v9
V9BET

ការប្រកួតកង់ភ្នំ ជុំទី៤ នៅភ្នំប្រសិទ្ធ ជាតេស្តចុងក្រោយ សម្រាប់អត្តពលិក ត្រៀមទៅស៊ីហ្គេម នៅហ្វីលីពីន

2 weeks ago​ | ដោយ V-Dr

សហព័ន្ធខ្មែរកីឡាទោចក្រយាន បានចាត់ទុកការប្រកួតកង់ភ្នំ Cambodia MTB Series 2019 ជុំទី៤ ដែលនឹងត្រូវធ្វើនៅព្រឹកថ្ងៃអាទិត្យនេះ ថាជាពេលវេលាដ៏សំខាន់ចុងក្រោយ សម្រាប់កីឡាករជម្រើសជាតិ ហួត លយរស្មី និង តាំង សីហា ក្នុងការតេស្តសមត្ថភាព ក៏ដូចជាទទួលបានបទពិសោធបន្ថែម មុនពេលអ្នកទាំង២ ត្រូវទៅចូលរួមការប្រកួតកង់ភ្នំ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣០ ខេវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានប្រាប់ថា៖«ការប្រកួតជុំទី៤ នៅភ្នំប្រសិទ្ធនេះ មានឧសគ្គខ្លាំងជាងការប្រកួត៣ជុំកន្លងមក ព្រោះយើងត្រូវប្រកួតឆ្លងកាត់ផ្លូវបត់ប៉ែន មានជម្រាល និងទួល ដែលត្រូវឡើង គឺខ្ពស់ៗ ហើយក៏អាចនឹងមានភាពរអិលផងដែរ»។

យ៉ាងណាក៏ដោយអគ្គលេខាធិការសហព័ន្ធរូបនេះ បានបន្ថែមថា៖«ការប្រកួតឆ្លងកាត់ឧសគ្គច្រើនបែបនេះ វានឹងជួយឲ្យកីឡាករកង់ភ្នំរបស់យើងគឺ ហួត លយរស្មី និង តាំង សីហា ដែលត្រៀមទៅប្រកួតកង់ភ្នំ នៅស៊ីហ្គេម ខាងមុខនេះ បានសាកល្បងសមត្ថភាព និងបច្ចេកទេសរបស់ពួកគេ ជាមួយស្ថានភាពផ្លូវលំបាកបែបនេះ ព្រោះការប្រកួតកង់ភ្នំ នៅស៊ីហ្គេម ក៏មានស្ថានភាពផ្លូវលំបាកបែបនេះដែរ»។

លោក នូ ចំរើន បានបញ្ជាក់ថា៖«ការប្រកួតនេះ វាអាចជាជាពេលវេលាចុងក្រោយ ដែលកីឡាកររបស់យើង បានវាស់ស្ទង់នូវកម្រិតបច្ចេកទេស ចំពោះការខិតខំហ្វឹកហាត់របស់ពួកគេ ប៉ុន្មានខែមកនេះ អ៊ីចឹងយើងនឹងអាចដឹងតាមរយៈការប្រកួតនេះ ថាតើពួកគាត់ នៅខ្វះខាតកន្លែងណាទៀត ដែលយើងត្រូវបំពេញបន្ថែម មុននឹងពួកគាត់ទៅចូលរួមការប្រកួតស៊ីហ្គេម នៅហ្វីលីពីន ខាងមុខនេះ»។

តាមគណៈកម្មការរៀបចំការប្រកួតកង់ភ្នំនេះ បានឲ្យដឹងថា ការប្រកួតជុំទី៤ នៅភ្នំប្រសិទ្ធ នៅព្រឹកថ្ងៃអាទិត្យនេះ មានអត្តពលិកប្រមាណ១៥០នាក់ បានចុះឈ្មោះចូលរួមប្រកួត គឺប្រហាក់ប្រហែលគ្នា ទៅនឹងការប្រកួត ជុំទី៤នេះដូចគ្នា កាលពីឆ្នាំ២០១៨ដែរ ហើយអ្នកទាំងនេះ ត្រូវបានបែងចែកការប្រកួតទៅតាមប្រភេទអាយុ និងវិញ្ញាសាប្រកួតផ្សេងៗ ទៅតាមការកំណត់របស់សហព័ន្ធខ្មែរកីឡាទោចក្រយាន បានកំណត់៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.