v9
V9BET

ក្រុមឥណ្ឌូណេស៊ី បានក្លាយជាម្ចាស់ជើងឯកពិភពលោកកីឡាអេឡិចត្រូនិក ខណៈក្រុមកម្ពុជា ចាញ់ថ្ងៃបើកឆាក

2 weeks ago​ | ដោយ V-Dr

ក្រុមកីឡាករអេឡិចត្រូនិករបស់ប្រទេសឥណ្ឌូនេស៊ី EVOS Legends បានក្លាយជាម្ចាស់ជើងឯក នៃការប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក MLBB World Championship 2019 ដែលហៅកាត់ថា M1 ប៉ុន្តែក្រុមកម្ពុជា Impunity KH បានចាញ់ការប្រកួតលើវិញ្ញាសា Mobile Legends: Bang Bang (MLBB) ដែលរៀបចំជាលើកដំបូង ដោយក្រុមហ៊ុន Shanghai Moonton Technology នៅប្រទេសម៉ាឡេស៊ី មួយនេះ តាំងពីការប្រកួតបើកឆាក។

សម្រាប់ការប្រកួត M1 ដែលមានប្រាក់រង្វាន់សរុបរហូតដល់ ២៥០០០០ ដុល្លារអាមេរិកនេះ ក្រុម Impunity KH របស់កម្ពុជា ដែលឈរនៅពូលAនោះ បានធ្លាក់ត្រឹមការប្រកួតជម្រុះលើកទី១ ក្រោយពួកគេបានចាញ់ក្រុម Rex Regum Qeon (RRQ) របស់ប្រទេសឥណ្ឌូនេស៊ី ក្នុងលទ្ធផល ៣-០ នោះ។

ចំណែកក្រុមម្ចាស់ជើងឯក EVOS Legends របស់ឥណ្ឌូណេស៊ី ក៏ទទួលបានជ័យជម្នះ នៅក្នុងការប្រកួតប្រចាំពូលD នៅទីលាន Axiata Arena ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចន្លោះថ្ងៃទី១ ដល់ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នោះផងដែរ ដើម្បីឡើងទៅវគ្គបន្តជាមួយក្រុម VEC Fantasy Main របស់វៀតណាម ក្រុម Burmese Ghouls របស់មីយ៉ាន់ម៉ា ក្រុម Axis Esports របស់ម៉ាឡេស៊ី ក្រុម Todak របស់ម៉ាឡេស៊ី ក្រុម Sunsparks របស់ហ្វីលីពីន និងក្រុម10second Gaming របស់ប្រទេសជប៉ុន។

ចំពោះការប្រកួតខ្វែងរវាងក្រុមទាំង៨ ដែលបានឡើងទៅវគ្គបន្ត ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកានោះ ក្រុម EVOS Legends បានយកឈ្នះ ក្រុម Burmese Ghouls របស់មីយ៉ាន់ម៉ា ២-០ រួចបន្តយកឈ្នះក្រុមរួមជាតិ RRQ ៣-០ ហើយការជួបគ្នារវាងក្រុមទាំង២ម្តងទៀត នៅវគ្គផ្តាច់ព្រ័ត្រ ក្រុម EVOS Legends បានបន្តយកឈ្នះក្រុម RRQ ៤-៣ ដើម្បីក្លាយជាម្ចាស់ជើងឯក អមជាមួយប្រាក់រង្វាន់៨០០០០ដុល្លារអាមេរិក។

លោក Justin Yuan នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Shanghai Moonton Technolog បាននិយាយថា៖ «គោលបំណងរបស់យើង គឺនាំបុគ្គលម្នាក់ៗ ដែលមានឆន្ទៈក្នុងកីឡាអេឡិចត្រូនិក និង MLBB ឲ្យជួបជុំគ្នាក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកM1»។

លោកបានបន្ថែមថា៖«យើងឃើញច្បាស់នឹងភ្នែកហើយថា មានអត្តពលិកយ៉ាងច្រើនកុះករ ពិតជាបានយកចិត្តទុកដាក់ និងហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីក្លាយជាអត្តពលិកអាជីពពិតប្រាកដ ដែលចង់សម្រេចក្តីស្រមៃរបស់ពួកគេ។ យើងចង់ជំរុញអ្នករាល់គ្នា ដោយផ្តល់តម្លៃសម្រាប់អ្វីដែលពួកគេស្រឡាញ់ ហើយឈានឆ្ពោះទៅរកក្តីស្រមៃនោះ ជាពិសេសយើងរួមចំណែកជួយអភិវឌ្ឍកីឡាអេឡិចត្រូនិកតាមរយៈ M1»។

អត្តពលិកប្រកួតក្នុងពានរង្វាន់ M1 មិនត្រឹមតែចូលរួមក្នុងសកម្មភាពប្រកួត MLBB ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យកាន់តែមានតម្លៃថែមទៀត។ លោក Tuan Syed Saddiq រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា របស់ប្រទេសម៉ាឡេស៊ី ក៏បានចូលរួមទស្សនាលើកទឹកចិត្តក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក M1 នេះដែរ។

ជាមួយគ្នានោះ ក្រុមតារាចម្រៀងល្បីឈ្មោះរបស់ប្រទេសម៉ាឡេស៊ី K-Clique ក៏បានចូលរួមសម្តែង នៅថ្ងៃទី២នោះដែរ ធ្វើឲ្យព្រឹត្តិការណ៍ដ៏ធំ ដែលឧបត្ថម្ភពីក្រុមហ៊ុន U Mobile និងផ្សាយផ្ទាល់ដោយ YouTube Gaming កាន់តែអស្ចារ្យ។ អ្វីដែលធ្វើឲ្យអ្នកចូលរួមទស្សនាកាន់តែរីករាយនោះ គឺកាដូ និងវត្ថុអនុស្សាវរីយ៍ចំនួន១៨០០០ ដែលមានតម្លៃជាង១សែនដុល្លារអាមេរិក ត្រូវបានចាប់ឆ្នោតផ្សងសំណាង ចែកជូនដល់អ្នកចូលរួមក្នុងការប្រកួតជុំផ្តាច់ព្រ័ត្ររយៈ៣ថ្ងៃនោះ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.