សហព័ន្ធវាយកូនឃ្លីលើតុ គេចផុតពីការជាប់ពិន័យ ទោះរៀបចំការប្រកួតថ្នាក់ជាតិ ខុសទៅនឹងគោលការណ៍ បានកំណត់

3 weeks ago​ | ដោយ V-Dr

សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ដែលទើបតែបានប្តូរក្បាលម៉ាស៊ីនដឹកនាំ ដើម្បីគេចចេញពីការដួលរលំ ក្រោយប្រធានសហព័ន្ធចាស់ លោក ឧកញ៉ា រ័ត្ន សាខន បានលាឈប់នោះ មិនជាប់នៅក្នុងការសង្ស័យ និងរងការពិន័យនោះទេ បើទោះបីជាសហព័ន្ធនេះ បានយកការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ មិនធ្វើនៅឆ្នាំ២០២០ ដែលខុសទៅនឹងគោលការណ៍កំណត់របស់ ពីក្រសួងអប់រំ យុវជន និងកីឡា ក៏ដោយ។

តាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា គឺសហព័ន្ធកីឡាជាតិ ដែលទទួលបានកញ្ចប់ថវិកា សម្រាប់យកមកបណ្តុះបណ្តាល និងរៀបចំការប្រកួត ប្រចាំឆ្នាំ ត្រូវបង្វិលថវិកាទាំងនោះ ឲ្យទៅរដ្ឋវិញ បើសិនជាសហព័ន្ធនោះ មិនបានអនុវត្តផែនការចំណាយ ទៅតាមពេលវេលាកំណត់ ប្រចាំឆ្នាំនីមួយៗទេនោះ ហើយសហព័ន្ធនោះ ក៏អាចប្រឈមទៅនឹងការជាប់ពិន័យ ចំពោះការមិនអនុវត្តលើផែនការប្រចាំឆ្នាំនេះដែរ។

យ៉ាងណាក៏ដោយ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ដែលទទួលបានកញ្ចប់ថវិកាចំនួន៦០លានរៀល ពីក្រសួងអប់រំ យុវជន និងកីឡា សម្រាប់គម្រោងចំណាយ លើការប្រកួត រដ្ឋបាល និងវគ្គបណ្តុះបណ្តាល ប្រចាំឆ្នាំ២០១៩នោះ មិនបានជាប់ពិន័យលើករណីនេះទេ បើទោះបីជា សហព័ន្ធនេះ បានធ្វើខុសទៅនឹងគោលការណ៍ បានកំណត់ក៏ដោយ គឺពួកគេ នៅតែអាចរៀបចំការប្រកួតថ្នាក់ជាតិ ឆ្លងឆ្នាំ បានយ៉ាងរលូន ក្រោមអធិបតីភាពប្រធានសហព័ន្ធថ្មី លោកនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ និងលោក អ៊ុក សិទ្ធិជាតិ តំណាងឲ្យក្រសួងអប់រំ។

ទាក់ទងទៅនឹងបញ្ហានេះ លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុ បានប្រាប់ថា សហព័ន្ធ បានសុំគោលការណ៍ទៅក្រសួងអប់រំ ពីភាពចាំបាច់ និងជាក់ស្តែងក្នុងការពន្យាពេលការប្រកួតថ្នាក់ជាតិ ឆ្នាំ២០១៩ ឆ្លងចូលឆ្នាំ២០២០នេះរួចហើយ ហើយបញ្ហាយឺតយ៉ាវនេះ ព្រោះសហព័ន្ធ មានបញ្ហាផ្ទៃក្នុង ដោយសារប្រធានចាស់លោកឧកញ៉ា រ័ត្ន សាខន បានលាឈប់ លែងធ្វើសកម្មភាព។ ក្រោយមក សហព័ន្ធ មានភារកិច្ច បញ្ជូនក្រុមអត្តពលិកទៅប្រកួតស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន នៅចុងឆ្នាំ២០១៩ទៀត។

ចំណែកលោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា ដែលជាស្ថាប័នអនុវត្តគម្រោងជម្រើសជាតិ ដោយសហការជាមួយសហព័ន្ធជាតិ បានប្រាប់កាសែតក្នុងស្រុកមួយថា៖ «ការប្រកួតឆ្លងឆ្នាំនេះ វាមិនខុសច្បាប់អីទេ ព្រោះយើងផ្អែកទៅលើភាពជាក់ស្តែង ព្រោះសហព័ន្ធនេះ ជាប់កំណែទម្រង់ថ្នាក់ដឹកនាំផ្ទៃក្នុងផង ហើយទើបបានផ្លាស់ប្តូរប្រធានថ្មី កាលពីចុងខែវិច្ឆិកា អ៊ីចឹងហើយទើបយើងរៀបចំជើងឯកជាតិ ប្រចាំឆ្នាំ២០១៩ ឆ្លងចូលឆ្នាំ២០២០ចំនួនពីរថ្ងៃ»។

គួរបញ្ជាក់ថា ការប្រកួតកីឡាវាយកូនឃ្លីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩នេះ មានក្លិបចូលរួមចំនួន១៣ និងមានអត្តពលិក៧៩នាក់ ដោយពួកគេត្រូវប្រកួតគ្នា នៅលើវិញ្ញាសាចំនួន៦ ដែលបានចាប់ផ្តើម កាលពីរសៀលថ្ងៃព្រហស្បតិ៍ និងគ្រោងបញ្ចប់នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.