v9
V9BET

គ្រូបង្វឹកអាហ្សង់ទីនថា គ្រប់ក្រុម ដែលកម្ពុជា ត្រូវប៉ះនៅស៊ីហ្គេម សុទ្ធតែជាក្រុមខ្លាំង

1 month ago​ | ដោយ V-Dr

គ្រូបង្វឹកជនជាតិអាហ្សង់ទីន លោក Felix Dalmas មិនបានគិតថា ការឈរនៅពូល A ជាមួយក្រុមម្ចាស់ផ្ទះហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងទីម័រខាងកើត វាជាឱកាសដ៏ល្អសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ក្នុងការស្វែងរកឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាលើកដំបូង សម្រាប់ការប្រកួតវិញ្ញាសាបាល់ទាត់បុរស ក្នុងស៊ីហ្គេម លើកទី៣០ នាចុងឆ្នាំ២០១៩នេះឡើយ។

គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Felix Dalmas ទទួលស្គាល់ថា លើកនេះ កម្ពុជាចាប់ឆ្នោតប៉ះពូលល្អ ប៉ុន្តែមិនមែនមានន័យថា ក្រុមឈរនៅពូលនេះ មានសមត្ថភាពលេងខ្សោយនោះទេ។ លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ «និយាយដោយស្មោះត្រង់ទៅ សម្រាប់ស៊ីហ្គេមលើកនេះ ប្រហែលជាលើកទី១ហើយ ដែលយើងចាប់ឆ្នោតចំពូលល្អ ប៉ុន្តែខ្ញុំមិនមែនចង់សំដៅទៅលើក្រុមទេ តែខ្ញុំចង់និយាយសំដៅថា យើងឈរនៅក្នុងពូល ដែលមានចំនួនក្រុមតិច»។

លោក Felix មិនបានគិតថា ក្រុមម្ចាស់ផ្ទះហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងទីម័រខាងកើត ជាក្រុមខ្សោយនោះទេ។ លោកបានបន្ថែមថា៖ «សូមកុំយល់ច្រឡំថា យើងនឹងឈរនៅទីណាឲ្យប្រាកដ? ព្រោះគ្រប់ក្រុមទាំងអស់ ពិតជាមានកីឡាករល្អៗ និងជាក្រុមដែលខ្លាំង គឺទាំង មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, ទីម័រខាងកើត, ហ្វីលីពីន សុទ្ធតែជាក្រុមខ្លាំង តែយើងនឹងព្យាយាមធ្វើឲ្យបានល្អដូចគ្នា»។

បន្ថែមលើនេះ លោក Felix ក៏បង្ហាញកង្វល់ចំពោះការខ្វះបទពិសោធលេង នៅក្រៅទឹកទីដី ឬក្រៅប្រទេសផងដែរ។ លោកបានបញ្ជាក់ថា៖ «ប្រាកដណាស់ យើងពិតជាពិបាកសម្រាប់ការលេងក្រៅដី ព្រោះកីឡាករយើងមិនសូវស៊ាំ ឬទម្លាប់ការលេង នៅក្រៅដីប៉ុន្មានទេ។ ក្រុមយើង ជាក្រុមដែលក្មេងខ្ចី ប៉ុន្តែយើងក៏បានត្រៀមរួចរាល់ សម្រាប់ការប្រកួតស៊ីហ្គេម លើកនេះផងដែរ»។

យ៉ាងណាក៏ដោយ សម្រាប់អ្នកគាំទ្រវិស័យបាល់ទាត់នៅកម្ពុជា បានសម្តែងការអបអរ និងសង្ឃឹមថា ការឈរនៅក្នុងពូលA វាជាឱកាសដ៏ល្អសម្រាប់ក្រុមកម្ពុជា ក្នុងការស្វែងរកឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាលើកដំបូង ព្រោះក្រុមទាំង៤ឈរនៅពូលនេះ មានកម្រិតលេងប្រហាក់ប្រហែលកម្ពុជាដែរទេ ខណៈពូលB ត្រូវបានគេចាត់ទុកថា ជាពូលមរណៈ ដោយសារប្រជុំទៅដោយក្រុមខ្លាំង មានក្រុមម្ចាស់ជើងឯកច្រើនជំនាន់ថៃ ឥណ្ឌូនេស៊ី វៀតណាម ឡាវ សិង្ហបុរី និងព្រុយណេ។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតស៊ីហ្គេម នៅហ្វីលីពីន ដែលនឹងត្រូវធ្វើឡើងពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ គឺវិញ្ញាសាបាល់ទាត់បុរស គេតម្រូវឲ្យប្រើប្រាស់កីឡាករ ដែលមានអាយុក្រោម២២ឆ្នាំ (U22) និងអនុញ្ញាតឲ្យមានកីឡាករលើសអាយុចំនួន២នាក់ចូលរួមដែរ ហើយវិញ្ញាសាមួយនេះ ត្រូវធ្វើការប្រកួតមុនពិធីបើកស៊ីហ្គេម គឺពីថ្ងៃទី២៥ ខែវិច្ឆិកា នឹងបញ្ចប់នៅថ្ងៃទី១០ ខែធ្នូ៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.