v9
V9BET

ក្រុមកាយសម្ព័ន្ធកម្ពុជា ចាប់ប្រកួតនៅកូរ៉េ ថ្ងៃនេះ ដើម្បីពង្រឹងសមត្ថភាព ត្រៀមស៊ីហ្គេម

1 month ago​ | ដោយ V-Dr

ក្រុមអត្តពលិកកាយសម្ព័ន្ធកម្ពុជាចំនួន១០នាក់ (ស្រី៥នាក់) បាននឹងកំពុងធ្វើការប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ Korea Open និង Pre-Sea Games 2019 នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដែលបានចាប់ផ្តើម នៅថ្ងៃព្រហស្បតិ៍នេះ នឹងបញ្ចប់នៅថ្ងៃសុក្រស្អែកនេះ។

នៅមុនការប្រកួតប្រជែង នៅថ្ងៃនេះ ក្រុមអត្តពលិកកាយសម្ព័ន្ធទាំង១០នាក់នេះ ក៏បានហ្វឹកហាត់ និងប្រកួតសម នៅទីនោះបាន២ថ្ងៃផងដែរ ព្រោះប្រតិភូកីឡាកាយសម្ព័ន្ធកម្ពុជា ដែលដឹកនាំដោយលោក ណយ ផាណា មួយក្រុមនេះ បានចាកចេញពីមាតុប្រទេស តាំងពីយប់ថ្ងៃចន្ទមកម្ល៉េះ។

លោក ណយ ផាណា ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ផងនោះ បានចាត់ទុកការប្រកួតនៅកូរ៉េនេះថា នឹងជួយឲ្យក្រុមអត្តពលិករបស់លោក ទទួលបានបទពិសោធថ្មីៗ សម្រាប់យកមកពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីត្រៀមការប្រកួតស៊ីហ្គេម ព្រោះលោកបានធ្វើការប្រៀបធៀបថា ការហ្វឹកហាត់ ដែលគ្មានការប្រកួត នៅក្រៅប្រទេស គឺវាដូចគ្នាទៅនឹងមាន់ជល់ ដែលគេបានត្រឹមក្រុងទុក សម្រួចតែខ្នាយ។

លោក ណយ ផាណា បានថ្លែង នៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃចន្ទនោះថា៖«អ្វីដែលយើងរំពឹងទទួលបានពីការប្រកួតនេះ គឺជាបទពិសោធមួយ ដើម្បីជួយពង្រឹងសមត្ថភាពដល់អត្តពលិករបស់យើង សម្រាប់ត្រៀមចូលរួមប្រកួតនៅលើឆាកអន្តរជាតិ»។

គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាកាយសម្ព័ន្ធកម្ពុជា លោក ណយ ផាណា បានបន្ថែម៖«មាន់ជល់ បើយើងចិញ្ចឹមហើយ គ្រាន់តែក្រុងទុក សម្រួចតែខ្នាយ ហើយយកទៅជល់ មិនឈ្នះគេនោះទេ គឺគ្រាន់តែប្រលែងចូលទីលាន ទម្លាក់ស្លាបសុំចុះចាញ់បាត់ទៅហើយ។ កីឡាក៏ដូចគ្នា បើកីឡាករគ្រាន់តែហាត់ៗៗ ហាត់រហូតដល់ចាស់ ហើយគ្មានការប្រកួតអន្តរជាតិ ក៏មិនអាចធ្វើអ្វីបានដែរ»។

ក្រុមអត្តពលិកកាយសម្ព័ន្ធកម្ពុជាទាំង១០នាក់ គឺត្រូវបានបែងចែកឲ្យមានការប្រកួតទៅតាមប្រភេទអាយុរបស់ពួកគេ គឺមានប្រកួតក្រុមអាយុ១៨ឆ្នាំឡើង ក្រុមអាយុក្រោម១៧ឆ្នាំ និងក្រុមអាយុក្រោម១៥ឆ្នាំ គឺមានន័យថា ការចេញទៅប្រកួតនៅកូរ៉េ លើកនេះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដែលទទួលបានការឧបត្ថម្ភពី CAMSOC គឺបានបញ្ជូនទាំង ក្រុមអត្តពលិក ត្រូវត្រៀមប្រកួតស៊ីហ្គេម នៅហ្វីលីពីន ឆ្នាំ២០១៩នេះ ព្រមទាំងក្រុមយុវជន ត្រៀមទៅប្រកួតស៊ីហ្គេម នៅឆ្នាំ២០២១ និងស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ។

លោក ណយ ផាណា បានបញ្ជាក់ថា៖ «ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ គឺនេះជាលើកទី១ហើយ ដែលយើងបានបញ្ជូនក្រុមអត្តពលិក ជាលក្ខណៈទ្រុងទ្រាយធំ ទៅប្រកួតនៅលើឆាកអន្តរជាតិ ហើយនេះជាការប្រកួតប្រជែងយ៉ាងល្អ សម្រាប់ត្រៀមការប្រកួតស៊ីហ្គេម នៅឆ្នាំចុង២០១៩ផង ហើយក្រុមយុវជនអាយុក្រោម១៧ឆ្នាំ និងក្រោម១៥ឆ្នាំ ក៏ទទួលបានប្រយោជន៍ពីការប្រកួតនេះ សម្រាប់ពង្រឹងសមត្ថភាពរបស់ពួកគេបន្ថែម ត្រៀមឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២១ និងស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.