v9
V9BET

ការឈ្នះពានរបស់ក្រុមកំពង់សំណាញ់ ធ្វើឲ្យមានការចាប់អារម្មណ៍លើការបណ្តុះថ្នាលកីឡាប៉េតង់ នៅតាមខេត្ត

1 month ago​ | ដោយ V-Dr

ការទទួលទទួលបានតំណែងជើងឯក លើវិញ្ញាសា៣នាក់ទល់៣នាក់ផ្នែកយុវជន របស់ក្រុមកំពង់សំណាញ់ នៅក្នុងការប្រកួតកីឡាប៉េតង់ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១៩ ប្រចាំឆ្នាំ២០១៩ បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ពីអ្នកទស្សនា ផ្ទាល់ ពិសេសប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា។

ការភ្ញាក់ផ្អើលនេះ ក៏ព្រោះតែ ក្រុមយុវជនកំពង់សំណាញ់ ដែលមានមូលដ្ឋាននៅខេត្តកណ្តាលមួយនេះ បានយកឈ្នះក្រុមមជ្ឈមណ្ឌលកីឡាខ.ភ.ម ដែលសម្បូរទៅដោយកីឡាករថ្នាលជម្រើសជាតិ នៅវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសា៣នាក់ទល់៣នាក់ផ្នែកយុវជនដ៏មិនគួរឲ្យនឹកស្មានដល់។

លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានចាត់ទុកជ័យជម្នះរបស់ក្រុមកំពង់សំណាញ់ ថា ជាលទ្ធផលល្អ ដែលកើតចេញពីការបណ្តាក់ទុនរបស់សហព័ន្ធ ក្នុងការបណ្តុះបណ្តាលក្រុមយុវជន នៅតាមខេត្ត ហើយនៅក្នុងចំណោមអត្តពលិកជាង៣០០នាក់ មកពី៤២ក្លិប-សមាគម ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ពានរង្វាន់សម្តេចក្រឡាហោម ស ខេង នេះ ក៏មានក្រុមយុវជនច្រើនផងដែរ។

លោក ស សុខា បានថ្លែងប្រាប់ប្រព័ន្ធផ្សាយក្រោយការប្រកួតថា៖«ការកើនឡើងនៅចំនួនយុវជន ក្នុងការប្រកួតនេះ គឺវាស្ថិតនៅក្នុងគោលបំណង និងទិសដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដោយយើងបានផ្តល់ឱកាសច្រើនដល់យុវជន ជាពិសេសយុវជនថ្នាល ដែលយើងបានបណ្តុះបណ្តាលនៅតាមមន្ទីរ រាជធានី ខេត្ត»។

ប្រធានសហព័ន្ធ ដែលជាកូនប្រុសលោកឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រូបនេះ បានបញ្ជាក់ទៅលើជោគជ័យរបស់ក្រុមកំពង់សំណាញ់ថា៖«យើងឃើញហើយថា ការប្រកួត៣នាក់ទល់៣នាក់ផ្នែកយុវជន គឺយុវជនមកពីខេត្តកណ្តាល (ក្រុមកំពង់សំណាញ់) ដែលមានអាយុចន្លោះពី១៥ឆ្នាំ ទៅ១៦ឆ្នាំទេ ប៉ុន្តែពួកគាត់អាចយកឈ្នះក្រុមជម្រើសជាតិ អ៊ីចឹងមានន័យថា ផលដែលយើងបានបណ្តាក់ទុន កន្លងមកនេះ គឺយើងទទួលបានផលមួយ ដែលយើងគិតថា អាចទទួលយកបាន»។

ជាមួយគ្នានេះ លោក ស សុខា បានជំរុញឲ្យគ្រប់ភាគី ផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំង ក្នុងការបណ្តុះថ្នាក់ថ្នាលនៅតាមខេត្ត បន្ថែមទៅលើការបណ្តុះធនធាននៅភ្នំពេញ ដើម្បីឲ្យកម្ពុជា អាចសម្រិតសម្រាំងបានអត្តពលិកវ័យក្មេងមានទេពកោសល្យ និងសមត្ថភាព សម្រាប់ត្រៀមការប្រកួតនៅស៊ីហ្គេម។

លោក ស សុខា បានបញ្ជាក់ថា៖«ពិតមែនតែពួកគាត់នៅក្មេងខ្ចី ដែលកំពុងបង្វឹកហាត់បន្ថែម តែយើងត្រូវតែបន្ត និងពង្រឹង គឺធ្វើម៉េចផ្តល់ភាពកក់ក្តៅជូនពួកគាត់ អ៊ីចឹងក្នុងខ្ញុំ ជាប្រធានសហព័ន្ធ និងពូៗ បងៗ ជាថ្នាក់ដឹកនាំផ្សេងទៀត សូមចូលរួមជួយជំរុញ គឺមិនមែនតែនៅភ្នំពេញនោះទេ ប៉ុន្តែត្រូវមាននៅតាមបណ្តាខេត្តផ្សេងៗ ធ្វើម៉េចឲ្យគាត់មានគុណភាពល្អ ដើម្បីចម្រាស់បានយុវជនល្អៗ សម្រាប់ត្រៀមទាំងការប្រកួតស៊ីហ្គេម ឆ្នាំ២០១៩នេះ ព្រមទាំងស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា»។

ដោយឡែកសម្រាប់ការប្រកួតពានធំ ៣នាក់ទល់៣នាក់ ក្រុមក្រសួងការពារជាតិ របស់ម្ចាស់មេដាយមាសពិភពលោក សុខ ច័ន្ទមាន បានយកឈ្នះក្រុមសមាគមកីឡាប៉េតង់ខេត្តតាកែវ ដើម្បីគ្រងតំណែងជើងឯក ខណៈលេខ៣បានទៅក្រុមសេនារាជសីហ៍។ រីឯការប្រកួត២នាក់ទល់២នាក់ផ្នែកយុវនារី ក្រុមមជ្ឈមណ្ឌល ខ.ភ.ម បានយកឈ្នះក្រុមក្រសួងការពារជាតិ ដើម្បីទទួលបានលេខ១ ខណៈលេខ៣បានទៅក្រុមទីស្តីការគណៈរដ្ឋមន្រ្តី។

ចំណែកការប្រកួត៣នាក់ទល់៣នាក់ផ្នែកនារី ក្រុមទីស្តីការគណៈរដ្ឋមន្រ្តី បានលេខ១ ក្រោយឈ្នះក្រុមយោធភូមិភាគពិសេស ហើយលេខ៣បានទៅក្រុមក្រសួងការពារជាតិ។ ចំពោះការប្រកួត៣នាក់ទល់៣នាក់វ័យចាស់ ក្រុមសាលាខេត្តស្វាយរៀង បានយកឈ្នះក្រុមទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីគ្រង់ជើងឯក ខណៈក្រុមដំរីជាន់ខ្លាំខេត្តកំពង់ធំ បានលេខ៣៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.