v9
V9BET

ក្រសួងអប់រំ ប្រកាសជ្រើសរើសអត្តពលិក និងគ្រូបង្វឹក ទៅសិក្សាជំនាញកីឡាអត្តពលកម្មរយៈពេលវែង នៅអាល្លឺម៉ង់

3 weeks ago​ | ដោយ V-Dr

ក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងប្រកាសជ្រើសរើសកីឡាករ កីឡាការិនី គ្រូបង្វឹក និងគ្រូអប់រំកាយ ផ្នែកកីឡាអត្តពលិកកម្ម ដើម្បីទៅសិក្សាបន្ថែមលើជំនាញនេះ នៅសាកលវិទ្យាល័យ Mainz នៅប្រទេសអាល្លឺម៉ង់ ហើយការជ្រើសរើសនេះ ធ្វើឡើងក្រោយសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ផ្តល់អាហារូបករណ៍ដល់កម្ពុជា ដើម្បីសិក្សាជំនាញកីឡាអត្តពលកម្ម រយៈពេល១៣ខែ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា៖«សូមជូនដំណឹងដល់សាធារណជនទាំង២ភេទមេត្តាជ្រាប់ថា សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានផ្តល់អាហារូបករណ៍ សម្រាប់កីឡាករ កីឡាការិនី គ្រូបង្វឹក និងគ្រូអប់រំកាយ ផ្នែកកីឡាអត្តពលកម្ម ទៅសិក្សារយៈពេល១៣ខែ ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ នៅសាកលវិទ្យាល័យ Mainz»។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ដោយមានការចុះហត្ថលេខាពីលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា គឺភាគីអាល្លឺម៉ង់ នឹងរ៉ាប់រងការចំណាយលើទិដ្ឋការ អាហារ និងការស្នាក់នៅ សម្រាប់ការទៅសិក្សារយៈពេល១៣ខែ។ ប៉ុន្តែការចំណាយលើសំបុត្រយន្តហោះជាបន្ទុករបស់កីឡាករ គ្រូបង្វឹក និងគ្រូអប់រំកាយរបស់កម្ពុជា។

ចំពោះលក្ខណៈនៃការជ្រើសរើសវិញ គឺបេក្ខភាពទាំង២ភេទ ត្រូវមានសញ្ជាតិខ្មែរ មានអាយុមិនលើសពី៤០ឆ្នាំ ចេះភាសាអង់គ្លេស ឬភាសាអាល្លឺម៉ង់ ហើយជាកីឡាករ កីឡាការិនី គ្រូបង្វឹក និងគ្រូអប់រំកាយផ្នែកកីឡាអត្តពលកម្ម និងមានលិខិតទទួលស្គាល់ពីសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.