មេប្រដាល់ ក្រើនរំឭកដល់ សេក គឹមរួន ឲ្យប្រយ័ត្ន ចំពោះការប្រកួតឡើងវិញ ជាមួយ Rith Aiyara

2 weeks ago​ | ដោយ V-Dr

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក តែម ម៉ឺន បានធ្វើការក្រើនរំឭកទៅដល់កីឡាករកម្ពុជា សេក គឹមរួន ឲ្យមានការប្រុងប្រយ័ត្ន សម្រាប់ការប្រកួតឡើងវិញជាមួយអ្នកប្រដាល់ថៃ Rith Aiyara ក្នុងវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍«កម្ពុជាសង្វៀនគុនខ្មែរ» នៅលើសង្វៀន CNC នាព្រឹកថ្ងៃសៅរ៍នេះ។

ការក្រើនរំឭកនេះ ក៏ព្រោះតែលោក តែម ម៉ឺន បានដាក់ការសង្ស័យទៅលើ សេក គឹមរួន ថាមានចេតនា ធ្វើជាសន្លប់ ដើម្បីស៊ីឡាក់ បើទោះបីជា គឹមរួន ពិតជាត្រូវបានកីឡាករថៃ Rith Aiyara ទាត់បំពានខុសទៅនឹងបទបញ្ជា បណ្តាលឲ្យសន្លប់មែន នៅក្នុងការប្រកួតលើកទី១ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ក៏ដោយ។

ថ្លែងសំដៅទៅលើករណីសន្លប់របស់ សេក គឹមរួន នោះ លោក តែម មែន បានលើកឡើងថា៖«យើងបានពិនិត្យមើលឡើងវិញទាំងអស់គ្នា គឺកីឡាករយើងសន្លប់ហ្នឹង វាមិនមែនជាភាពមួយត្រឹមត្រូវ ដែលអាចឲ្យកីឡាកររបស់យើង ឈ្នះនោះទេ ហើយខ្ញុំជឿជាក់ថា អ្នកឧបត្ថម្ភ និងអ្នកគាំទ្រទាំងអស់ ក៏មិនចង់ឃើញថា អ្នកដែលត្រូវតិចតួច ធ្វើជាសន្លប់ ហើយងើបឡើងមកបំពាក់ខ្សែក្រវាត់យ៉ាងសង្ហានោះដែរ អ៊ីចឹងបច្ចេកទេស និងការដោះស្រាយរបស់យើង ដើម្បីធ្វើឲ្យអស់ចិត្ត និងមានតម្លាភាព គឺយើងត្រូវឲ្យមានការប្រកួតម្តងទៀត»។

លោក តែម ម៉ឺន បានសង្កត់ធ្ងន់ថា៖«ចំណែកការប្រកួតលើកទី២នេះ បើមានបញ្ហាបែបនេះដដែល គឺយើងនឹងដោះស្រាយទៅតាមរបៀបមួយ ដែលយើងបានកំណត់ អ៊ីចឹងបញ្ហានេះកីឡាករ (សេក គឹមរួន) ត្រូវតែមានការប្រុងប្រយ័ត្ន ព្រោះយើងមិនអាចបំពាក់ខ្សែក្រវាត់ ឲ្យកីឡាករ ដែលត្រូវគេវាយចំតែបន្តិច ធ្វើជាសន្លប់នោះទេ ដោយសារវាគ្មានគុណភាពទាល់តែសោះ»។

យ៉ាងណាក៏ដោយ សេក គឹមរួន មិនបានទទួលយកការចោទប្រកាន់ថា រូបគេបានធ្វើពុតនោះទេ។ គឹមរួន បានប្រាប់ថា៖«ខ្ញុំធ្វើពុត ឬមិនធ្វើពុតនោះទេ អ្នកទស្សនា ដែលបានមើលការប្រកួតនោះ ឃើញច្បាស់ហើយ។ ខ្ញុំដួលផ្កាប់មុខទៅលើរេញ តែត្រូវគេទាត់ថែមឡើងផ្ងារមកវិញ តើកម្លាំងទាត់នោះ ខ្លាំង ឬតិច? ខ្ញុំគ្រាន់តែចង់ប្រាប់ថា ការទាត់ថែម១ជើងនោះ បានធ្វើឲ្យខ្ញុំហើមមុខប៉ោងដូចខ្លាឃ្មុំ ជិត១សប្តាហ៍នេះ ហេតុនេះហើយតើទម្ងន់នៃការទាត់នោះ ឲ្យខ្ញុំងើបរួចដោយរបៀបណា?»។

សេក គឹមរួន បានបន្ថែមថា៖ «ខ្ញុំទទួលស្គាល់ថា ខ្ញុំពិតជាបានចាញ់ប្រៀបគេមែន ព្រោះគេបានវ៉ៃឲ្យខ្ញុំរាប់ នៅក្នុងទឹកទី៤ គឺអាចនិយាយ បើគេមិនទាត់ថែមមកដល់ខ្ញុំ នៅទឹកទី៥ទេនោះ គេនឹងឈ្នះពិន្ទុខ្ញុំ១០០ភាគរយ ប៉ុន្តែដល់ពេលប្រកួតលើកទី២នេះ មិនអាចសន្និដ្ឋានបានទេ គឺវាអាចនឹងប្រែប្រួល»។

សិស្សគណក្លិបមកុដរាជសីហ៍ សេក គឹមរួន បានបញ្ជាក់ថា៖«ការប្រកួតលើកនេះ ខ្ញុំរំពឹងអាចទទួលបានជ័យជម្នះដែរ ព្រោះខ្ញុំបានហ្វឹកហាត់ត្រៀមមែនទែន គឺត្រៀមទាំងកម្លាំង និងបច្ចេកទេស ហើយគ្រូបង្វឹក និងរៀមច្បង របស់ខ្ញុំ ក៏បានប្រាប់ពីចំណុច ដែលខ្ញុំត្រូវវ៉ៃ ផងដែរ»។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រប្រចាំក្រុមBនេះ គឺអ្នកឈ្នះ នឹងទទួលបានប្រាក់៥០០ដុល្លារ និងម៉ូតូ Zoomer X មួយគ្រឿង ព្រមទាំងបានឡើងទៅប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមយកខ្សែក្រវាត់ អមជាមួយប្រាក់រង្វាន់៦០០០ដុល្លារ ជាមួយអ្នកទទួលបានលេខ១ប្រចាំក្រុមA ធន់ ចាន់តាក់ ទៀតផង។ ចំណែក អ្នកចាញ់លេខ២ នឹងធ្លាក់ ជាមួយការទទួលបានប្រាក់រង្វាន់២០០០ដុល្លារ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.