ព្រះខ័នរាជស្វាយរៀង កាន់តែ​មាន​ការ​ជឿជាក់ ក្រោយ​ឈ្នះ​​ក្រុម​ឡាវ Master 7 ក្នុងទឹក​ដី

1 month ago​ | ដោយ V-Dr

ក្រុម​ម្ចាស់​ជើងឯក​លីកកំពូល​កម្ពុជា ព្រះខ័នរាជស្វារៀង កាន់តែ​មាន​ការជឿជាក់​ខ្លាំង ក្នុងការ​ស្វែង​រក​ឱកាស ដើម្បី​ឡើង​ទៅ​ប្រកួត​វគ្គ​បន្ត​នៃ​ពាន​រង្វាន់ AFC Cup 2020 បន្ទាប់​ពី​ពួក​គេ បាន​យក​ឈ្នះ​ក្រុម​ឡាវ Master 7 ក្នុង​លទ្ធ​ផល ៤-១ ក្នុង​វគ្គ​ជម្រុះ play-off នៅ​លើទឹក​ទឹក​ដី​ខ្លួន​ឯង នៃ​ពហុកីឡដ្ឋាន​ជាតិ កាលពី​យប់​ថ្ងៃ​ពុធ ម្សិល​មិញ។

​ជាមួយនឹង​ជ័យជម្នះនេះ លោក Conor Nestor គ្រូ​បង្វឹក​ក្រុម​ព្រះខ័នរាជស្វាយរៀង បាន​និយាយ​ក្រោយការ​ប្រកួត​ថា៖​«​បើ​ទោះ​បីជា យើង​បាន​បាត់ឱកាស​​ច្រើនលើក ក្នុងការ​រក​​បាន​គ្រាប់បាល់​បន្ថែម ប៉ុន្តែ​ការ​រក​​បាន​៤​គ្រាប់ នៅ​ក្នុង​ការ​ប្រកួតជម្រុះ AFC Cup វាជា​ចំណុច​​ល្អ​ហើយ ហើយ​ជំហាន​បន្ទាប់ គឺ​យើង​ត្រូវ​សម្រាក និង​ហ្វឹក​ហាត់​បន្ថែម ដើម្បី​​ត្រៀម​ការ​ប្រកួត​ជើង​ទី​២»។

​នៅ​ក្នុងការ​ប្រកួត​ដ៏​តាន​តឹងនេះ ខ្សែ​បម្រើ​ប្រយុទ្ធ ហួយ ផល្លីន រក​បាន​គ្រាប់​បាល់​បើក​ឆាក​ឲ្យក្រុមស្វាយរៀង នៅត្រឹម​នាទីទី​១៥ ប៉ុន្តែ​ត្រូវបាន​ខ្សែ​ប្រយុទ្ធ Soulleymane រក​បាន​គ្រាប់តាម​ស្មើ​ឲ្យ​ក្រុម Master 7 វិញ នៅនាទីទី​២១។

​យ៉ាង​ណា​ក៏​ដោយ ជាមួយលទ្ធ​ផល​នេះ ​ក្រុម​ម្ចាស់​ផ្ទះ​ស្វាយរៀង បានបង្កើន​ការ​វាយ​លុក​កាន់​តែ​ខ្លាំង និង​រក​បាន​៣​គ្រាប់បន្ថែម ដោយ​ក្នុង​នោះ​ខ្សែ​​ប្រយុទ្ធ Privat រក​បាន​២​គ្រាប់ នៅនាទីទី​៤០ និងទី​៦២ មុន​ពេល ហួយ ផល្លីន រក​បាន​គ្រាប់​បាល់​ទី​២​របស់​ខ្លួន នៅនាទីទី​៦៩។

ជាមួយ​ការ​ឈ្នះ​ក្រុម Master 7 ក្នុង​លទ្ធ​ផល ៤-១ ក្នុង​ជើង​ទី​១ ក្នុងទឹក​ដី​ខ្លួន​ឯង​នេះ បានធ្វើ​ក្រុមស្វាយរៀង ទំនុកចិត្តកាន់​តែ​ខ្ពស់ ក្នុងការ​ត្រៀម​ខ្លួន​ប្រកួតកាត់​សេចក្តី​ជើង​ទី២ នៅ​លើ​ទឹក​ដី​ឡាវ ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ខាង​មុខ​នេះ។

ចំណែក​លោក Catalin Mihia Dini គ្រូ​បង្វឹក​ក្រុម Master 7 បាន​សរសើរពី​ភាព​ខ្លាំង​របស់​ក្រុមស្វាយរៀង ដែល​ពិ​បាក​នឹង​ទប់ទល់។ លោក​បាន​និយាយ​ថា៖​«ព្រះខ័ន​រាជ​ស្វាយ​រៀង គឺជាក្រុមខ្លាំង និងមានកីឡាករល្អច្រើន ហើយចូលចិត្តលេងប្រយុទ្ធច្រើន ហេតុនេះ​យើងនឹងព្យាយាមរៀបចំក្រុមធ្វើឲ្យបានល្អជាងការប្រកួតនេះ ដើម្បី​ត្រៀម​ស្វាគមន៍​ក្រុមនេះ​វិញ នៅ​ក្នុងការ​ប្រកួតជើងទី​២»៕

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.