v9
V9BET

នាយបេកកម្មស៊ីហ្គេម ថា ការឈ្នះមេដាយមាសរបស់ល្បុក្កតោ ជាគំរូដល់អត្តពលិកទាំងអស់ ឲ្យខំប្រឹងរកមេដាយមាសបន្ថែម

4 days ago​ | ដោយ V-Dr

នាយបេសកកម្មស៊ីហ្គេម លោក វ៉ាត់ ចំរើន បានចាត់ទុកការដណ្តើមបានមេដាយមាសទី១របស់កីឡាករល្បុក្កតោ យ៉ុង ម៉េងលី ថា ជាគំរូ និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីគ្រប់ប្រភេទកីឡាទាំងអស់ ឲ្យខិតខំប្រឹងប្រែង ស្វែងរកមេដាយមេដាយមាស បន្តទៀត ជូនប្រទេសជាតិ ក្នុងការប្រកួតស៊ីហ្គេម ដែលកំពុងធ្វើនៅប្រទេសហ្វីលីពីន។

លោក វ៉ាត់ ចំរើន បានបង្ហាញការសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការឈ្នះមេដាយមាសនេះ លោកលោកបានថ្លែង ក្រោយការប្រកួត នៅហ្វីលីពីនថា៖ «ក្នុងនាមជានាយបេសកកម្មស៊ីហ្គេម ខ្ញុំមានក្តីសប្បាយរីករាយយ៉ាងខ្លាំង ដែលកីឡាករល្បក្កតោ បានឈ្នះមេដាយមាស លើការប្រកួតកីឡា Arnis លើកដំបូង ក្នុងការប្រកួតស៊ីហ្គេម លើកទី៣០ ក្រោមការដឹកនាំរបស់ឯកឧត្តមថោង ខុន ហើយមេដាយនេះ បានធ្វើឲ្យយើងមានក្តីសង្ឃឹម និងក្តីរំពឹង សម្រាប់ប្រតិភូកីឡាជាតិរបស់យើងទាំងមូល ដែលបានចូលរួមការប្រកួតស៊ីហ្គេម នៅហ្វីលីពីននេះ»។

លោកបានបញ្ជាក់ថា៖«ក្រុមល្បុក្កតោ ក៏ដណ្តើមបានមេដាយប្រាក់ និងសំរឹទ្ធ ជាច្រើនទៀតផងដែរ ខណៈពួកគេនៅសល់ការប្រកួតជាបន្តទៀត ហើយការឈ្នះមេដាយមាសនេះ ជាគំរូ និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីគ្រប់ប្រភេទកីឡាទាំងអស់ ឲ្យខិតខំប្រឹងប្រែង ស្វែងរកមេដាយមេដាយមាស បន្តទៀត ហេតុនេះសូមប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេសកម្ពុជា មេត្តាជួយជំរុញ និងលើកទឹកចិត្តដល់អត្តពលិករបស់យើង ព្រោះយើងទាំងអស់គ្នា បានខិតខំប្រឹងប្រែងណាស់ ដើម្បីប្រកួតដណ្តើមមេដាយជូនជាតិ»។

សម្រាប់ការប្រកួតកាលពីថ្ងៃចន្ទម្សិលមិញនោះ កីឡាករល្បុក្កតោ យ៉ុង ម៉េងលី ដណ្តើមបានមេដាយមាសឲ្យកម្ពុជា បានមុនគេ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣០នេះ បន្ទាប់ពីរូបគេបានយកឈ្នះកីឡាករម្ចាស់ផ្ទះហ្វីលីពីន Valenzuela Billy Joel ដោយលទ្ធផល ៦-៣ ក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងប្រភេទទម្ងន់លើ៦០គីឡូក្រាមទៅដល់ក្រោម ៦៥គីឡូក្រាមនោះ។

សម្រាប់ការប្រកួត កាលពីថ្ងៃចន្ទនោះដែរ កីឡាករល្បុក្កតោកម្ពុជា ក៏ដណ្តើមមានមេដាយសំរឹទ្ធចំនួន៧ទៀតផងដែរ រួមមានកីឡាករ ឌឹម ង៉ែត, សុក ឈុន,មឿន ប៊ុនលី កីឡាការិនី ខៀវ ចិន្តារ័ត្ន, យស់ សញ្ចនា, ស៊ី វ៉ាន់សូនីតា និងកីឡាការិនី បូ ចន្ធី ក៏ទទួលបានមេដាយសំរឹទ្ធម្នាក់១ផងដែរ បន្ថែមទៅលើការឈ្នះបានមេដាយប្រាក់២ និងសំរឹទ្ធ៦ កាលពីថ្ងៃអាទិត្យ។

តាមរយៈការជយលាភី ដែលដណ្តើមបាន កាលពីម្សិលមិញនោះ បានធ្វើឲ្យកម្ពុជាដណ្តើមបានមេដាយសរុបចំនួន១៧ ក្នុងនោះមានមេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ១៣ ហើយលទ្ធផលនេះបានជួយឲ្យកម្ពុជា ឡើងទៅឈរនៅលេងរៀងទី៧ ក្នុងចំណោមប្រទេសចូលរួមទាំង១១ប្រទេស គឺលើប្រទេសប្រ៊ុយណេ មីយ៉ាន់ម៉ា ឡាវ និងទីម័រខាងកើត ជាបណ្តោះអាសន្ន គិតត្រឹមយប់ម៉ោង៩ កាលពីថ្ងៃចន្ទ ម្សិលមិញ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.