v9
V9BET

ម្ចាស់មេដាយមាសស៊ីហ្គេម ឃីម ឌីម៉ា សម្រេចចិត្តចូលបួស ដើម្បីរៀនព្រះធម៌

1 week ago​ | ដោយ V-Dr

កីឡាករជើងខ្លាំង និងជាម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០១៧ ឃីម ឌីម៉ា របស់ក្លិបកងអាវុធហត្ថរាជធានីភ្នំពេញ បានសម្រេចចូលសាងផ្នួស ជាព្រះសង្ឃ ដើម្បីរៀនព្រះធម៌ និងរម្ងាប់អារម្មណ៍ ស្របពេលរបួសជើងរបស់ខ្លួន មិនទាន់បានជាសះស្បើយ និងមិនបានទៅប្រកួតការពារមេដាយមាស សម្រាប់ការប្រកួតស៊ីហ្គេម នៅប្រទេសហ្វីលីពីន នោះ។

អ្នកប្រដាល់មានដើមកំណើតនៅខេត្តបន្ទាយមានជ័យ ឃីម ឌីម៉ា បានឃ្លាតឆ្ងាយពីសង្វៀនប្រដាល់ជិតកន្លះឆ្នាំមកហើយ ក្រោយពីរងរបួសជើងធ្ងន់ធ្ងរ រហូតឈានដល់ការវះកាត់ បន្ទាប់ពីប្រកួតស្មើជាមួយអ្នកប្រយុទ្ធរបស់ថៃ Kav Kongvan សម្រាប់ការប្រកួតនៅសង្វៀន SEATVនោះ។

លោក ហេង ប៊ុនឃីម ជាឪពុកបង្កើតរបស់ ឃីម ឌីម៉ា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ការសម្រេចចិត្តទៅបួសរបស់ ឌីម៉ា នៅវត្តគីរីវង្សក្សេមក្សាន្ត ឃុំទឹកថ្លា ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្តាយមានជ័យ គឺធ្វើឡើងក្រោមបំណងផ្ទាល់របស់ ឌីម៉ា ហើយក៏ស្របតាមបំណងរបស់លោក និងភរិយា ផងដែរ។

លោក ប៊ុនឃីម បាននិយាយថា៖«ឌីម៉ា បានប្រាប់ខ្ញុំថា ចង់បួស ដើម្បីបានរៀនព្រះធម៌ខ្លះក្នុងរយៈពេល ដែលសម្រាកព្យាបាលរបួស ក្នុងរយៈពេលនៅសល់២ខែ ក្រោយការវះកាត់បានរយៈពេល៤ខែ។ ការបួសនេះ ក្នុងគម្រោង២ ទៅ៣សប្តាហ៍ ហើយបើមាននិស្ស័យអាចយូរជាងនេះ តែបើគ្មាននិស្ស័យ អាចមានរយៈពេលតិចជាងនេះក៏ថាបាន»។

គ្រូប្រដាល់ដ៏មានបទពិសោធនៅខេត្តបន្ទាយមានជ័យរូបនេះ បានបន្ថែមថា៖«ការទៅបួសរបស់ ឃីម ឌីម៉ា គឺស្របទៅនឹងចិត្តរបស់ខ្ញុំ និងប្រពន្ធខ្ញុំផងដែរ ព្រោះពេលបួសអារម្មណ៍ស្ងប់ និងមានពេលវេលាក្នុងការរៀនសូត្រខ្លះ ក្នុងព្រះធម៌នៃប្រពៃណីរបស់ខ្មែរ ព្រោះកូនប្រុស គប្បីបានបួសរៀនផង និងសងគុណឪពុកម្តាយផង»។

គួរបញ្ជាក់ថា ឃីម ឌីម៉ា បានក្លាយជាអ្នកប្រដាល់គុនខ្មែរដំបូងគេ ដែលដណ្តើមបានមេដាយមាស ពីការប្រកួតស៊ីហ្គេម ឆ្នាំ២០១៧ ជូនប្រទេសជាតិ ប៉ុន្តែបញ្ហារបួស ដោយសាររបួសជើងវះកាត់ បានធ្វើឲ្យកម្លាំងវ័យ២៨ឆ្នាំរូបនេះ បានបាត់បង់ឱកាស សម្រាប់ការចេញទៅប្រកួតស៊ីហ្គេម នៅហ្វីលីពីន ដែលនឹងធ្វើពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ៕

កែសម្រួលដោយ៖​ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.