Man United នឹងអវត្តមាន Pogba និង De Gea សម្រាប់ការប៉ះ Liverpool

6 months ago​ | ដោយ V-Dr

ក្តីសង្ឃឹមរបស់ក្រុម Manchester United ក្នុងការបង្កើតការភ្ញាក់ផ្អើលក្នុងពេលប្រកួតជាមួយនឹងក្រុម Liverpool ដែលកំពុងតែនាំមុខលើកំពូលតារាង Premier League កាលពីថ្ងៃអាទិត្យ បានរងនូវការខកចិត្តដ៏ធំមួយ ខណៈដែលអ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer បានប្រកាសថា ទាំងខ្សែបម្រើ Paul Pogba និងអ្នកចាំទី David de Gea នឹងអវត្តមានក្នុងការប្រកួតនៅកីឡដ្ឋាន Old Trafford ដោយសារតែរបួស។

De Gea បានអវត្តមានដោយសារតែបញ្ហារបួសសាច់ដុំ អំឡុងពេលក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុមជម្រើសជាតិស៊ុយអែត ក្នុងការប្រកួតជម្រុះ សម្រាប់យុទ្ធនាការ Euro ឆ្នាំ២០២០ កាលពីថ្ងៃអង្គារ និងត្រូវបានរំពឹងទុកថា នឹងអវត្តមាន៣ ទៅ៤សប្តាហ៍។ លោក Solskjaer បានប្រាប់បណ្តាញសារព័ត៌មាន Sky Sports ថា៖ «David ត្រូវការការត្រួតពិនិត្យ។ ខ្ញុំគិតថា រូបគេនឹងអវត្តមាន»។

Pogba បានអវត្តមានសម្រាប់ក្រុមជម្រើសជាតិបារាំង ក្នុងពេលបំពេញការតព្វកិច្ចអន្តរជាតិ ដោយសារតែត្រូវសម្រាកព្យាបាលបញ្ហាកជើង ដែលធ្វើឲ្យរូបគេចូលលេងក្នុងជម្រើសដំបូងបានត្រឹមតែ១ប្រកួតគត់ក្នុងក្របខ័ណ្ឌ Premier League បើគិតចាប់តាំងពីខែសីហា។ សមាជិកឈ្នះពាន World Cup រូបនេះ បានលេងរយៈពេល៩០នាទីក្នុងពេលប្រកួតជាមួយនឹងក្រុម Rochdale ក្នុងពាន League Cup និងជាមួយក្រុម Arsenal កាលពីខែមុន ប៉ុន្តែ បានអវត្តមានក្នុងពេលក្រុម Man United បានរងបរាជ័យនៅលើទឹកដីក្រុម Newcastle នៅមុនពេលសម្រាកសម្រាប់ការប្រកួតអន្តរជាតិ។ លោក Solskjaer បានបន្ថែមទៀតថា៖ «រូបគេបានវិលមកវិញ និងបានលេងការប្រកួត២លើក ពោលគឺប្រហែលជាលេងទាំងមានរបួស»៕

កែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.