v9
V9BET

កីឡាទូកក្តោងកម្ពុជា បានឈ្នះមេដាយពីការប្រកួតជើងឯកអាស៊ី ជាលើកដំបូង

1 month ago​ | ដោយ V-Dr

កីឡាករទូកក្តោង កែវ ភារុណ បានក្លាយជាបេក្ខភាពដំបូងគេ ដែលបានជួយបង្កើតកំណត់ត្រាឲ្យប្រភេទកីឡាទូកក្តោងកម្ពុជា ឈ្នះបានមេដាយកម្រិតអាស៊ី ជាលើកដំបូង បន្ទាប់ពីរូបគេបានដណ្តើមបានមេដាយសំរឹទ្ធ នៅក្នុងការប្រកួតជើងឯកអាស៊ី ASAF Asian Windsurfing 2019នោះ។

សម្រាប់ការប្រកួត ASAF Asian Windsurfing 2019 ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងយ៉ាងជៀង ខេត្តក្វាងទុង ប្រទេសចិន កន្លងមកនេះ កីឡាករ កែវ ភារុណ បានឈ្នះមេដាយសំរឹទ្ធ នៅលើវិញ្ញាសា Windsurfing Gilde Youth Boy Under 19។

ប៉ុន្តែកីឡាករ សូត្រ មេសា ដែលប្រកួតលើវិញ្ញាសា Windsurfing RS:X Men និង កីឡាករ ប៉ាល់ សីលា ដែលប្រកួតលើវិញ្ញាសា Windsurfing Gilde Youth Boy Under 19 មិនដណ្តើមបានមេដាយទេ ដោយក្នុងនោះ សូត្រ មេសា ទទួលបានចំណាត់ថ្នាក់លេខ១៩ ក្នុងចំណោមអ្នកចូលរួម២២នាក់ ហើយ ប៉ាល់ សីលា ទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងចំណោកីឡា៥នាក់។

ការឈ្នះមេដាយសំរឹទ្ធ របស់កីឡាករអាយុ១៥ឆ្នាំ កែវ ភារុណ ពីការប្រកួតជើងឯកអាស៊ី លើកនេះ គឺបន្ទាប់ពីរូបគេ និងមិត្តរួមក្រុម សូត្រ មេសា និង ប៉ាល់ សីលា បានហ្វឹកហាត់នៅទីនោះអស់រយៈពេល១ខែ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជម្រើសជាតិលោក សោម សុទ្ធរិទ្ធិពង្ស។

សហព័ន្ធកីឡាទូកក្តោងកម្ពុជា ដែលមានលោក ថាង ហ្គោដុន ជាប្រធាននោះ បានចាត់ទុកការឈ្នះបានមេដាយសំរឹទ្ធនេះ ថា ជាជោគជ័យ និងលទ្ធផលដ៏ប្រសើរមួយ ព្រោះនេះជាមេដាយសំរឹទ្ធ លើកដំបូង ដែលពួកគេដណ្តើមបានពីការប្រកួតកម្រិតអាស៊ី។

យ៉ាងណាក៏ដោយ គោលបំណងធំ ក្នុងការបញ្ជូនអត្តពលិកទាំង៣នាក់ និងគ្រូបង្វឹក១នាក់ ទៅហ្វឹកហាត់នៅប្រទេសចិនលើកនេះ គឺការធ្វើយ៉ាងម៉េចឲ្យមានភាពប្រសើរឡើង ទៅលើគុណភាព និងសមត្ថភាពរបស់កីឡាករ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងស៊ីហ្គេម នៅប្រទេសហ្វីលីពីន នាចុងខែវិច្ឆិកា និងដើមខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។

តាមគម្រោង កីឡាករទូកក្តោងកម្ពុជា កែវ ភារុណ, សូត្រ មេសា និង ប៉ាល់ សីលា នឹងបន្តហ្វឹកហាត់នៅប្រទេសចិន រហូតដល់ថ្ងៃប្រកួតស៊ីហ្គេម នៅហ្វីលីពីន តែម្តង ហើយលោកសោម សុទ្ធរិទ្ធិពង្ស ធ្លាប់បានប្រាប់ថា នៅក្នុងចំណោមកីឡាករទាំង៣នាក់នេះ គឺនឹងត្រូវជ្រើសរើសយក២នាក់ សម្រាប់ឲ្យចូលរួមការប្រកួតលើវិញ្ញាសាទូកក្តោង Windsurfing នៅស៊ីហ្គេម លើកនេះ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.