v9
V9BET

មន្រ្តីជំនាញ NPCC ថា ក្រុមបាល់បោះជិះរទេះនារីកម្ពុជា បើមិនបានមេដាយមាស ក៏បានប្រាក់ ពីប៉ារ៉ាហ្គេម

2 weeks ago​ | ដោយ V-Dr

មន្រ្តីជំនាញរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ហៅកាត់ថា NPCC គឺលោក យី វាសនា បានបង្ហាញពីទំនុកចិត្តយ៉ាងខ្ពស់ថា ក្រុមបាល់បោះជិះរទេះជនពិការនារីកម្ពុជា គឺមានលទ្ធភាពខ្ពស់បំផុត គឺបើមានបានមេដាយមាស ក៏បានមេដាយប្រាក់ ពីការប្រកួតប៉ារ៉ាហ្គេម លើកទី១០ នៅប្រទសហ្វីលីពីន នាខែមករា ឆ្នាំ២០២០ ខាងមុខនេះ។

ការអះអាងបែបរបស់អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជារូបនេះ គឺបន្ទាប់ពី លោកបានមើលឃើញពីភាពរីកចម្រើនទៅលើគុណភាព និងបច្ចេកទេសរបស់ក្រុមបាល់បោះជិះរទេះជនពិការនារីកម្ពុជា នៅពេលពួកគេ បានបង្ហាញការប្រកួតយ៉ាងស្វិតស្វាញ នៅក្នុងការប្រកួតជើងឯកបាល់បោះជិះរទេះជនពិការ លើកទី១ ឆ្នាំ២០១៩ នៅទីលាន Premium Sport Club កាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ម្សិលមិញ។

លោក យី វាសនា បានថ្លែងក្រោយការប្រកួតបានបញ្ចប់ថា៖ «ចប់ពីការប្រកួតនេះទៅ ក្រុមបាល់បោះជិះរទេះផ្នែកនារីរបស់យើង នឹងទៅចូលរួមការប្រកួតជើងឯកពិភពលោក នៅថៃ នាថ្ងៃទី២៧ ខែវិច្ឆិកានេះ ហើយយើង ក៏នឹងត្រូវទៅចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១០ នៅហ្វីលីពីន ផងដែរ។ យើងធ្លាប់ចាញ់ក្រុមថៃ កាលប្រកួតនៅឥណ្ឌូនេស៊ី ប៉ុន្តែតាមរយៈការហ្វឹកហាត់ និងការប្រកួតនេះ យើងមើលឃើញថា គុណផល និងកម្រិតបច្ចេកទេសរបស់ពួកគាត់ មានសក្តានុពលខ្ពស់ណាស់»។

លោកបានបញ្ជាក់ថា៖«សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១០នេះ គឺបើសិនយើងអាចយកឈ្នះថៃ យើងនឹងដណ្តើមបានមេដាយមាស ព្រោះឥឡូវនេះគូប្រកួតរបស់យើង នៅក្នុងតំបន់អាស៊ាននេះ មានតែថៃមួយទេ ដែលគិតថា អាចស៊ីយើងបាន ប៉ុន្តែប្រទេសក្រៅពីនេះ នៅឆ្ងាយពីកម្ពុជាបន្តិច អ៊ីចឹងកម្ពុជា បើមិនមេដាយមាស ក៏បានមេដាយប្រាក់ លើវិញ្ញាសាបាល់បោះជិះរទេះនារីនេះដែរ»។

យ៉ាងណាមិញ ការប្រកួតជើងឯកបាល់បោះជិះរទេះជនពិការ លើកទី១ ឆ្នាំ២០១៩ ដែលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនោះ ក្រុមបាល់បោះជិះរទេះជនពិការនារី ត្រូវបានដាក់លាយឡំគ្នាជាមួយបុរស ដើម្បីឲ្យប្រកួតប្រជែងគ្នា ហើយតាមរយៈការប្រកួតយ៉ាងស្វិតស្វាញនោះ ក្រុមឃ្មុំមាសកំពង់ធំ បានបន្តយកឈ្នះក្រុមឪម៉ាល់មានរឹទ្ធបាត់ដំបង ជាមួយពិន្ទុ ៤១-៣២ ដើម្បីលើកពានយ៉ាងស័ក្តិសមបំផុត។

ចំណែកក្រុមអង្គរបាជ័យកំពង់ចាម បានយកឈ្នះក្រុមរ៉ៃមាសឧត្តរមានជ័យ ៣៦-១៦ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ៣ សម្រាប់ការប្រកួតជើងឯកបាល់បោះជិះរទេះជនពិការ ជាលើកដំបូង នៅកម្ពុជាលើកនេះ ខណៈពិធីប្រគល់ពាន ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក យី វាសនា ព្រមទាំងអ្នកជំនាញ គ្រូបង្វឹកមកពីក្រៅប្រទេស និងតំណាងម្ចាស់ឧបត្ថម្ភជាច្រើននាក់ទៀត៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.