v9
V9BET

កីឡាអេឡិចត្រូនិក Mobile Legends: Bang Bang កាន់តែទទួលបានការពេញនិយមខ្លាំង នៅកម្ពុជា

3 weeks ago​ | ដោយ V-Dr

វិញ្ញាសា Mobile Legends: Bang Bang នៃប្រភេទកីឡាអេឡិចត្រូនិក (E-Sport) បានកំពុងនឹងបង្ហាញពីមោទនភាព ចំពោះការទទួលបានការគាំទ្រខ្លាំង ពីសំណាក់ក្រុមយុវជន និងអ្នកលេងវិញ្ញាសានេះ នៅក្នុងប្រទេសកម្ពុជា។

បើទោះបីជា Mobile Legends: Bang Bang ជាវិញ្ញាសាថ្មីមួយ ដែលទើបត្រូវបានដាក់ឲ្យប្រកួតជាផ្លូវការ នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែវិញ្ញាសា តម្រូវឲ្យប្រកួតគ្នាតាមទូរស័ព្ទស្មាតហ្វូន(Smart Phone)មួយនេះ មានការរីកចម្រើនលឿន និងទទួលបានកាគាំទ្រខ្លាំង ដែលត្រូវបានគេប៉ាន់ប្រមាណថា មានភាពពេញនិយមខ្លាំងបន្ទាប់ពីបាល់ទាត។

លោក ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ធ្លាប់បានថ្លែងថា៖«ភាពរីកចម្រើននៃបច្ចេកវិទ្យា គឺបានរុញកីឡាប្រភេទអេឡិចត្រូនិកកម្ពុជា មានសកម្មភាពលេចធ្លោនៅលើពិភពលោក និងនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ពិសេសក្នុងស្រទាប់យុវវ័យ ដែលពេញនិយមបំផុត ហើយកីឡាប្រភេទនេះ ត្រូវបានគេវាយតម្លៃថ្មីៗនេះថា មានភាពពេញនិយមខ្លាំង បន្ទាប់ពីបាល់ទាត់»។

បន្ថែមទៅលើការអះអារបស់ប្រធានសហព័ន្ធរូបនេះ គឺនៅក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល៣ថ្ងៃ កន្លងមកនេះ ក្រុមហ៊ុនទូរស័ព្ទ Cellcard និង Mobile Legends: Bang Bang និងដៃគូសហការមួយចំនួនទៀត បានរួមគ្នារៀបចំឲ្យមានការប្រកួតវិញ្ញាសា Mobile Legends: Bang Bang នៅក្នុងព្រឹត្តិការណ៍ WATER FESTIVAL X MLBB ជាលើកដំបូង ហើយទទួលបានការគាំទ្រយ៉ាងខ្លាំង។

តាមការបញ្ជាក់របស់អ្នករៀបចំកម្មវិធី បានឲ្យដឹងថា នៅក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យអុំទូកនោះ មានបងប្អូនប្រមាណ១៥០០០នាក់ បានចូលរួមកម្សាន្តក្នុងកម្មវិធី WATER FESTIVAL X MLBB ដែលត្រូវបានធ្វើឡើងនៅមុខវត្តបទុមវតី នោះ ព្រមទាំងមានអ្នកចូលអ្នកចូលទស្សនាតាមបណ្តាញសង្គមលើផេកផ្លូវការ MLBB ជាង១លាននាក់។

ចំណែកគោលបំណងសំខាន់ នៃការរៀបចំកម្មវិធី WATER FESTIVAL X MLBB នេះ គឺដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ Mobile Legends: Bang Bang ដោយផ្សាភ្ជាប់ទៅនឹងសកម្មភាពសង្គមដូចជា ពិធីបុណ្យប្រពៃណីជាតិខ្មែរ ដែលជាពិធីបុណ្យធំ មួយឆ្នាំមានម្តង ហើយនៅក្នុងព្រឹត្តិការណ៍នោះ ក៏បានក្លាយជាវេទិកាសម្រាប់អ្នកចូលរួមទស្សនាការប្រកួតជើងឯកពិភពលោកគឺ Mobile Legends: Bang Bank World Championship ដែលបានផ្សាយបន្តផ្ទាល់ពីប្រទេសម៉ាឡេស៊ី ផងដែរ។

គួរបញ្ជាក់ថា Mobile Legends: Bang Bang គឺជាវិញ្ញាសាតែមួយគត់ ដែលក្រុមកីឡាករអេឡិចត្រូនិកកម្ពុជា ត្រូវប្រកួត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសហ្វីលីពីន ដែលនឹងត្រូវធ្វើពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ខណៈការប្រកួតនេះលោក ជា ច័ន្ទបរិបូរណ៍ បានអះអាងថា៖ «បើទោះបីជា នេះជាលើកដំបូង ដែលកម្ពុជា បានបញ្ជូនក្រុមកីឡាអេឡិចត្រូនិកទៅចូលរួមការប្រកួតស៊ីហ្គេម ប៉ុន្តែយើងទៅនេះ ដើម្បីប្រជែងយកមេដាយជូនជាតិ មិនមែនទៅ ដើម្បីទទួលបានត្រឹមបទពិសោធ ត្រឡប់មកវិញនោះទេ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.