Newcastle នាំយកខ្សែបម្រើ Bentaleb ពីក្លិប Schalke ក្នុងលក្ខខណ្ឌខ្ចីជើង

1 month ago​ | ដោយ V-Dr

ក្លិប Newcastle បានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើ Nabil Bentaleb របស់ក្លិប Schalke ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាលនេះ ជាមួយនឹងជម្រើសក្នុងការទិញយកដាច់។ ខ្សែបម្រើអន្តរជាតិអាល់ហ្សេរីរូបនេះ បានចូលរួមជាមួយនឹងក្លិប Schalke ពីក្លិប Tottenham ក្នុងលក្ខខណ្ឌខ្ចីជើងដូចគ្នា នៅមុនពេលចុះហត្ថលេខារយៈពេល៤ឆ្នាំ កាលពីខែកុម្ភៈ ឆ្នាំ២០១៧។

រូបគេបានបង្ហាញខ្លួន៦៦លើកសម្រាប់ក្រុម Spurs ក្នុងរយៈពេល២ឆ្នាំកន្លះ និងបានស៊ុតបាល់បញ្ចូលទី១៩គ្រាប់ក្នុងការប្រកួត៩៧លើកសម្រាប់ក្រុម Schalke។ កីឡាករវ័យ២៥ឆ្នាំរូបនេះបានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Premier League»។

ក្លិប Newcastle បានចរចាលើជម្រើសមួយដើម្បីធ្វើឲ្យការផ្ទេរនេះ ក្លាយជាការផ្ទេរជាអចិន្ត្រៃយ៍ក្នុងពេលចប់រដូវកាលនេះ សម្រាប់តម្លៃខ្លួនប្រមាណជា៨,៥លានផោន (ស្មើនឹង១១លានដុល្លារអាមេរិក)។ Bentaleb វ័យ២៥ឆ្នាំ មិនធ្លាប់បានលេងឲ្យក្លិបស្ថិតក្នុងក្របខ័ណ្ឌ Bundesliga មួយនេះសោះ នៅរដូវកាលនេះ ក្រោយពីត្រូវបានធ្លាក់ចេញពីក្រុមជម្រើសដំបូងដោយសារតែបញ្ហាវិន័យ។ ការរងរបួសជង្គង់ ក៏រំខានដល់ឱកាសរបស់គេផងដែរ ប៉ុន្តែ លោក Steve Bruce អ្នកចាត់ការទូទៅរបស់ក្លិប Newcastle ជឿជាក់ថា អតីតកីឡាករយុវជនរបស់ក្លិប Tottenham នឹងមានភាពខ្លាំងវិញក្នុងពេលវិលទៅកាន់ក្របខ័ណ្ឌ Premier League៕

កែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.