក, តាញ់ មករា, ហ៊ឹម សេរី និង អេ ណារ័ត្ន ​​បាន​ធ្វើ​ឲ្យការ​ប្រកួតលក្ខណៈ​អន្តរជាតិ នៅ​លើ​សង្វៀន CNC សម្រាប់​ប្រចាំ​សប្តាហ៍នេះ មានការ​ប្រែ​ប្រួល​ខ្លួន ខណៈពួក​គេ​សុទ្ធ​តែ​បាន​យក​ឈ្នះ​លើ​កីឡាករ​បរទេសដូច​គ្នា​នោះ គឺ​មាន​តែ ធឿន ធារ៉ា ម្នាក់​គត់ ដែល​បានចាញ់​ជើង​ខ្លាំង​របស់​ថៃ នៅ​លើ​សង្វៀន​មួយនេះ។

តាម​រយៈ​ការ​ប្រកួត កាល​ពី​ថ្ងៃសៅរ៍ និងថ្ងៃ​អាទិត្យ ម្សិល​មិញ​នេះ ហ៊ឹម សេរី និង ឡុង ជិន ​បានចំណាយ​ពេលតិចជាង​គេ ក្នុងការ​យក​ឈ្នះ​លើ​កីឡាករ​បរទេស ដោយ​ក្នុង​នោះ ហ៊ឹម សេរី បាន​ទាត់​ឲ្យ​កីឡាករ​ថៃ Nok Krachip ខូច​ដៃ​ឆ្វេង និង​បោះ​បង់​ចោល​ការ​ប្រកួត នៅ​ត្រឹមទឹក​ទី​២ ចំណែក ឡុង ជិន បា​ន​ផ្តួល​អ្នក​ប្រដាល់​មក​ពីឥណ្ឌា Mukherjee Anup ឲ្យ​សន្លប់នៅ​ទឹកទី​៣។

ចំណែក តាញ់ មករា និង បាង កាយ៉ាក សុទ្ធតែ​បាន​យកឈ្នះ​លើ​កីឡាករ​ថៃ ដោយពិន្ទុ ដើម្បី​ឡើង​ទៅ​កាន់​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ទម្ងន់​៦០​គីឡូ​ក្រាម ដោយ​ក្នុង​នោះ មករា បាន​ឈ្នះ​​ Khum Phum Noy ហើយ កាយ៉ាក បាន​ឈ្នះ Braphairy Phyanorn Yim។

ជាមួយ​លទ្ធ​ផល​នេះ តាញ់ មករា និង បាង​ កាយ៉ាក នឹង​​ត្រូវ​ឡើង​ទៅជួប​អ្នក​ប្រដាល់​ថៃ Vithak Yayuth ដែល​បាន​ឈ្នះពិន្ទុ អេលីត សាន់ និង​កីឡាករ​ថៃ​ម្នាក់​ទៀត​ឈ្មោះ Phat Kreangkrai ដែល​បាន​យក​ឈ្នះ រ៉ែន រាជ នៅ​ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​ដូច​គ្នា​នេះ​ផងដែរ កាល​ពី​សប្តាហ៍​មុន។

យ៉ាងណា​មិញ កីឡាករ សុខ សាវិន ទទួល​បាន​ជោគ​ជ័យ ក្នុងការ​សម្រេចការ​សង​សឹក​ទៅ​លើ​ជើង​ខ្លាំង​របស់​ថៃ Link Loom សម្រាប់​ការ​ជួប​គ្នាជាថ្មី ក្នុង​ព្រឹត្តិការណ៍​ដណ្តើម​​ប្រាក់​លាន ដើម្បី​ទទួល​បាន​១​លាន​រៀល ប៉ុន្តែ ធឿន ធារ៉ា បាន​បាត់​បង់ឱកាស​ឈ្នះ​​ប្រាក់លាន​នេះ ក្រោយ​ចាញ់​ពិន្ទុ​ជើង​ខ្លាំង​របស់​ថៃ Korng Moerng Chang។

ផ្ទុយ​ពីនេះ អ្នក​លេង​ជង្គង់ ឡុង សុភី បាន​យក​ឈ្នះ​កីឡាករ​ថៃ Pu Sang Yai ដោយ​ពិន្ទុ ក្រោម​ការ​ប្រកួត​យ៉ាង​ស្វិត​ស្វាញ​បំផុត រីឯ យ៉េន ឌីណា ក៏​បាន​យក​ឈ្នះពិន្ទុ​លើ​​ថៃ Korng Napha ដោយ​លំបាក​ដូច​គ្នា។ ចំណែក​កីឡាករ​អាងទៅ​លើ​កម្លាំង​ទាត់ចេញ មឿន សុខហ៊ុន បាន​យក​ឈ្នះ​លើ​ជើង​ខ្លាំង​របស់​ថៃ Noeng Trakan ដោយ​ពិន្ទុជា​ថ្មី​ម្តង​ទៀត ហើយ អេ ណារ័ត្ន បាន​យក​ឈ្នះ​កីឡាករអូបេគីស្ថាន Tulabaev Kobibek ដោយ​ពិន្ទុ​ទាំង​លំបាក៕

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.