v9
V9BET

វីរនារី កែ ឡេង ទទួលបានជ័យជម្នះ ថ្ងៃបើកឆាក ដើម្បីឆ្ពោះទៅការពារមេដាយមាសពិភពលោក នៅលើទឹកដីខ្លួនឯង

2 weeks ago​ | ដោយ V-Dr

ក្រុមប៉េតង់កម្ពុជា បានធ្វើឲ្យពិធីបើកការការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្រ្តី លើកទី១៧ ឆ្នាំ២០១៩ ជាលើកដំបូង នៅកម្ពុជា បានដំណើរទៅកាន់តែមានភាពកក់ក្តៅ តាមរយៈការរកឃើញនៅលទ្ធផលយ៉ាងល្អរបស់ពួកគេ ហើយក្នុងនោះវីរកីឡាការិនី កែ ឡេង បានឆ្លងផុតការប្រកួតដំណាក់កាលទី១ លើវិញ្ញាសាវាយយកពិន្ទុយ៉ាងជោគជ័យ ដើម្បីឆ្ពោះទៅរកការការពារមេដាយមាស៣សម័យកាលរបស់ខ្លួន។

សម្រាប់ការប្រកួត នៅទីលានកីឡាវាយប៊ូល និងប៉េតង់នៃពហុកីឡដ្ឋានជាតិ កាលពីថ្ងៃអង្គារម្សិលមិញនោះកីឡាការិនីជើងចាស់ កែ ឡេង ធ្វើបានរហូតដល់៣៨ពិន្ទុ ដើម្បីឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងចំណោមកីឡាការិនីចំនួន៤៣នាក់ ដែលបានចូលរួមក្នុងការប្រកួតវិញ្ញាសាវាយយកពិន្ទុ។

លទ្ធផលដ៏ល្អនេះ បានជួយម្ចាស់មេដាយមាស៣សម័យកាល កែ ឡេង ឡើងទៅវគ្គ៨នាក់ចុងក្រោយ ដោយស្វ័យប្រវត្តិ ចំនួនកីឡាការិនីរបស់ប្រទេស Norvege ព្រមទាំងកីឡាការិនីរបស់ឡាវ និងមីយ៉ាន់ម៉ា ក៏ធ្វើបានល្អ ដើម្បីបានឡើងទៅវគ្គបន្តផងដែរ ចំណែកកីឡាការិនី ដែលទទួលបានលេខ៥ ដល់លេខ២៣ និងត្រូវប្រកួតដំណាក់កាលទី២ ជាបន្តទៀត ដើម្បីយកអ្នក៤នាក់ ឡើងទៅវគ្គ៨នាក់ចុងក្រោយដែរ។

បន្ថែមលើនេះ វីរកីឡាការិនី កែ ឡេង បានរួមគ្នាជាមួយកីឡាការិនី អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា បានវាយបកយកឈ្នះក្រុមឡេតូនី ១៣-៣ នៅក្នុងការប្រកួតបើកឆាកលើវិញ្ញាសា៣នាក់ទល់៣នាក់ កាលពីម្សិលមិញនោះ ហើយជ័យជម្នះនេះ បានជួយឲ្យក្រុមនារីកម្ពុជា ទទួលបានភាពកក់ក្តៅមួយកម្រិតទៀត ក្នុងការបន្តប្រកួតក្នុងវគ្គជម្រុះនេះ ដើម្បីស្វែងរកឱកាស ឡើងទៅវគ្គបន្ត ខណៈការប្រកួត៣នាក់ទល់នាក់ផ្នែកនារីនេះ មាន៥០ក្រុមចូលរួម។

ផ្ទុយពីនេះ កីឡាករ ឃួន លីហួរ ធ្វើមិនសូវបានល្អទេ នៅក្នុងការប្រកួតវាយយកពិន្ទុផ្នែកយុវជនរបស់ខ្លួន កាលពីថ្ងៃអង្គារនោះដែរ ដោយរូបគេធ្វើបានត្រឹម២៨ពិន្ទុ និងឈរនៅលេខរៀងទី១២ ក្នុងចំណោមកីឡាករចូលរួមសរុប២៧នាក់។

លទ្ធផលនេះបានធ្វើឲ្យរូបគេធ្លាក់ចេញពីការប្រកួត នៅក្នុងដំណាក់កាលទី១ ប៉ុន្តែ ឃួន លីហួរ នឹងត្រូវប្រកួតដំណាក់កាលទី២ ជាមួយអ្នកបានលេខ៥ ដល់លេខ១៧ ដែលនឹងត្រូវធ្វើនៅថ្ងៃនេះ ហើយបើសិនជារូបគេ ធ្វើបានល្អ ដើម្បីទទួលបានលេខរៀងពីលេខ១ ដល់ទីលេខ៤ ក្នុងដំណាក់កាលនេះ គឺរូបគេ នៅតែទទួលបានឱកាស ឡើងទៅប្រកួតវគ្គ៨នាក់ចុងក្រោយដដែល។
តាមរវាយការរវាងលោក សុខ សប្បាយណា អគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានឲ្យដឹងថា ការប្រកួតជើងឯកពិភពលោកនេះ មាន៤៩ប្រទេសចូលរួម ក្នុងនោះមានក្រុមស្រ្តី៥០ក្រុម និងក្រុមយុវជន៣០ក្រុម ដែលមានអត្តពលិកសរុប៤៤៩នាក់។

អ្នកទាំងនេះ ត្រូវប្រកួតលើវិញ្ញាសាវាយពិន្ទុ និង៣នាក់ទល់៣នាក់ ទាំងផ្នែកស្រ្តី និងយុវជនដូចគ្នា ដែលដំណើរពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយក្នុងនោះកម្ពុជា ជាម្ចាស់ផ្ទះ មានសិទ្ធិដាក់២ក្រុមឲ្យចូលរួម ទាំងការប្រកួត៣នាក់ទល់៣នាក់ផ្នែកស្រ្តី និងយុវជន ប៉ុន្តែគួរឲ្យសោកស្តាយ ដែលអង្គប្រជុំបានសម្រេចកែប្រែលក្ខខណ្ឌប្រកួតភ្លាមៗ ដោយតម្រូវឲ្យកម្ពុជា ដាក់បានអត្តពលិកត្រឹមតែ១នាក់ ឲ្យចូលរួមប្រកួតវិញ្ញាសាវាយយកពិន្ទុ ទាំងផ្នែកស្រ្តី និងយុវជន ខណៈកន្លងមក ម្ចាស់ផ្ទះ អាចដាក់បាន១នាក់ ក្នុង១វិញ្ញាសា៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.