v9
V9BET

ក្រសួងការពារជាតិ ដណ្តើមបានមេដាយមាសច្រើនជាងគេ ពីការប្រកួតអត្តពលកម្ម ប្រចាំឆ្នាំ២០១៩

3 weeks ago​ | ដោយ V-Dr

ក្រុមកីឡាករ កីឡាការិនីរបស់សមាគមកីឡាក្រសួងការពារជាតិ បានបង្ហាញភាពលេចធ្លោរខ្លាំងជាងគេ នៅក្នុងការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ ខណៈពួកគេដណ្តើមបានមេដាយមាសច្រើនជាងគេ ដើម្បីឈរនៅចំណាត់ថ្នាក់លេខ១នោះ។

សម្រាប់ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩នេះ មានអត្តពលិកចំនួន១៥៥នាក់ (ស្រី៦៣នាក់) បានចូលរួមប្រកួតតំណាងឲ្យក្លិប-សមាគមចំនួន១៤ មកពីទូទាំងរាជធានី-ខេត្ត ហើយអ្នកទាំង២នេះ ត្រូវប្រកួតប្រជែងគ្នា លើវិញ្ញាសាសរុបចំនួន២៦ គឺប្រភេទអាយុក្រោម១៨ឆ្នាំមាន១៤វិញ្ញាសា(ស្រី៧វិញ្ញាសា) និងប្រភេទអាយុ១៨ឆ្នាំឡើង មាន១២វិញ្ញាសា (ស្រី៦វិញ្ញាសា)។

តាមរយៈការប្រកួតប្រជែងគ្នាទាំងរត់ល្បឿន រត់ចម្ងាយ លោតកម្ពស់ លោតចម្ងាយ ចោលដុំដែក នៅពហុកីឡដ្ឋានជាតិ និងបានបញ្ចប់កាលពីល្ងាចថ្ងៃពុធ ម្សិលមិញនោះ សមាគមកីឡាក្រសួងការពារជាតិ បានឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងនាមជាអ្នកឈ្នះបានមេដាយមាសច្រើនជាងគេ គឺមានមេដាយមាស៦ ប្រាក់៣ និងមេដាយសំរឹទ្ធ២ ហើយតាមពីក្រោយដោយ រាជធានីភ្នំពេញ ដែលឈ្នះបានមេដាយមាស៤ ប្រាក់៥ និងសំរឹទ្ធ១។

ចំណែកក្រុមអត្តពលិកមកពីខេត្តកំពត បានឈរលេខ៣ ដោយដណ្តើមបានមេដាយមាស៣ ប្រាក់៦ និងសំរឹទ្ធ១ តាមពីក្រោយដោយខេត្តព្រៃវែង ដែលឈ្នះបានមេដាយមាស ៣ ប្រាក់៣ និងសំរឹទ្ធ៥ ខណៈខេត្តកំពង់ឆ្នាំង ដណ្តើមបានមេដាយមាស៣ ប្រាក់១ និងមេដាយសំរឹទ្ធ៤។

យ៉ាងណាក៏ដោយ លោក អ៊ុក ឌីវ៉ង់ អគ្គនាយករង អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន ដែលជាគណៈអធិបតីភាព ចូលរួមនៅក្នុងពិធបិទការប្រកួត កាលពីល្ងាចម្សិលមិញនោះ បានប្រាប់ទៅដល់ម្ចាស់ជយលាភី និងអ្នកមិនដណ្តើមបានមេដាយក្តី សូមឲ្យបន្តប្រឹងប្រែងហ្វឹកហាត់ ពង្រឹងសមត្ថភាពឲ្យកាន់តែបានល្អ ដើម្បីចូលរួមការប្រកួតស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ចុងឆ្នា២០១៩ និងការឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

លោក អ៊ុក ឌីវ៉ង់ បាននិយាយថា៖«ខ្ញុំសូមឲ្យកីឡាករ កីឡាការិនីអត្តពលកម្មទាំងអស់ ត្រូវបន្តខិតខំហ្វឹកហាត់ ក៏ដូចជាប្រឹងប្រែងឲ្យអស់ពីសមត្ថភាព នៅក្នុងការប្រកួតជាបន្តបន្ទាប់ទៀត ដើម្បីបង្កើនគុណភាពបច្ចេកទេស ត្រៀមខ្លួមចូលប្រកួតប្រជែងស៊ីហ្គេម នៅប្រទេសហ្វីលីពីន ចុងឆ្នាំ២០១៩ ព្រមទាំងត្រៀមខ្លួន ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.