ស៊ន សៀវម៉ី ថា ខ្លួនបានវ៉ៃក្បាច់ ដែលមិនធ្លាប់ប្រើ ដើម្បីឈ្នះមេដាយមាសហ្វីលីពីន លើកទី៣ ឲ្យកម្ពុជា

1 month ago​ | ដោយ V-Dr

វីរកីឡាការិនី ស៊ន សៀវម៉ី បានសារភាពថា ខ្លួនបានជួបការពិបាក ក្នុងការយកឈ្នះលើកីឡាការិនីម្ចាស់ផ្ទះ Alora Kirstie Elaine នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីឈ្នះមេដាយមាសឲ្យកម្ពុជា ជាលើកទី៣ នៅក្នុងការប្រកួតស៊ីហ្គេម លើកទី៣០ ដែលកំពុងដំណើរការនៅប្រទេសហ្វីលីពីន។

ស៊ន សៀវម៉ី បាននិយាយក្រោយការឈ្នះមេដាយមាស កាលពីយប់ថ្ងៃអាទិត្យថា៖«ខ្ញុំសប្បាយចិត្ត ចំពោះការឈ្នះបានមេដាយមាសនេះ គ្រាន់តែថា ខ្ញុំរាងភ័យដែរ ដោយសារឆ្នាំនេះហ្វីលីពីន ជាម្ចាស់ផ្ទះ ហើយយើងត្រូវជួបកីឡាការិនីហ្វីលីពីន នៅវគ្គផ្តាច់ព្រ័ត្រ អ៊ីចឹងរាងពិបាកបន្តិច គ្រាន់តែថា មានកម្លាំងចិត្តគ្រប់គ្រាន់ ដ្បិតអីលើកនេះប្លែកត្រង់ថា ខ្ញុំវ៉ៃជាមួយគាត់តែ៣ទឹកទេ ប៉ុន្តែលើកនេះ ទឹកទី៣ គាត់ស្មើជាមួយខ្ញុំ អ៊ីចឹងយើងត្រូវថែមមួយទឹកចុងក្រោយ»។

សម្រាប់ការប្រកួតលើប្រភេទទម្ងន់លើ៧៣គីឡូក្រាម នៅប្រទេសងហ្វីលីពីន កាលពីម្សិលមិញនោះ ស៊ន សៀវម៉ី បានយកឈ្នះកីឡាការិនីវៀតណាម Lam Thi Ha Thanh ជាមួយពិន្ទុ ២៥-១ ប៉ុន្តែសម្រាប់ការឡើងទៅជួបកីឡាការិនីហ្វីលីពីន Alora Kirstie Elaine ដែលជាគូប្រកួតចាស់ នៅវគ្គផ្តាច់ព្រ័ត្រនោះ អ្នកទាំង២ បានស្មើពិន្ទុគ្នា ៩-៩ ក្នុងការប្រកួត៣ទឹក។

លទ្ធផលនេះបានធ្វើឲ្យគណៈកម្មការ ឈានដល់ការថែមការប្រកួតទឹកទី៤ ដើម្បីកាត់សេចក្តី ហើយជាលទ្ធផល ស៊ន សៀវម៉ី បានទាត់ចំគោលដៅទៅលើកីឡាករម្ចាស់ផ្ទះបានមុន និងទទួលបាន៣ពិន្ទុបន្ថែម ដើម្បីយកឈ្នះជាមួយពិន្ទុសរុប ១២-៩ ហើយនេះក៏ជាការឈ្នះមេដាយមាស ចំនួន៣លើកជាប់ៗគ្នារបស់ ស៊ន សៀវម៉ី ផងដែរ។

ជាមួយជ័យជម្នះនេះ ស៊ន សៀវម៉ី បានសារភាពថា កញ្ញា បានប្រើក្បាច់ ដែលមិនធ្លាប់ប្រើកន្លងមក ដើម្បីយកឈ្នះ Alora Kirstie Elaine។ សៀវម៉ី បានបញ្ជាក់ថា៖«ខ្ញុំឈ្នះគាត់ ដោយសារខ្ញុំទាត់លើកពីក្រោយ ហើយតាំងពីមុនមក ខ្ញុំមិនដែលវ៉ៃក្បាច់នេះទេ ប៉ុន្តែដោយសារឱកាសវាមានហើយ អ៊ីចឹងខ្ញុំក៏ដាច់ចិត្តប្រើវាតែម្តងទៅ»។

សម្រាប់ការប្រកួត កាលពីម្សិលមិញនោះដែរ កីឡាការិនីកូនកាត់ខ្មែរ-អាមេរិក Tubbs Casandre Nicole បានឈ្នះមេដាយប្រាក់ ក្នុងការប្រកួតទម្ងន់ក្រោម៦២គីឡូក្រាម បន្ទាប់នាងបានចាញ់កីឡាការិនីវៀតណាម Pham Thi Tiem ដោយពិន្ទុ ១១-៩។

ចំណែកកីឡាការិនី ឈឿង អាលីហ្សា ក៏បានឈ្នះមេដាយប្រាក់ លើប្រភេទទម្ងន់ក្រោម៥៧គីឡូក្រាមផងដែរ បន្ទាប់កញ្ញា បានចាញ់កីឡាការិនីហ្វីលីពីន Lobez Pauline Louise ដោយពិន្ទុ ១៧-៣ នៅវគ្គផ្តាច់ព្រ័ត្រនោះ ហើយតាមរយៈការដណ្តើមបានមេដាយមាស១ និងប្រាក់២ បន្ថែមរបស់ក្រុមតេក្វាន់ដូ(WTF)នេះ បានធ្វើឲ្យកម្ពុជា នៅពេលនេះ ឈ្នះបានមេដាយមាសសរុបចំនួន៣ រួមជាមួយមេដាយប្រាក់៦ និងសំរឹទ្ធ២១ និងកំពុងឈរនៅលេខរៀងទី៨ ក្នុងចំណោមប្រទេសចូលរួមទាំង១១ នៅក្នុងតំបន់អាស៊ាន៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.