វីរកីឡាការិនី កែ ឡេង និង សុខ ច័ន្ទមាន បានបើកឆាកជាមួយការឈ្នះមេដាយមាសជើងឯកអាស៊ី ដូចគ្នា នៅវៀតណាម

2 months ago​ | ដោយ V-Dr

វីរកីឡាការិនី កែ ឡេង និងវីរកីឡាករ សុខ ច័ន្ទមាន បានធ្វើឲ្យប្រទេសចូលរួម ការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ី លើកទី៣ ដែលកំពុងធ្វើនៅប្រទេសវៀតណាម មានការចាប់អារម្មណ៍កាន់តែខ្លាំង ទៅនឹងភាពខ្លាំងរបស់កម្ពុជា ក្នុងការប្រកួតប្រភេទកីឡាប៉េតង់នេះ ខណៈអ្នកទាំង២ បានបើកឆាក ជាមួយការឈ្នះបានមេដាយមាសដូចគ្នា នៅលើវិញ្ញាសាវាយយកពិន្ទុនោះ។

សម្រាប់ការប្រកួតលើវិញ្ញាសាវាយយកពិន្ទុ ដែលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនោះ កីឡាការិនីជើងចាស់ កែ ឡេង និង សុខ ច័ន្ទមាន សុទ្ធតែបានល្អដូចគ្នា នៅក្នុងការប្រកួតជម្រុះ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយរឿងដ៏គួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺអ្នកទាំង២ បានយកឈ្នះកីឡាករ និងកីឡាការិនីរបស់ថៃ នៅវគ្គផ្តាច់ព្រ័ត្រ ដូចគ្នា។

តាមរយៈការប្រកួតផ្តាច់ព្រ័ត្រនោះ អ្នកស្រី កែ ឡេង បានយកឈ្នះកីឡាការិនីថៃជាមួយពិន្ទុ ៤២-២២ ហើយលទ្ធផលនេះ បញ្ជាក់ឲ្យឃើញថា វិញ្ញាសាវាយយកពិន្ទុនេះ នៅតែគ្មានអ្នកណា អាចយកឈ្នះម្ចាស់មេដាយមាសពិភពលោក៤សម័យកាល របស់កម្ពុជា រូបនេះ បានដដែល។ រីឯ សុខ ច័ន្ទមាន បានយកឈ្នះកីឡាករថៃ ជាមួយពិន្ទុ ៤៥-៣៤។

ការឈ្នះមេដាយមាសចំនួន២ នៅក្នុងការប្រកួតបើកឆាកនេះ វាបានបំពេញទៅតាមការអះអាងរបស់ លោក សូម៉ៃ សុខគា អគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងជាប្រធានប្រតិភូដឹកនាំការប្រកួតនេះ ដែលលោកបាននិយាយ មុនចេញទៅប្រកួតថា ក្រុមប៉េតង់កម្ពុជា នឹងដណ្តើមបានមេដាយមាស ពីការប្រកួតនេះ។

បន្ថែមទៅលើនេះ កីឡាករជាយុវជនរបស់កម្ពុជា ភាព សុរ៉ាឃឹម ក៏បានឈ្នះមេដាយសំរឹទ្ធ នៅលើការវាយយកពិន្ទុ ផ្នែកយុវជនផងដែរ គឺមានន័យថា កម្ពុជា ដណ្តើមបានមេដាយ ទាំង៣វិញ្ញាសា ដែលដាក់ឲ្យប្រកួត កាលពីម្សិលមិញ ខណៈពេលនេះកម្ពុជា នៅសល់ការប្រកួត៥វិញ្ញាសាទៀត គឺប្រកួត៣ទល់៣នាក់ ទាំងផ្នែកបុរស នារី និងយុវជន ព្រមទាំងការប្រកួតវិញ្ញាសាចម្រុះ៣ទល់៣នាក់ (បុរស២នាក់ និងនារី១នាក់) និងចម្រុះ៣ទល់៣នាក់ (បុរស១នាក់ និងនារី២នាក់)៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.