v9
V9BET

ក្រុមកីឡារាំកម្ពុជា ទទួលបាមេដាយមាសកម្រិតអាស៊ី កាន់តែច្រើន មុនទៅប្រកួតនៅស៊ីហ្គេម

3 weeks ago​ | ដោយ V-Dr

ក្រុមកីឡាករ កីឡាការិនីរាំរបស់កម្ពុជា បានបង្ហាញឲ្យឃើញកាន់តែច្បាស់ពីភាពរីកចម្រើន ក្នុងការឆ្ពោះទៅប្រជែងរកមេដាយ ក្នុងការប្រកួតស៊ីហ្គេម នៅហ្វីលីពីន ចុងឆ្នាំ២០១៩នេះ ខណៈពួកគេដណ្តើមបានមេដាយមាសរហូតដល់ ៨ ព្រមទាំងមេដាយប្រាក់៧ និង មេដាយសំរឹទ្ធ៦ ពីការប្រកួតកីឡារាំជើងឯកឯកអាស៊ី ADSF Asian Youth Single Dance Championship និង Hong Kong Open 2019 នៅទីក្រុងហុងកុង ប្រទេសចិននោះ។

ប្រតិភូកីឡារាំកម្ពុជា បាននាំយកជ័យជម្នះដ៏ធំធេងរបស់ខ្លួន មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីល្ងាចថ្ងៃអង្គារម្សិលមិញ ហើយថ្នាក់ដឹកនាំសហព័ន្ធកីឡារាំកម្ពុជា ដែលបានចូលរួមទទួលដោយផ្ទាល់ កាលពីម្សិលមិញនោះ បានចាត់ទុកការឈ្នះមេដាយយ៉ាងច្រើននេះ ថា ជាមោទនភាព ដែលកើតចេញពីការប្រឹងប្រែងរួមគ្នា។

លោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានកិត្តិយសរបស់សហព័ន្ធកីឡារាំកម្ពុជា បានថ្លែងថា៖ «សម្រាប់ការប្រកួតជើងឯកអាស៊ី នៅហុងកុងនេះ មាន១១ប្រទេសចូលរួម ដោយក្នុងនោះមានត្រឹម៤ប្រទេសប៉ុណ្ណោះ ដែលទទួលបានមេដាយមាស ហើយក្នុងនោះក៏មានកម្ពុជា ផងដែរ អ៊ីចឹងវាជាមោទនភាពខ្លាំងណាស់ ដែលប្អូនៗ និងក្មួយៗ បានប្រឹងប្រែងនាំយកមេដាយមាស ប្រាក់ និងសំរឹទ្ធ មកជូនមាតុប្រទេសរបស់ខ្លួន»។

លោក ជំទាវ បានបន្ថែមថា៖«កីឡារាំក្បាច់អន្តរជាតិនេះ កម្ពុជា មានការពិបាក ក្នុងការរកគ្រូមកបង្រៀន និងពិបាក ក្នុងការស្វែងរកអត្តពលិកជាបុរស ដោយយើងមានការខ្វះខាតមែនទែន។ ហេតុនេះ ការដណ្តើមបានមេដាយមាស៨ ប្រាក់៧ និងសំរឹទ្ធ៦ ពីការប្រកួតជើងឯកអាស៊ី លើកនេះ បានធ្វើឲ្យពួកខ្ញុំ ជាថ្នាក់ដឹកនាំ មានការរំភើបយ៉ាងខ្លាំង ហើយយើងទាំងអស់គ្នា មានការប្រឹងប្រែងណាស់ ព្រមទាំងបានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងអត្តពលិក ឲ្យបន្តខំប្រឹងប្រែង ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីយើងអាចឈានជើងទៅទទួលបានជោគជ័យ ក្នុងការប្រកួតស៊ីហ្គេម នៅហ្វីលីពីន ខាងមុខនេះ»។

សម្រាប់ការប្រកួត ADSF Asian Youth Single Dance Championship និង Hong Kong Open 2019 នៅទីក្រុងហុងកុង ប្រទេសចិន ដែលបានចាប់ផ្តើមពីថ្ងៃទី៧ និងបញ្ចប់នៅថ្ងៃទី១០ ខែវិច្ឆិកានេះ កីឡាករ ច័ន្ទ វិទ័រ និង កញ្ញា ព្រាប ដានីអែលឡា បានទទួល មេដាយមាស៣ គ្រឿង លើវិញ្ញាសារ រាំគូ ADSF Asain Hong Kong Open 5 Dances ( C, S, R, P, J ) 2 Dances ( Samba , Paso doble ) និង 3 dances ( Cha Cha Cha, Rumba, Jive)។

ចំណែកវិញាសាររាំគូ កីឡាករ ភុន ស៊ីវត្រា និងកីឡាការិនី សាន រ៉ូហ្សា បានទទួលមេដាយមាស១ លើវិញ្ញាសាររាំគូ ADSF Asian Hong Kong Open ( ចង្វាក់ Rumba ) មេដាយប្រាក់១ លើចង្វាក់ Samba មេដាយ សំរឹទ្ធ១ លើចង្វាក់ Paso doble ខណៈវិញ្ញាសាររាំឯកត្តជន ADSF Hong Kong Open កីឡាការិនី សាន រ៉ូហ្សា បានទទួលមេដាយមាស១ លើចង្វាក់ Rumba មេដាយសំរឹទ្ធ២ លើចង្វាក់ Cha cha Cha និង 3 Dances ( C. R. J)។

ជាមួយគ្នានេះ កីឡាការិនី យី អឺលីង បានទទួលមេដាយមាស២ លើវិញ្ញាសារ ADSF Asian Hong Kong Open លើចង្វាក់Rumba , Cha Cha Cha និងមេដាយប្រាក់ លើចង្វាក់ 3 Dances ( C. R. J)។ រីឯវិញ្ញាសាររាំឯកត្តជន កីឡាករ ជុំ លីហៀង បានទទួលមេដាយមាស១ លើចង្វាក់ 3Dances (Cha Cha Cha, Rumba, Jive) និង មេដាយប្រាក់ លើវិញ្ញាសារ 2Dances ( Samba, Paso Doble)។

យ៉ាងណាមិញ វិញ្ញាសាររាំឯកត្តជន កីឡាការិនី សុខ ចិន្តា បានទទួលមេដាយប្រាក់ លើចង្វាក់ Rumba ខណៈវិញ្ញាសាររាំគូ កីឡាការិនី ហ៊ាន លក្ស្មី និង សុខ ចិន្តា បានទទួល មេដាយសំរឹទ្ធ ហើយវិញ្ញាសាររាំឯកត្តជន កីឡាករ ភុន ស៊ីវុត្រា បានទទួលមេដាយប្រាក់១ លើចង្វាក់ Samba និងមេដាយសំរឹទ្ធ១ លើចង្វាក់ Paso doble។ ចំណែកវិញ្ញាសារាំឯកត្តជន កីឡាការិនី ឱ រក្សា បានទទួលមេដាយប្រាក់១ លើចង្វាក់ Rumba និងមេដាយសំរឹទ្ធ លើចង្វាក់ Paso doble៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.