ម៉ន សាម៉េត ធ្លាក់ចេញពីការប្រកួតដណ្តើមខ្សែក្រវាត់មាស នៅ PNN ត្រឹមវគ្គជម្រុះបើកឆាក

2 weeks ago​ | ដោយ V-Dr

កីឡាករខ្លួនតូចចិត្តធំ សម្បូរទៅដោយកលល្បិចប្រកួត ម៉ន សាម៉េត បានក្លាយជាបេក្ខភាពរបស់កម្ពុជាមុនគេ ដែលបានធ្លាក់ចេញពីការប្រកួតដណ្តើមខ្សែក្រវាត់មាស នៃព្រឹត្តិការណ៍អធិរាជគុនខ្មែរ ISI PALM-ISI PIPE ទម្ងន់៥៧គីឡូក្រាម បន្ទាប់ពីរូបគេ បានចាញ់ពិន្ទុអ្នកប្រយុទ្ធរបស់ថៃ Khom Pichit នៅលើសង្វៀន PNN កាលពីថ្ងៃអាទិត្យ។

ការធ្លាក់ចេញពីការប្រកួតរបស់ ម៉ន សាម៉េត ត្រឹមវគ្គជម្រុះ១៦នាក់ កាលពីថ្ងៃអាទិត្យនោះ វាបានបង្ហាញឲ្យឃើញថា Khom Pichit ជាកីឡាករ ដែលមានសមត្ថភាពខ្លាំង និងជាមុខសញ្ញាយ៉ាងសំខាន់ ក្នុងការប្រជែងដណ្តើមយកខ្សែក្រវាត់មាស អមជាមួយប្រាក់រង្វាន់១ម៉ឺនដុល្លារ ក្នុងរដូវកាលទី២ ឆ្នាំ២០១៩នេះ។

យ៉ាងណាក៏ដោយ កម្ពុជា នៅសល់បេក្ខភាពចំនួន៧នាក់ទៀត រួមមាន វ៉ាន់ វឿន, អេ ណារ័ត្ន, ពេជ្រ ម្ទេសខ្មាំង, លាភ រដ្ឋា, ប៊ុន សុធា, អេលីត ចំរើន និង ឃួន ឡាំងកូស៊ីន ដែលអ្នកទាំង៧នេះ នឹងត្រូវប្រកួតជម្រុះចាញ់ធ្លាក់ៗ ជាបន្តបន្ទាប់ជាមួយបេក្ខភាពថៃទាំង៧នាក់ទៀត មាន Khom Pyak, Phai Ngin, Petch Chhomphon, Kam Laiyok, Chai Pahen, Na Konloung និង Pyak Ensee ដើម្បីរកអ្នកឈ្នះ៧នាក់ទៀត ឡើងទៅវគ្គ៨នាក់ចុងក្រោយ។

បើទោះបីជា ការប្រកួតដណ្តើមខ្សែក្រវាត់មាសនេះ ត្រូវបានធ្វើឡើង នៅលើទឹកដីកម្ពុជា ប៉ុន្តែប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក តែម ម៉ឺន បានធ្វើការព្រមានទៅដល់មន្រ្តីក្រោមឱវាទរបស់ខ្លួន នៅក្នុងសន្និសីទកាសែត មុនការប្រកួត កាលពីម្សិលមិញថា ត្រូវបំពេញការងារដោយយុត្តិធម៌ គឺគ្មានបក្ខពួកនិយមជាដាច់ខាត។

លោក តែម ម៉ឺន បានថ្លែងថា៖«ព្រឹត្តិការណ៍នេះ វាជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការពង្រឹងដល់សហព័ន្ធ និងប្រដាល់គុនខ្មែរ ហេតុនេះមន្រ្តីបច្ចេកទេសទាំងអស់ ត្រូវយកចិត្តទុកដាក់ បំពេញការងារឲ្យបានល្អ គឺយើងត្រូវកាត់សេចក្តីឲ្យមានតម្លាភាព និងយុត្តិធម៌ ទាំងកីឡាករកម្ពុជា និងថៃ គឺហាមដាច់ខាតកុំឲ្យមានបក្ខពួកនិយម»។

