លោក Ancelotti ត្រូវបានបណ្តេញចេញ បើទោះបីដឹកនាំឲ្យ Napoli ឈ្នះកៅអីវគ្គ ១៦ក្រុម

1 month ago​ | ដោយ V-Dr

លោក Carlo Ancelotti ត្រូវបានបណ្តេញចេញដោយក្លិប Napoli បើទោះបីដឹកនាំឲ្យក្រុមស្ថិតក្នុងក្របខ័ណ្ឌ Serie A មួយនេះ ឈានទៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ តាមរយៈការយកឈ្នះលើក្រុម Genk ៤-០ ក៏ដោយ។

ក្លិប Napoli បានឲ្យដឹងក្នុងសេចក្តីប្រកាសមួយថា៖ «ក្លិប Napoli បានសម្រេចចិត្តបញ្ចប់តំណែងរបស់លោក Carlo Ancelotti ក្នុងនាមជាគ្រូបង្វឹកបង្គោលរបស់ក្រុម»។ ការដណ្តើមបានជ័យជម្នះកាលពីថ្ងៃអង្គារលើក្រុម Genk ដែលនាំឲ្យក្រុម Napoli បញ្ចប់ដោយការឈរលេខ២ក្នុងពូល E ដោយដេញតាមពីក្រោយក្រុម Liverpool ១ពិន្ទុ បានបញ្ចប់ការមិនស្គាល់ឈ្នះសោះត្រឹម ៩ប្រកួត ហើយជ័យជម្នះនេះ បានកើតឡើង ស្របពេលមានការរំជើបរំជួលក្នុងចំណោមបុគ្គលិក និងការបែកប្រាក់គ្នារវាងក្លិប លោក Ancelotti និងកីឡាករ។

លោក Gennaro Gattuso អតីតអ្នកចាត់ការទូទៅរបស់ក្លិប AC Milan គឺជាបេក្ខភាពឈានមុខគេក្នុងការទទួលតំណែងនៅ Napoli ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ បន្ទាប់ពីក្រុមម្ចាស់ជើងឯក Juventus កាលពីរដូវកាលមុន ប៉ុន្តែ ស្ថិតក្នុងភាពត្រដាបត្រដួសនៅឆ្នាំនេះ។ ពួកគេកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ៧ នៅលើតារាងក្របខ័ណ្ឌលីកកំពូលអ៊ីតាលី ដោយមាន២១ពិន្ទុ និងតាមពីក្រោយក្រុមកំពុងនាំមុខ Inter Milan រហូតដល់១៧ពិន្ទុ និងមាន៨ពិន្ទុតាមពីក្រោយក្រុមឈរលេខ៤ Cagliari ដែលកំពុងគ្រប់គ្រងកៅអីចុងក្រោយសម្រាប់ក្របខ័ណ្ឌ Champions League នារដូវកាលក្រោយ៕

កែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.