v9
V9BET

ទង្វើមិនល្អ ២ចំណុច ដែលលោកនាយករដ្ឋមន្រ្តី ប្រាប់ឲ្យប្រតិភូកីឡាកម្ពុជា ត្រូវចៀសឲ្យបាន ពេលទៅប្រកួតស៊ីហ្គេម

3 weeks ago​ | ដោយ V-Dr

ប្រមុខដឹកនាំប្រទេសកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រាប់ឲ្យក្រុមអត្តពលិកកម្ពុជា ត្រូវចៀសវាងឲ្យបាន នៅទង្វើមិនល្អ២ចំណុច ដើម្បីរក្សាឲ្យបាននូវតម្លៃជាតិ សម្រាប់ការចេញទៅប្រកួតស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។

នៅក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជាប្រមាណជាង៤០០នាក់ នៅវិមានសន្តិភាព កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ លោក ហ៊ុន សែន បានរំឭកជាថ្មីម្តងទៀត ទៅដល់ក្រុមអត្តពលិកកម្ពុជា ត្រូវចៀសវាងឲ្យបាន នៅការប្រើប្រាស់សារធាតុហាមឃាត់(Doping) និងការបំពាននៅបទដ្ឋានកីឡា ដែលនាំឲ្យមានការពិន័យ ឬធ្វើឲ្យមានការប៉ះពាល់ធ្ងន់ធ្ងន់មុខមាត់ប្រទេសជាតិ។
លោកនាយករដ្ឋមន្រ្តី បានថ្លែងថា៖«ខ្ញុំសូមរំឭកដល់កីឡាករ កីឡាការិនីចំនួន២៧៦នាក់ ដែលជាអ្នកប្រកួតផ្ទាល់ គឺយើងត្រូវដឹងថា យើងទៅដោយពាក់ឯកសណ្ឋានជាតិ និងមានកាន់ទង់ជាតិ អ៊ីចឹងចំណុចត្រូវចៀសវាង គឺទី១ ត្រូវគោរពនៅបទដ្ឋានកីឡា កុំឲ្យបំពានបទដ្ឋាន ក្រឹតក្រមកីឡា ដែលនេះជាចំណុចដែលយើងត្រូវចងចាំ កុំឲ្យមានភាសាណានិយាយថា ពួកខ្មែរនេះប្រកួតអាក្រក់ណាស់ និងកាច គឺបើទាត់បាល់ កុំទៅទាត់ជើងគេ»។

លោកបានបន្ថែមថា៖«ចំណុចទី២ កុំប្រើសារធាតុណា ដែលគេហាមឃាត់ ព្រោះវាជារឿងខុស ហើយខូចមុខមាត់ដល់ប្រទេសជាតិ ព្រោះបើកាលណាគេរកឃើញថា អ្នកណាម្នាក់ជាប់ពាក់ពឹងនិងការប្រើសារធាតុហាមឃាតិ គឺវាមិនមែនខូចមុខមាត់ត្រឹមកីឡាករ ឬកីឡាការិនីម្នាក់នោះទេ តែវាខូចដល់មុខមាត់ប្រទេសជាតិយើង»។

យ៉ាងណាក៏ដោយ លោក ហ៊ុន សែន ក៏ប្រាប់ឲ្យមន្រ្តីជំនាញ ដឹកនាំគ្រូបង្វឹក និងគ្រូបង្វឹក ត្រូវតវ៉ា និងស្រាវជ្រាវឲ្យបានច្បាស់លាស់ផងដែរ ដើម្បីកុំឲ្យអត្តពលិកកម្ពុជា ទទួលបានភាពអយុត្តិធម៌ ជុំវិញការចោទប្រកាន់ ដែលមិនមានមូលដ្ឋានច្បាស់លាស់ ឬចោទប្រកាន់ដោយសារតែការមិនពេញចិត្តអ្វីមួយ។

លោកបានបញ្ជាក់ថា៖« តែយើងក៏ត្រូវមើល ទៅលើការចោទប្រកាន់របស់គេដែរ មិនមែនគេចោទប្រកាន់ ហើយយើងចេះតែទទួលយក ដោយខ្វះការស្រាវជ្រាវឲ្យបានពិតប្រាកដនោះទេ ព្រោះវានឹងខូចឈ្មោះប្រទេសជាតិយើងផង និងខូចឈ្មោះកីឡាករ កីឡាការិនីយើងផង។ តម្លៃជាតិរបស់យើង ត្រូវតែការពារ តាមរយៈសកម្មភាពកីឡា ហើយយើងត្រូវធ្វើការប្រាស្រាយទាក់ទងជាមួយអត្តពលិកមកពីបណ្តាប្រទេសផ្សេងៗឲ្យបានល្អ ទោះចាញ់ក៏ដោយ ឈ្នះក៏ដោយ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.