ជាមួយគ្នានោះ លោក ស្រ៊ឺ ស្រេង ហៅ សំណព្វ ប្រធានគ្រប់គ្រងកីឡានៅ PNN និងលោក តុប សុខា ប្រធានផ្នែកលក់របស់ក្រុមហ៊ុន ISI Steel ដែលជាដៃគូឧបត្ថម្ភផ្តាច់មុខ ក្នុងព្រឹត្តិការណ៍នេះ សុទ្ធតែចង់យកការប្រកួត ផ្តល់ឱកាសឲ្យកីឡាករកម្ពុជា បានពង្រឹងសមត្ថភាព ដើម្បីត្រៀមទៅប្រជែងយកមេដាយ នៅលើឆាកអន្តរជាតិ ជូនជាតិ ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ ជាប្រវត្តិសាស្រ្ត។

លោក សំណព្វ បាននិយាយថា៖«តាមពិតទៅ ISI Palm និង PNN រៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងលើកស្ទួយ និងចូលរួមអភិរក្ស និងអភិវឌ្ឍប្រដាល់គុនខ្មែរ តាមរយៈការផ្តល់ឱកាសឲ្យពន្លកកីឡាករវ័យក្មេង មានសមត្ថភាពឆ្នើមៗរបស់យើង បានសាកសមត្ថភាពជាមួយកីឡាករបរទេស ស្របពេលដែលប្រដាល់គុនខ្មែរ កំពុងត្រៀមលក្ខណៈប្រជែងរកមេដាយឲ្យបានកាន់តែច្រើន តាមដែលអាចធ្វើបាន នៅក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ជាប្រវត្តិសាស្រ្ត នៅកម្ពុជា»។

ចំណែកលោក តុប សុខា បាននិយាយថា៖ «ការបន្តឧបត្ថម្ភលើព្រឹត្តិការណ៍នេះ គឺក្រុមហ៊ុនយើង មានបំណងចូលរួមលើកស្ទួយ លើកតម្កើង និងអភិរក្សប្រដាល់គុនខ្មែរឲ្យកាន់តែមានការរីកចម្រើន ហើយខ្ញុំសម្តែងការកោតសរសើរដល់សហព័ន្ធ និង PNN ដែលបានបង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើយ ក្នុងការផ្តល់ឱកាសឲ្យប្អូនៗជាកីឡាករ បានបញ្ចេញសមត្ថភាព ក៏ដូចជាដកស្រង់បានបទពិសោធថ្មីៗ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតប្រជែងដណ្តើមមេដាយ ជូនប្រទេសជាតិ នៅស៊ីហ្គេម ឆ្នាំ២០២៣»។

ចំពោះរូបមន្តប្រកួតរដូវកាលទី២នេះ គឺកីឡាករកម្ពុជាទាំង៨នាក់ ត្រូវប្រកួតជម្រុះជាមួយអ្នកប្រដាល់ថៃចំនួន៨នាក់ដូចគ្នា។ អ្នកឈ្នះទាំង៨នាក់ ក្នុងវគ្គនេះ នឹងត្រូវតម្រូវឲ្យធ្វើការចាប់ឆ្នោត គឺឲ្យកម្ពុជា ប៉ះថៃ ជាមុនសិន ក្នុងករណី ភាគីតំណាងឲ្យប្រទេសទាំង២ មានអ្នកឈ្នះ និងបានឡើងដល់វគ្គនេះដូចគ្នា។

ចំណែកអ្នកឈ្នះចំនួន៤នាក់ នៅក្នុងការប្រកួតជម្រុះ៨នាក់ចុងក្រោយនេះ នឹងទទួលបានខ្សែក្រវាត់ប្រាក់ម្នាក់១ រួមជាមួយប្រាក់រង្វាន់៤លានរៀលដូចគ្នា មុនពេលអ្នកទាំង៤ បន្តឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ដណ្តើមយកខ្សែក្រវាត់មាស អមជាមួយប្រាក់រង្វាន់១ម៉ឺនដុល្លារ សម្រាប់អ្នកបានលេខ១ និង២ពានដុល្លារ សម្រាប់អ្នកបានលេខ២៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.