v9
V9BET

ការប្រកួតកីឡារាំថ្នាក់ជាតិ ផ្តោតខ្លាំងលើការពង្រឹងសមត្ថភាព ត្រៀមឆ្ពោះទៅស៊ីហ្គេម

2 weeks ago​ | ដោយ V-Dr

ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ ដែលបានធ្វើឡើង នៅសាលដំបូលទូកនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីចុងសប្តាហ៍មុននេះ មានទិសដៅផ្តោតខ្លាំងទៅលើ ការផ្តល់ឱកាសឲ្យក្រុមយុវជន និងក្រុមជម្រើសជាតិ ត្រៀមលក្ខណៈសម្បត្តិឲ្យបានកាន់តែល្អ ដើម្បីឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន ចុងឆ្នាំ២០១៩នេះ និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានថ្លែងនៅក្នុងការប្រកួត កាលពីថ្ងៃសៅរ៍ថា៖ «គោលបំណងរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីផ្សព្វផ្សាយ និងបណ្តុះថ្នាល កុមារា កុមារី យុវជន និងយុវតី ដែលមានទេពកោសល្យ និងកីឡាករ កីឡាការិនីឲ្យមានការរីកចម្រើនផ្នែកគុណផល ដូចផែនការដែលសហព័ន្ធ បានរំពឹងទុក និងស្របតាមផែនការមេ ក្នុងការចូលរួមប្រកួតស៊ីហ្គេម នៅហ្វីលីពីន ចុងឆ្នាំ២០១៩នេះ និងត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣»។

អត្តពលិកចំនួន៣០នាក់ (បុរស៩នាក់) បានចូលរួមការប្រកួតកីឡារាំជ្រើសរើសថ្នាក់ជាតិ ឆ្នាំ២០១៩នេះ ហើយអ្នកទាំងនេះ ប្រកួតតំណាងឲ្យក្លិបចំនួន៥ រួមមានក្លិបចំប៉ីស ក្លិប New Trend ក្លិបពន្លកថ្មី ក្លិបសាលាវេសឡាញន៍ទី១ និងក្លិបសាលាវេសឡាញន៍ទី២។

បើទោះបីជាចំនួនអត្តពលិក បានចូលរួមការប្រកួតកីឡារាំថ្នាក់ជាតិ មានចំនួនតិច បើប្រៀបធៀបទៅនឹងការប្រកួតថ្នាក់ជាតិ លើប្រភេទកីឡាផ្សេងៗទៀត ប៉ុន្តែអ្នកទាំង៣០នាក់ បានប្រកួតប្រជែងគ្នាស្វិតស្វាញបំផុត ព្រោះពួកគេ ត្រូវប្រកួតគ្នារាំ ទៅលើវិញ្ញាសារហូត២២ ហើយជំនាញរាំងដ៏ល្វត់ល្វន់ និងស្វាហាប់របស់អ្នកទាំងនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីអ្នកទស្សនា។

លោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានសហព័ន្ធកីឡារាំកម្ពុជា បានថ្លែង នៅក្នុងការប្រកួត កាលពីថ្ងៃសៅរ៍នោះដែរថា៖«សហព័ន្ធ បានរៀបចំការប្រកួតនេះ ក្នុងគោលបំណងជ្រើសរើសអ្នកមានទេពកោសល្យ និងមានសមត្ថភពា ត្រៀមលក្ខណៈចូលរួមហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ និងត្រៀមការប្រកួតស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំ២០១៩នេះ»។

គួររំឭកថា ក្រុមកីឡារាំកម្ពុជា ទើបតែដណ្តើមបានមេដាយមាស១ និងមេដាយប្រាក់២ ពីការប្រកួតកម្រិតអាស៊ី ADSF Asain Adult Open Latin Dance 2019, ADSF Single Dance Cha Cha Cha និង Paso Doble នៅក្រុងតៃប៉ិ កាលពីពេលថ្មីៗនេះ ហើយសម្រាប់ការចេញទៅប្រកួតស៊ីហ្គេម នៅហ្វីលីពីន ខាងមុខនេះ អ្នកស្រី ហង្ស ស៊ីមន ជាអគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា ធ្លាប់បាននិយាយថា៖«យើងសង្ឃឹម និងជឿជាក់ខ្លាំងថា ការប្រកួតស៊ីហ្គេម នៅហ្វីលីពីន ខាងមុខនេះ យើងនឹងអាចដណ្តើមបានមេដាយមាស»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.