v9
V9BET

កីឡាករកាយសម្ព័ន្ធ វៃ ភ័ត្រ្តា ប្តេជ្ញាប្រជែងឲ្យបានលទ្ធផលល្អ នៅស៊ីហ្គេម ទោះឱកាសមានតិច

1 week ago​ | ដោយ V-Dr

កីឡាករ វៃ ភ័ត្រ្តា នៃក្រុមជម្រើសជាតិកីឡាកាយសម្ព័ន្ធកម្ពុជា បានធ្វើការប្តេជ្ញា មុនឆាកចេញទៅកានប្រទេសហ្វីលីពីនថា រូបគេ នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីប្រជែងឲ្យបាននូវលទ្ធផលល្អមួយជូនប្រទេសជាតិ សម្រាប់ការប្រកួតស៊ីហ្គេម នៅហ្វីលីពីន ដែលនឹងចាប់ផ្តើមប្រកួត នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩នេះ។

កីឡាករមានដើមកំណើតនៅស្រុកសំរោង ខេត្តតាកែវ វៃ ភ័ត្ត្រា មានការជឿជាក់ទៅលើសមត្ថភាពរបស់គេ ដែលទទួលបានពីការហ្វឹកហាត់នៅប្រទេសចិន ក្នុងរយៈពេលជាង៨ខែ កន្លងមកនេះ។ ភ័ត្ត្រា បាននិយាយថា៖ «តាមការចេញទៅហ្វឹកហាត់នៅចិននេះ ខ្ញុំមានកម្រិតបច្ចេកទេសកើនឡើងខ្ពស់ ព្រោះចិនជាប្រទេសមានសក្តានុពលផ្នែកកីឡាកាយសម្ព័ន្ធ កម្រិតពិភពលោក»។

កីឡាករវ័យ១៩ឆ្នាំ វៃ ភ័ត្ត្រា នឹងត្រូវប្រកួតកាយសម្ព័ន្ធអាទិស្ទីក លើវិញ្ញាសា៣ ឧបករណ៍(សេះលោត,កម្រាល និងសេះកង) ហើយរូបគេមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រជែងរកឲ្យបានលទ្ធផលល្អ បើទោះបីជារូបគេ មានសង្ឃឹមត្រឹម៥០ភាគរយទេ ក៏ដោយ។

វៃ ភ័ត្ត្រា បាននិយាយ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃអង្គារថា៖ «ខ្ញុំអាចនៅស្ទើរបទពិសោធ ព្រោះនេះជាលើកទី១ ដែលខ្ញុំបានទៅចូលរួមការប្រកួតស៊ីហ្គេម ហើយប្រទេសមួយចំនួន ក៏មានកម្រិតបច្ចេកទេសខ្ពស់ផងដែរ ប៉ុន្តែខ្ញុំប្តេជ្ញាចិត្តថា នឹងប្រឹងប្រែងបញ្ចេញឲ្យអស់ពីសមត្ថភាព នូវអ្វីដែលខ្ញុំទទួលបានពីការហ្វឹកហាត់នៅក្រៅប្រទេស ដើម្បីស្វែងរកឲ្យបានលទ្ធផលល្អមួយ ជូនប្រទេសជាតិ»។

ចំណែកលោក ណយ ផាណា ជាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានថ្លែងថា៖« នៅក្នុងតំបន់អាស៊ីនេះ ប្រទេសថៃ ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី និងវៀតណាម សុទ្ធតែទើបបានជាប់ qualifier អូឡាំពិក នៅតូក្យូ ឆ្នាំ២០២០ ហើយប្រទេសជាប់ Qualifier គឺមានកម្រិតបច្ចេកទេសខ្ពស់ហើយ អ៊ីចឹងសម្រាប់កីឡាករយើង មានការលំបាកច្រើន។ តែទោះបីជាយ៉ាងណា យើងនឹងមានការប្រកួតប្រជែង ដែលស័ក្តិសម ប្រហាក់ប្រហែល និងល្អមើល ព្រោះកម្រិតបច្ចេកទេសរបស់ វៃ ភ័ត្ត្រា មានការកើនឡើងច្រើន បន្ទាប់ពីបានហ្វឹកហាត់នៅចិន»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.