v9
V9BET

ធ្លាប់តែជាជើងខ្លាំងល្បីល្បាញនៅសង្វៀន តែពេលនេះ ភិន សុផល រកប្រាក់សង់ខ្ទម នៅមិនបាន

3 weeks ago​ | ដោយ V-Dr

អតីតអ្នកប្រដាល់ឆ្នើម ភិន សុផល ដែលធ្លាប់សាងបានភាពល្បីល្បាញ នៅលើសង្វៀនប្រដាល់ ក្នុងអំឡុងឆ្នាំ២០០០ តាមរយៈការប្រើកណ្តាប់ដៃពិឃាត ផ្តួលគូប្រកួតឲ្យសន្លប់ ស្ទើរតែរាប់មិនអស់នោះ គឺពេលនេះ បានធ្លាក់ខ្លួនក្រីក្រតោកយ៉ាកខ្លាំង រហូតរកប្រាក់សង់ខ្ទមមួយស្នាក់នៅឲ្យបានសមរម្យនឹងគេមិនបាន។

ជើងខ្លាំង ដែលបានធ្លាក់ខ្លួន ក្រតោកយ៉ាក ជាមួយជីវភាពស៊ីឈ្នូល បោចស្មៅ បាញ់ថ្នាំ ឲ្យគេ នៅជាយដែនព្រំប្រទល់ខេត្តប៉ៃលិន និងបាត់ដំបង ភិន សុផល ត្រូវបានអតីតជើងខ្លាំង ឡោ សំណាង ដែលជាសិស្សរួមគ្រូនៃក្លិបកងរាជអាវុធហត្ថលើផ្ទៃប្រទេស រកឃើញនៅក្នុងតំបន់ព្រៃឆ្ងាយពីអ្នកភូមិមួយ ហើយក៏បាននាំយកមានកាន់រាជធានីភ្នំពេញ ដើម្បីសុំក្តីសណ្តោសពីសប្បុរសជន ក្នុងការជួយសង្រ្គោះ ខណៈពេលនេះ ភិន សុផល បានចុះដាក់បំពង់ខ្យល់ និយាយមិនកើតទៅទៀត។

ឡោ សំណាង បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ «ខ្ញុំបានរកឃើញគាត់ នៅក្នុងទីជនបទមួយ ក្នុងភូមិត្រក ស្រុករតនមណ្ឌល ជាប់ព្រំប្រទល់ខេត្តប៉ៃលិន គឺស្ថិតក្នុងតំបន់ព្រៃឆ្ងាយពីអ្នកភូមិដទៃ ហើយពេលឃើញជីវភាពរបស់គាត់លំបាក និងពិការ ផងនោះ ខ្ញុំក៏បានសម្រេចចិត្តនាំគាត់មករាជធានីភ្នំពេញជាបណ្តោះអាសន្ន ដើម្បីស្វែងរកការអាណិតអាសូរពីសប្បុរសជនសង្គ្រោះជីវភាពរបស់គាត់ឲ្យបានប្រសើរ»។

អតីតកីឡាករជើងខ្លាំង ឡោ សំណាង បានបន្ថែមថា៖«គាត់និយាយមិនចេញទេ គឺបានតែកាយវិកា និងសរសេរបានខ្លះ ព្រោះកាលពីឆ្នាំ២០០៦ ពេលគាត់បាត់ខ្លួនពីពិភពប្រដាល់នោះ គាត់មានបញ្ហាជាមួយប្រពន្ធគាត់ ហើយគាត់សម្រេចចិត្តធ្វើអត្តឃាតដោយអាបំពង់ក ប៉ុន្តែមិនស្លាប់ ដោយពេទ្យសង្គ្រោះទាន់ និងដាក់ឧបករណ៍ដកដង្ហើមតាមបំពង់ក រហូតមកដល់សព្វថ្ងៃនេះ»។

ជាមួយការវិលមកកាន់ភ្នំពេញ លើកនេះ ភិន សុផល ដែលត្រូវបានគេដកឈ្មោះចេញពីក្របខ័ណ្ឌកងរាជអាវុធហត្ថ ជាមួយ ឡោ សំណាង និង ជ័យ កុសល នោះ គឺរំពឹងថា នឹងមានសប្បុរសជនជិតឆ្ងាយ បានជួយដល់រូបគាត់ ដើម្បីគាត់អាចមានលទ្ធភាពជីកអណ្តូងស្នប់មួយ សម្រាប់ប្រើប្រាស់ និងអាចសាងសង់ខ្ទមមួយ គ្រាន់នឹងបានស្នាក់នៅឲ្យបានសមរម្យនឹងគេ។

ជុំវិញបញ្ហានេះ លោក ឡោ សំណាង បានបញ្ជាក់ថា៖«អ្វីដែលបង ភិន សុផល ចង់បាន នោះគឺអណ្តូងស្នប់មួយ សម្រាប់ប្រើប្រាស់ ជាមួយប្រជាពលរដ្ឋនៅម្តុំក្បែៗគ្នាចំនួន១១គ្រួសារ នៅក្នុងព្រៃនោះ ហើយគាត់ ចង់បានថវិកាបន្តិចបន្តួច ដើម្បីសង់ខ្ទមមួយគ្រាន់ស្នាក់នៅ ព្រោះគាត់មិនវិលមកភ្នំពេញវិញទេ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.