v9
V9BET

ក្រុមហ្វុតសាលកម្ពុជា ធ្លាក់ចេញពីការប្រកួត AFF Futsal ដោយរកបានត្រឹម ១ពិន្ទុ

4 weeks ago​ | ដោយ V-Dr

ចំណែកក្រុមជម្រើសជាតិហ្វុតសាលកម្ពុជា មិនអាចប្រើប្រាស់បទពិសោធលេងដ៏ក្មេងខ្ចីរបស់ខ្លួន ក្នុងការស្វែងរកលទ្ធផលល្អជូនជាតិ ពីការប្រកួតជម្រើសជើងឯកបាល់ទាត់ក្នុងសាលក្របខ័ណ្ឌអាស៊ាន (AFF Futsal Championship 2019) នៅប្រទេសវៀតណាម បាននោះទេ គឺពួកគេបានធ្លាក់ចេញពីការប្រកួតនេះ ដោយរកបានត្រឹម១ពិន្ទុ ជាមួយការស្មើ១ និងចាញ់២ប្រកួត។

បើទោះបីជា ក្រុមហ្វុតសាលកម្ពុជា បានទៅបោះជំរុំហ្វឹកហាត់រយៈពេល១សប្តាហ៍ នៅទីក្រុងបាងកក ប្រទេសថៃ ព្រមទាំងមានការប្រកួតដកស្រង់បច្ចេកទេសជាមួយក្រុមលីកហ្វុតសាលថៃ ចំនួន៣លើក ប៉ុន្តែអ្វីដែលពួកគេទទួលបានពីការបោះជំរុំនោះ មិនអាចជួយឲ្យពួកគេ ឲ្យទទួលបានលទ្ធផលល្អ សម្រាប់ការប្រកួត AFF Futsal Championship 2019 នោះប្រទេសវៀតណាម នោះឡើយ។

សម្រាប់ការប្រកួតជម្រុះទាំង៣លើក នៅក្នុងពូលAនោះ ក្រុមហ្វុតសាលកម្ពុជា បានបើកឆាកជាមួយការចាញ់ក្រុមហ្វុតសាលជម្រើសជាតិថៃ យ៉ាងជូរចត់បំផុត គឺ ១២-០ កាលពីថ្ងៃចន្ទ ហើយជួបក្រុមហ្វុតសាលមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារ ក៏ក្រុមកម្ពុជា បានចាញ់ធ្ងន់កផងដែរ គឺ ១៣-៣។

យ៉ាងណាមិញ សម្រាប់ការប្រកួតបង្រ្គប់កិច្ចលើកចុងក្រោយ ជាមួយក្រុមហ្វុតសាលទីម័រខាងកើត កាលថ្ងៃពុធម្សិលមិញ ក្រុមរបស់លោក ផាន សុផានណារ៉ា គួរណាស់ទទួលបានជ័យជម្នះ ខណៈពួកគេ បាននាំមុខ ៣-១ ក្នុងតង់ទី១នោះ ប៉ុន្តែការធ្លាក់ចុះនូវទម្រង់លេង ក្នុងតង់ទី២ បានធ្វើឲ្យក្រុមទីម័រ វាយបកតាមស្មើ នៅចុងម៉ោង ៤-៤ ដ៏គួរឲ្យសោកស្តាយបំផុត ធ្វើឲ្យក្រុមទាំង២នេះ បានធ្លាក់ចេញពីការប្រកួត ដោយមាន១ពិន្ទុ ជាមួយការចាញ់២ និងស្មើ១ប្រកួតដូចគ្នា។

ផ្ទុយពីនេះ ក្រុមហ្វុតសាលជម្រើសជាតិថៃ បានបន្តយកឈ្នះក្រុមហ្វុតសាលមីយ៉ាន់ម៉ា ៩-០ ក្នុងការប្រកួតលើកទី៣ កាលពីថ្ងៃពុធនោះដែរ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ១ ប្រចាំពូលAនេះ ដោយមាន៩ពិន្ទុពេញ រីឯក្រុមមីយ៉ាន់ម៉ា បានទទួលចំណាត់ថ្នាក់លេខ២ ដោយឈ្នះ២ និងចាញ់១ប្រកួត ហើយក្រុមទាំង២នេះ ជាបេក្ខភាពត្រូវឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ តំណាងឲ្យពូលA។

ដោយឡែកក្រុមហ្វុតសាលឥណ្ឌូនេស៊ី បានលត់ក្រុមហ្វុតសាលអូស្រ្តាលី ៨-៣ សម្រាប់ការប្រកួតលើកទី៣ចុងក្រោយ កាលពីយប់ថ្ងៃពុធ ម្សិលមិញ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ១ប្រចាំពូលB ដោយមាន៧ពិន្ទុ ជាមួយការឈ្នះ២ និងស្មើ១ប្រកួត ខណៈក្រុមម្ចាស់ផ្ទះវៀតណាម បានយកឈ្នះក្រុមម៉ាឡេស៊ី ៤-២ ដើម្បីឈរនៅលេខ២ ដោយមាន៧ពិន្ទុ ជាមួយការឈ្នះ២ និងស្មើ១ប្រកួតដែរ។

យោងតាមលទ្ធផលនេះ ក្រុមហ្វុតសាលជម្រើសជាតិឥណ្ឌូនេស៊ី ត្រូវជួបក្រុមហ្វុតសាលជម្រើសជាតិមីយ៉ាន់ម៉ា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃទី១៥ ខែតុលា វេលាម៉ោង ១៦:៣០ ហើយក្រុមម្ចាស់ផ្ទះវៀតណាម ត្រូវប្រឈមជាមួយក្រុមថៃ នាយប់ម៉ោង ១៩:០០ ក្នុងថ្ងៃជាមួយគ្នានោះដែរ ដើម្បីរកក្រុមឈ្នះ ឡើងទៅជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រ ដែលនឹងត្រូវធ្វើនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.